ការរមួលក្រពេញអូវែកើតឡើងនៅពេលដែលក្រពេញមួយនេះបត់ជុំវិញសរសៃចង ដែលស្ថានភាពមួយនេះ ចាំបាច់ត្រូវធ្វើការព្យាបាលភ្លាមៗ ដើម្បីបញ្ចៀសការបាត់បង់ក្រពេញអូវែ។
ពិតណាស់ ការរមួលក្រពេញអូវែ គឺជារោគស្ត្រីទូទៅដែលគ្រោះថ្នាក់បំផុតមួយ ដែលអាចបណ្តាលឲ្យបញ្ឈប់លំហូរឈាមទៅកាន់ក្រពេញអូវែ ជាហេតុនាំឲ្យងាប់ជាលិកានៅក្នុងក្រពេញអូវែ។
កត្តាហានិភ័យនៃការរមួលក្រពេញអូវែមានអ្វីខ្លះ?
ការរមួលក្រពេញអូវែ កម្រនឹងកើតឡើងណាស់ ប៉ុន្តែបញ្ហាមួយនេះ អាចប៉ះពាល់ដល់គ្នាយើងគ្រប់វ័យ។ ក្រុមអ្នកស្រាវជ្រាវបានកំណត់ពីកត្តាជាក់លាក់ ដែលអាចបង្កើនហានិភ័យនៃការរមួលក្រពេញអូវែ ដែលរួមមាន៖
- ស្ថិតក្នុងវ័យបន្តពូជ
- មានផ្ទៃពោះ
- មានដុំសាច់ ឬគីសក្រពេញអូវែដែលមិនមែនជាមហារីក
- ការព្យាបាលឲ្យមានកូន ដែលជំរុញការបញ្ចេញពងអូវុល និងបង្កើនហានិភ័យនៃការកើតគីសអូវែ។
រោគសញ្ញានៃការរមួលក្រពេញអូវែ
រមួលក្រពេញអូវែអាចមានរោគសញ្ញាជាច្រើន ដែលរួមមាន៖
- ឈឺចាប់ពោះផ្នែកខាងក្រោម ឬឆ្អឹងអាងត្រគាក
- ឈឺចាប់ដែលរាលដាលដល់ខ្នងផ្នែកខាងក្រោម ឬចំហៀង
- ឈឺដូចត្រូវគេចាក់
ការឈឺចាប់ដោយសារបញ្ហារមួលក្រពេញអូវែ អាចម្តងឈឺម្តងបាត់ នេះពីព្រោះតែក្រពេញអូវែអាចរមួល ឬមិនរមួលទៅតាមពេលវេលា។
រោគសញ្ញាគ្រោះថ្នាក់
ក្នុងករណីដែលការរមួលក្រពេញអូវែ ចាប់ផ្តើមធ្វើឲ្យងាប់ជាលិកានៅក្នុងក្រពេញអូវែ រោគសញ្ញាអាចរួមមាន៖
- គ្រុនក្តៅចាប់ពី៣៨អង្សាសេ ឬខ្ពស់ជាងនេះ
- ធ្លាក់ឈាមទ្វារមាស
- ធ្លាក់ទឹករម្អិលទ្វារមាសមិនប្រក្រតី
- រឹងក្នុងពោះ និងឈឺខ្លាំងមិនអាចប៉ះបាន។
ក្នុងករណីដែលគ្នាយើងប្រឈមនឹងរោគសញ្ញាទាំងនេះ គួរទាក់ទងទៅកាន់គ្រូពេទ្យរោគស្ត្រីភ្លាមៗ ជាពិសេសសម្រាប់អ្នកដែលកំពុងពពោះ ឬមានគីសអូវែ។ រោគសញ្ញាខាងលើ អាចបញ្ជាក់ពីការងាប់ជាលិកា ដែលអាចនាំឲ្យយើងបាត់បង់អូវែ។
[embed-health-tool-ovulation]
ការព្យាបាលនៃបញ្ហារមួលក្រពេញអូវែ
មានតែការវះកាត់តែមួយគត់ ដែលអាចព្យាបាលបញ្ហារមួលអូវែនេះបាន។ ស្ត្រីច្រើនជាង៩០%ដែលធ្វើការវះកាត់ អាចជាសះស្បើយជាមួយនឹងមុខងារពេញលេញនៃអូវែ។ យ៉ាងណាមិញ ប្រសិនបើគ្រូពេទ្យរកឃើញការលូតលាស់នៃកោសិកាមហារីក នោះអ្នកជំងឺអាចនឹងតម្រូវឲ្យធ្វើការកាត់ក្រពេញនេះចេញផងដែរ។
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស