ភ្នែកចាញ់ពន្លឺធ្វើឱ្យយើងបើកភ្នែកព្រឹមៗ ឬបិទភ្នែកនៅពេលចាំងនឹងពន្លឺ ឬមើលចំពន្លឺដូចជា ពន្លឺថ្ងៃ ភ្លើង ភ្លើងហ្វារថយន្ត ឬម៉ូតូជាដើម ហើយអាចធ្វើឱ្យយើងឈឺភ្នែក ស្រវាំងភ្នែក ហៀរទឹកភ្នែក និងឈឺក្បាលទៀតផង។ យើងគួរធ្វើបែបម៉េចដើម្បីកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ?
យើងអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកុំឱ្យភ្នែកយើងចាញ់ពន្លឺពេក៖
១. ពាក់វ៉ែនតាការពារពន្លឺ
វេជ្ជបណ្ឌិត Bradley Katz ឯកទេសសរសៃប្រសាទ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Utah បានលើកឡើងថា មិនមែនពន្លឺទេដែលធ្វើឱ្យភ្នែករបស់យើងចាញ់ពន្លឺ ប៉ុន្តែជាពណ៌ដែលមាននៅក្នុងពន្លឺ បង្កឲ្យមានបញ្ហានេះ។
តាមការស្រាវជ្រាវបានឱ្យដឹងថា រលកពន្លឺពណ៌ខៀវនៅក្នុងពន្លឺអាចធ្វើឱ្យភ្នែករបស់យើងឈឺចាប់។ ការពាក់វ៉ែនតាការពារពន្លឺអាចរារាំងរលកពន្លឺពណ៌ខៀវពីពន្លឺព្រះអាទិត្យ កុំព្យូទ័រ ឬទូរទស្សន៍ជាដើម មិនឱ្យចាំងចូលភ្នែករបស់យើង។
២. បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច
យើងគួរបន្ថយពន្លឺគ្រឿងអេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរទស្សន៍ ឬទូរស័ព្ទដើម្បីកុំឱ្យពន្លឺចាំងភ្នែកពេក។
៣. ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស
យើងគួរប្តូរអំពូលទូបណេអុងពណ៌សដោយប្រើអំពូលពងមាន់ ឬអំពូល LED ពណ៌ស្រទន់ (ពណ៌ថ្ងៃ) វិញ ព្រោះអំពូលភ្លើងទាំងពីរមិនមានពន្លឺភ្លឺខ្លាំងពេកដែលមិនធ្វើឱ្យយើងចាំងភ្នែក។
៤. ពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃ
ពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរពាក់មួក និងពាក់វ៉ែនតាការពារពន្លឺថ្ងៃដើម្បីការពារភ្នែកយើងពីការត្រូវពន្លឺព្រះអាទិត្យ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
៥. កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់
ការពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់រយៈពេលយូរអាចធ្វើឱ្យភ្នែករបស់យើងសុំានឹងភាពងងឹតដែលនឹងបណ្តាលឱ្យអាការៈភ្នែកចាញ់ពន្លឺរបស់យើងកាន់តែធ្ងន់ធ្ងរ។
៦. ញុំាបន្លែស្លឹកបៃតងចាស់
តាមការសិក្សាបានឱ្យដឹងថា បន្លែស្លឹកបៃតងចាស់ដូចជាស្ពៃពួយឡេង ខាត់ណា និងស្លឹកផ្ទី ជាដើមមានផ្ទុកសារធាតុ carotenoids, zeaxanthin, និង lutein ដែលអាចជួយកាត់បន្ថយអាការៈភ្នែកចាញ់ពន្លឺ ជួយឱ្យភ្នែកយើងមានសុខភាពល្អ និងកាត់បន្ថយហានិភ័យកើតជំងឺភ្នែកឡើងបាយ។
៧. ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី
សារធាតុបង្កអាលែកហ្ស៊ីដូចជា លម្អងផ្កា និងរោមសត្វជាដើមអាចធ្វើឱ្យយើងអាលែកហ្ស៊ីដែលបង្កឱ្យយើងហៀរទឹកភ្នែក រមាស់ភ្នែក និងធ្វើឱ្យភ្នែកយើងចាញ់ពន្លឺដែរ។
[embed-health-tool-bmi]
៨. អនុវត្តតិចនិចការពារភ្នែក ២០/២០/២០
ការសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទយូរបូករូមនឹងពន្លឺពណ៌ខៀវដែលចេញពីអេក្រង់អាចធ្វើឱ្យភ្នែកយើងងាយចាញ់ពន្លឺ ចុករួយ ស្ងួត និងហៀរទឹកភ្នែក។
យើងមិនអាចចៀសប្រើកុំព្យូទ័រ ឬទូរស័ព្ទបានទេ យើងអាចការពារភ្នែកយើងដោយអនុវត្តតិចនិច ២០/២០/២០ ដែលណែនាំដោយបណ្ឌិតសភាភ្នែកអាមេរិក (AAO) បាន។
យើងអាចអនុវត្តតិចនិចនេះដោយរាល់ពេលមើលអេក្រង់បាន ២០ នាទី យើងត្រូវសម្រាកភ្នែក ២០ វិនាទីដោយសម្លឹងមើលអ្វីផ្សេងទៀតដែលនៅចម្ងាយ ៦ម៉ែត្រ។
ដើម្បីកុំឱ្យភ្នែកចាញ់ពន្លឺ យើងក៏គួរចៀសវាងមើលចំពន្លឺដែលចាំងៗដូចជា ពន្លឺព្រះអាទិត្យ ពន្លឺភ្លើង ឬភ្លើងហ្វារថយន្ត ឬម៉ូតូជាដើមដែរ។
អត្ថបទគួរអាន៖
- មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
- ជួបបញ្ហាបែងចែកពណ៌មិនដាច់ អាចមានជំងឺខ្វាក់ពណ៌
- រមាស់ភ្នែក ក្រហមភ្នែក ជាអាលែកហ្ស៊ី ឬឈឺភ្នែក?
- បើមានអាការៈក្ដៅផ្សាក្នុងភ្នែក គួរដោះស្រាយបែបណា?
- ប្រយ័ត្ន! ភ្នែកឡើងបាយ មកពីមូលហេតុប៉ុន្មាននេះ ហើយអាចធ្វើឲ្យងងឹត
- ជំងឺរលាកត្របកភ្នែកបង្កឡើងដោយសារអ្វី? គ្រោះថ្នាក់អត់?
ចំណុចសំខាន់
- ពាក់វ៉ែនតាការពារពន្លឺ
- ពាក់មួក ឬពាក់វ៉ែនតាការពារពន្លឺថ្ងៃ
- បន្ថយពន្លឺគ្រឿងអេឡិចត្រូនិច
- កុំពាក់វ៉ែនតាការពារពន្លឺថ្ងៃនៅក្នុងម្លប់
- ចៀសវាងប្រើអំពូលទូបណេអុងពណ៌ស
- ញុំាបន្លែស្លឹកបៃតងចាស់
- ចៀសវាងសារធាតុបង្កអាលែកហ្ស៊ី
- អនុវត្តតិចនិចការពារភ្នែក ២០/២០/២០