ស្រីៗគ្នាយើងមួយចំនួនអាចនឹងមានអាការៈចង្អោរពេលមករដូវ ដែលនេះជារឿងធម្មតាមួយ អាចបង្កពីការប្រែប្រួលអ័រម៉ូនពេលមករដូវ។ ទោះបីជាអាការៈចង្អោរជារឿងធម្មតា ប៉ុន្តែអាការៈនេះក៏អាចបង្ហាញពីស្ថានភាពសុខភាពមួយចំនួនដែរ។
១. ការឈឺចាប់ពេលមករដូវ
អាការៈឈឺចាប់ពេលមករដូវ គឺតែងបង្កឲ្យមានអាការៈចង្អោរ។ ការឈឺចាប់នេះអាចបង្កដោយការកន្ទ្រាក់ស្បូនមានការកើនឡើង ដែលនេះកើតឡើងដោយសារជញ្ជាំងស្បូនផលិតអ័រម៉ូនប្រូស្តាគ្លង់ឌីន (Prostaglandin) ជាអ័រម៉ូនគ្រប់គ្រងការកន្ទ្រាក់ស្បូន។ អាការៈឈឺចាប់ពេលមករដូវអាចមានការឈឺចាប់នៅពោះផ្នែកខាងក្រោម ត្រគាក ភ្លៅ និងខ្នង។ ពេលខ្លះការឈឺចាប់នេះអាចធ្វើឲ្យយើងមិនស្រួលខ្លួនរហូតដល់មានអាការៈចង្អោរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
២. បណ្ដុំរោគសញ្ញាមុនពេលមករដូវ (PMS)
បណ្ដុំរោគសញ្ញាមុនពេលមករដូវតែងប៉ះពាល់ដល់ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍ ដែលអាការៈនេះតែងកើតមានមុនពេលមករដូវ ១-២ សប្ដាហ៍ និងបន្តមានរហូតដល់ពេលមករដូវ រួចបាត់ទៅវិញនៅ ២-៣ ថ្ងៃក្រោយ។ អ្នកជំនាញវេជ្ជសាស្ត្រជឿថាបណ្ដុំរោគសញ្ញាមុនពេលមករដូវបង្កដោយការប្រែប្រួលនៃអ័រម៉ូន។ បណ្ដុំរោគសញ្ញាមុនពេលមករដូវ ក៏មានអាការៈឈឺចាប់ពេលមករដូវដែលអាចបង្កឲ្យមានអាការៈចង្អោរ។ បណ្ដុំរោគសញ្ញាមុនពេលមករដូវក៏អាចបង្កឲ្យទល់លាមក រាករូស ហើមពោះ ឈឺក្បាល និងឈឺខ្នង។ ក្រៅពីនេះ ក៏ប៉ះពាល់ដល់ផ្លូវអារម្មណ៍ដូចជាអារម្មណ៍ឡើងចុះ ថប់បារម្ភ ឆេវឆាវ និងពិបាកក្នុងការគេង។
៣. បណ្ដុំរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរ (PMDD)
បណ្ដុំរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរ គឺមានអាការៈស្រដៀងនឹងបណ្ដុំរោគសញ្ញាមុនពេលមករដូវដែរ ប៉ុន្តែអាចនឹងប៉ះពាល់ដល់ការធ្វើសកម្មភាពប្រចាំថ្ងៃបាន។ អាការៈនេះក៏បង្កដោយការប្រែប្រួលនៃអ័រម៉ូនដែរ។ ប៉ុន្តែក្នុងករណីបណ្ដុំរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរ (PMDD) ការប្រែប្រួលនៃអ័រម៉ូនអាចបណ្ដាលឲ្យកម្រិតអ័រម៉ូនសេរ៉ូតូនីន (Serotonin) ដែលនេះអាចបង្កឲ្យមានការប្រែប្រួលអារម្មណ៍។ ម៉្យាងទៀត បណ្ដុំរោគសញ្ញាមុនពេលមករដូវធ្ងន់ធ្ងរ (PMDD) ក៏បង្កឲ្យមានអាការៈចង្អោរ និងការឈឺចាប់ដែរ។
៤. ជំងឺ Endometriosis
ជំងឺ endometriosis សំដៅលើស្ថានភាពដែលកើតមាននៅពេលជាលិកាដូចនឹងជញ្ជាំងស្បូនរកឃើញនៅជញ្ជាំងសាច់ដុំស្បូន។ ជំងឺនេះប៉ះពាល់ដល់អូវែ ដៃស្បូន និងជាលិកាជុំវិញស្បូន ហើយនៅពេលជាលិកាដូចនឹងជញ្ជាំងស្បូននេះមិនអាចចេញពីរាងកាយដូចជាលិកានៅស្បូនបាន វានឹងរីកធំ ហើយបង្កការឈឺចាប់ បើក្នុងករណីធ្ងន់ធ្ងរអាចបង្កអាការៈចង្អោរ។ ក្នុងករណីដែលជាលិកានេះដុះជិតពោះវៀនតូច វាអាចនឹងធ្វើឲ្យមានអាការៈចង្អោរ និងក្អួត ជាពិសេសពេលមករដូវ។ រោគសញ្ញាផ្សេងៗមានអស់កម្លាំង រាករូស ទល់លាមក ហើមពោះ ឈឺចាប់ពេលរួមភេទ ឈឺចាប់ពេលនោម និងពេលបន្ទោរបង់ មានឈាមរដូវច្រើន និងមិនអាចមានកូនបាន។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
៥. ជំងឺរលាកអាងត្រគាក (PID)
ជំងឺរលាកអាងត្រគាក គឺការឆ្លងមេរោគនៅប្រព័ន្ធបន្តពូជ និងតែងកើតមាននៅពេលឆ្លងជំងឺកាមរោគដែលអាចរាតត្បាតដល់ស្បូន អូវែ ឬដៃស្បូន។ ជំងឺរលាកអាងត្រគាកតែងបង្កដោយមេរោគប្រមេះ (Chlamydia) និង មេរោគស្វាយ (Gonorrhea)។ ពេលខ្លះអាចមកពីមានបាក់តេរីឆ្លងចូលសរីរាង្គបន្តពូជក្រោយសម្រាលកូន ឬការលាងសម្អាតទ្វារមាសផ្នែកខាងក្នុង (Douching)។ យើងអាចនឹងមានជំងឺរលាកអាងត្រគាក ប្រសិនជាមានរោគសញ្ញាទាំងនេះ រួមមានការឈឺពោះផ្នែកខាងក្រោម ឈឺត្រគាក រដូវមិនទៀង ឈឺចាប់ពេលរួមភេទ ធ្លាក់សមិនប្រក្រតី និងឈឺចាប់ពេលបត់ជើងតូច។ ចំណែកអាការៈចង្អោរអាចកើតមានក្នុងករណីធ្ងន់ធ្ងរ ហើយក៏មានរោគសញ្ញាផ្សេងទៀតដូចជាក្អួត គ្រុនក្ដៅ និងគ្រុនរងា។ យកល្អយើងគួរទៅពិគ្រោះជាមួយនឹងគូ្រពេទ្យប្រសិនជាមានរោគសញ្ញាទាំងនេះ។
[embed-health-tool-ovulation]