backup og meta

ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​​ទ្វារ​មាស សាក​តិចនិក​ទាំង​នេះ

ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​​ទ្វារ​មាស សាក​តិចនិក​ទាំង​នេះ

ការ​ឆ្លង​មេរោគ​តាម​ទ្វារ​មាស​ ភាគ​ច្រើន​កើត​ឡើង​នៅ​អំឡុង​រដូវ​វភ្លៀង​ ដោយ​សារ​តែ​ការ​ប្រែប្រួល​សីតុណ្ហភាព​ និង​​សំណើម​កើន​ឡើង​ ដែល​ជា​កត្តា​ចម្បង​រួម​ចំណែក​ដល់​ការ​លូតលាស់​ផ្សិត​ និង​បាក់តេរី​។ ជាក់​ស្ដែង បរិមាណ​សំណើម​ខ្ពស់​នៅ​ក្នុង​បរិយាកាស​ ការ​បែក​ញើស​ រួម​ជាមួយ​នឹង​ខោ​ទ្រនាប់​​តឹងណែន​ទៀត​នោះ​ វា​កាន់​តែ​បង្កើន​​ឱកាស​​សម្រាប់​ការ​លូតលាស់​របស់បាក់តេរី​។

ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​ខ្លួន​ពី​​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​ឲ្យ​បាន​ទាន់​ពេលវេលា​ ដោយ​អនុវត្ត​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។

​​១. ​ស្លៀក​ខោ​ទ្រនាប់​មាន​ខ្យល់​ចេញ​ចូល​

ការ​ស្លៀក​ខោ​ទ្រនាប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ និង​ធ្វើ​ពី​កប្បាស​ គឺ​ជា​ជម្រើស​ដ៏​ល្អ​​បំផុត​ក្នុង​ការ​​ថែទាំ​ទ្វារ​មាស​ឲ្យ​មាន​សុខភាព​ល្អ។​ ជា​ទូទៅ​ ខោ​ទ្រនាប់​តឹងណែន​អាច​កាត់បន្ថយ​លំហូរ​ខ្យល់​ និង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​កន្ទួល​រមាស់​ និង​ការ​រលាក។​ ម្យ៉ាង​វិញ​ទៀត​ វា​ក៏​អាច​បង្កើត​បរិយាកាស​​ល្អ​សម្រាប់​ការ​លូតលាស់​នៃ​ពពួក​បាក់តេរី​ផង​ដែរ​។​

២. សម្អាត​ទ្វារ​មាស​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ​

នៅ​រដូវ​នេះ​ដែរ ​កម្រិត​pH​របស់​ទ្វារ​មាស​នឹង​ធ្លាក់​ចុះ​ ជា​លទ្ធផល​សំណើម​នឹង​កើន​ឡើង ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​យើង​ងាយ​ឆ្លង​មេរោគ​ក្នុង​ទ្វារ​មាស។ ការ​សម្អាត​បរិវេណ​​ទ្វារ​មាស​ឲ្យ​បាន​ញឹកញាប់​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ អាច​ជួយ​កម្ចាត់​ពពួក​បាក់តេរី​ ក៏​ដូចជា​ក្លិន​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

៣. ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

ការ​បាត់បង់​ជាតិ​ទឹក​ និង​អំបិល​ពី​​ក្នុង​រាងកាយ​យ៉ាង​ឆាប់​រហ័ស​ ​ក៏​​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ និង​អារម្មណ៍​ក្រហាយ​នៅ​បរិវេណ​តំបន់​ពិសេស​របស់​ស្រី​ៗ​ដែរ​​។ ពិត​ណាស់​ ការ​រក្សា​ជាតិ​ទឹក​​អាច​ជួយ​រក្សា​តុល្យភាព​បាក់តេរី​ និង​កម្រិត​pH ក៏​ដូចជា​កាត់​បន្ថយ​​ការ​ឆ្លង​មេរោគ​នៅ​លើ​ទ្វារ​មាស​ថែម​ទៀត​ផង​។

៤. ជៀសវាង​កោរ​រោម​ប្រដាប់​ភេទ​ញឹកញាប់​

ជាមួយ​គ្នា​នេះ​ដែរ​ រោម​នៅ​លើ​ប្រដាប់​ភេទ​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​កាត់បន្ថយ​ការ​កកិត​ អំឡុង​ពេល​រួម​ភេទ​ ព្រម​ទាំង​ការពារ​ការ​ឆ្លង​បាក់តេរី​ ក៏​ដូចជា​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ទ្វារ​មាស​​​​។

ឆ្លងមេរោគទ្វារមាស២

៥. ជូត​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ

នៅ​ពេល​ដែល​យើង​សម្អាត​ទ្វារ​មាស​ ចូរ​សម្អាត​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​។​ ការ​ធ្វើ​បែប​នេះ អាច​ការពារ​​ពពួក​បាក់តេរី​ពី​តំបន់​​គូទ​មិន​ឲ្យ​ឆ្លង​ទៅ​បរិវេណ​ទ្វារ​មាស។​ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​យើង​មិន​​ជូត​សម្អាត​បន្ទាប់​ពី​នោម​រួច​​ទេ​នោះ វា​អាច​នាំ​ឲ្យ​មាន​ក្លិន​មិន​ល្អ និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​លើ​ទ្វារ​មាស។​

៦. ជៀសវាង​ញ៉ាំ​អាហារ​ហឹរ​

អាហារ​ហឹរ​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​នៅ​បរិវេណ​នោះ​។​ ជា​ទូ​ទៅ​ ការ​ញ៉ាំ​អាហារ​ហឹរ​ច្រើន​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​កម្រិត​pH​របស់​ទ្វារ​មាស​ ក៏​ដូចជា​បង្កើន​អត្រា​ឆ្លង​មេរោគ​ផ្សិត​ដូច​គ្នា​។

៧. សម្អាត​ទ្វារ​មាស​បន្ទាប់​ពី​រួម​ភេទ​រួច​

​​​ទន្ទឹម​នឹង​នេះ​ដែរ ស្រីៗ​យើង​គប្បី​នោម​​ និង​សម្អាត​ទ្វារ​មាស​បន្ទាប់​ពី​រួម​ភេទ​រួច​។​ ការ​ធ្វើ​ដូច​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​លូតលាស់​នៃ​បាក់តេរី​ ព្រម​ទាំង​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthxchange.sg/women/urology/tips-prevent-yeast-infections

https://www.verywellhealth.com/how-to-prevent-yeast-infections-3521207

https://smgwomenshealth.sg/news-articles/all-about-vagina-care-8-simple-tips-from-a-gynaecologist/

កំណែ​ប្រែបច្ចុប្បន្ន

06/07/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

ស្រីៗ មកដឹងពីរោគសញ្ញា និងដំណាក់កាលនៃការវិវត្តន៍ជំងឺមហារីកទ្វារមាស


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម