រាងកាយរបស់ម៉ាក់ៗនឹងជួបប្រទះការផ្លាស់ប្ដូរជាច្រើនទាំងនៅអំឡុងពេលមានគភ៌ និងក្រោយពេលសម្រាលកូនរួច។ ពិតណាស់ ស្រីៗយើងច្បាស់ជាមានចម្ងល់ជាច្រើនទាក់ទងអំពីបញ្ហាទ្វារមាស នៅក្រោយពេលសម្រាលកូនរួចមិនខាន។ ដោយសារតែទ្វារមាសមានភាពធន់ ដូច្នេះហើយវាអាចទប់ទល់នឹងសម្ពាធដ៏ខ្លាំងក្លា។ ប៉ុន្តែ គ្នាយើងត្រូវដឹងថា វាត្រូវការពេលវេលារយៈពេល១ឆ្នាំ ដើម្បីត្រលប់ទៅរកសភាពដូចមុនពេលមានគភ៌វិញ ប៉ុន្តែវានឹងមិនដូចដើមឡើយ។
១. ធ្លាក់ឈាមក្រោយសម្រាល
នៅពេលសម្រាលកូនរួច ម៉ាក់ៗនឹងប្រឈមនឹងការធ្លាក់ឈាមក្រោយសម្រាលរហូតដល់៦សប្ដាហ៍ មិនថាសម្រាលតាមធម្មជាតិ ឬវះកាត់នោះទេ ហើយក៏អាចមានការធ្លាក់ឈាមច្រើននៅរយៈពេល១០ថ្ងៃដំបូង។ ជាមួយគ្នានេះដែរ យើងនឹងធ្លាក់កំណកឈាមតូចៗមួយចំនួន នៅរយៈពេល៣ថ្ងៃដំបូង ពីព្រោះរាងកាយរបស់យើងជម្រុះចោលជាលិកា និងឈាមដែលលើសចេញពីស្បូន។
២. ទ្វារមាសអាចដាច់រលាត់
ទន្ទឹមនឹងនេះ ស្ត្រីជាច្រើនអាចមានការដាច់រលាត់នៅជុំវិញរង្វះទ្វារមាស ។ ដោយផ្អែកលើសភាពធ្ងន់ធ្ងរនៃការដាច់រលាត់នេះ ទ្វារមាសអាចនឹងមានអាការៈឈឺចាប់រយៈពេលជាច្រើនសប្ដាហ៍។ នៅក្នុងករណីខ្លះ យើងចាំបាច់ត្រូវធ្វើការវះកាត់ដើម្បីជួសជុលការខូចខាតទ្វារមាស។ បើទោះបីជាទ្វារមាសមិនដាច់រលាត់ ក៏វាអាចបន្សល់ទុកស្នាមជាំនៅផ្នែកចន្លោះទ្វារធំ និងរន្ធយោនីដូចគ្នា។
៣. ចុកពោះ ដោយការកន្ត្រាក់ស្បូន
លើសពីនេះ ម៉ាក់ៗក៏អាចជួបប្រទះអាការៈចុកពោះ បន្ទាប់ពីស្បូនរបស់យើងវិលត្រលប់ទៅរកសភាពដើមវិញ។ សម្រាប់ម៉ាក់ៗដែលទើបមានកូនដំបូង ការឈឺចាប់គឺអាចទ្រាំទ្របាន។ ប៉ុន្តែ បន្ទាប់ពីសម្រាលកូនជាបន្តបន្ទាប់ យើងនឹងជួបប្រទះការឈឺចាប់ខ្លាំង ដោយសារតែប៉ះពាល់សាច់ដុំស្បូន ។ ប៉ុន្តែបញ្ហានេះ អាចដោះស្រាយបានដោយការស្អំកំណាត់ក្ដៅឧណ្ហៗ ឬប្រើប្រាស់ថ្នាំដែលចេញដោយគ្រូពេទ្យ។
៤. ទ្វារមាសនឹងរីកធំជាងមុនបន្តិច
ក្រោយសម្រាលកូនរួច ទ្វារមាសនឹងរលុង ប៉ុន្តែវាអាចនឹងវិលត្រលប់ទៅរកសភាពដើមវិញ។ យ៉ាងណាមិញ នៅក្នុងករណីដែលទារកធំពេក ឬយើងមានកូនច្រើន ទ្វារមាសមិនអាចដូចមុនវិញឡើយ។ ប្រសិនបើម៉ាក់ៗចង់ដឹងថា ទ្វារមាសរលុងឬអត់នោះ អាចសាកញាត់ tamponចូល ប៉ុន្តែបើវាជ្រុះចេញនៅពេលក្រោយ នេះមានន័យថាទ្វារមាសរបស់យើងមានសភាពធំជាងមុន។
៥. ទ្វារមាសប្រែទៅជាស្ងួតរយៈពេលពីរបីថ្ងៃ
នៅពេលដែលយើងមានផ្ទៃពោះ កម្រិតនៃអ័រម៉ូនជាក់លាក់មួយចំនួន រួមទាំងEstrogenផង នឹងកើនឡើង។ បន្ទាប់ពីសម្រាលកូនរួច អ័រម៉ូននេះនឹងធ្លាក់ចុះ ដែលអាចធ្វើឲ្យទ្វារមាសស្ងួត។ ក្នុងករណីដែលម៉ាក់ៗមិនបំបៅដោះកូនទេនោះ សំណើមក្នុងទ្វារមាសនឹងវិលត្រលប់មករកសភាពធម្មតាវិញនៅក្នុងរយៈពេលពីរបីថ្ងៃ។
[embed-health-tool-ovulation]