មុនអ័រម៉ូន ច្រើនកើតឡើងលើអ្នកមានវ័យនៅចន្លោះអាយុ២០ឆ្នាំ ដល់៥០ឆ្នាំ និងមានទម្រង់ជាមុនក្បាលខ្មៅ មុនក្បាលស ឬប្រភេទគីសតែម្ដង។ មុនប្រភេទនេះ ទាក់ទងនឹងការផលិតជាតិខ្លាញ់ច្រើនលើសលប់ ដែលធ្វើឲ្យស្ទះរន្ធញើស និងបង្កឲ្យកើតមុន។
មុនអ័រម៉ូន កើតឡើងដោយសារតែការស្ទះរន្ធញើស នៅពេលដែលស្បែករបស់យើងផលិតជាតិខ្លាញ់ច្រើនជ្រុល។ កត្តាមួយចំនួន ដូចជាស្ត្រេស គេងមិនគ្រប់គ្រាន់ ឬប្រើផលិតផលថែរក្សាស្បែកមុខ ឬស្បែកក្បាលមិនត្រឹមត្រូវ ក៏អាចបង្កឲ្យកើតមុនអ័រម៉ូនដែរ។ បន្ថែមពីនេះ គ្នាយើងមិនអាចបង្ការមុនអ័រម៉ូន ដែលកើតឡើងដោយសារតែបម្រែបម្រួលអ័រម៉ូន អំឡុងពេលមករដូវ រដូវមិនទៀង ការមានផ្ទៃពោះឡើយ។

