មុខឡើងអាចម៍រុយអាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវកម្តៅថ្ងៃច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក?
មុខឡើងអាចម៍រុយអាចដោយសារមកពីកត្តាតំណពូជ និងដោយសារមកពីត្រូវកម្តៅថ្ងៃច្រើន។ តើយើងគួរថែទាំស្បែកមុខបែបម៉េចដើម្បីកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក?

យោងតាមគ្រូពេទ្យរោគសើស្បែកបានឱ្យដឹងថា អាចម៍រុយកើតឡើងដោយសារកត្តាហ្សែន។ ថ្វីត្បិតតែយើងកើតមកអត់មានអាចម៍រុយ តែហ្សែនរបស់យើងជាអ្នកកំណត់ ហើយនៅពេលយើងត្រូវកម្តៅថ្ងៃច្រើន ស្បែករបស់យើងនឹងឡើងអាចម៍រុយដោយសារតែពន្លឺថ្ងៃជំរុញកោសិកាមេឡាណូស៊ីតឲ្យផលិតសារធាតុពណ៌មេឡានីនដែលផ្តល់ពណ៌ដល់ស្បែកច្រើន។
ការណ៍នេះដោយសារអាចម៍រុយមានទំនាក់ទំនងនឹងហ្សែនដែលគ្រប់គ្រងពណ៌ស្បែក និងសក់របស់យើង។ ហ្សែន MC1R គ្រប់គ្រងបរិមាណសារធាតុពណ៌មេឡានីនទាំងពីរប្រភេទដែលកោសិកាមេឡាណូស៊ីតផលិត។
សារធាតុពណ៌មេឡានីនទាំងពីរប្រភេទមានដូចជាអឺមេឡានីន (eumelanin) ដែលមានពណ៌ត្នោតចាស់ និងភីអូមេឡានីន (pheomelanin) ដែលមានពណ៌ទឹកក្រូច។
ប្រសិនបើហ្សែន MC1R របស់យើងអសកម្ម កោសិកាមេឡាណូស៊ីតនឹងផលិតភីអូមេឡានីនច្រើន ហើយធ្វើឱ្យយើងមានសក់ពណ៌រាងក្រហម ឬពណ៌ទង់ដែង និងមានស្បែកពណ៌លឿងដែលយើងហៅសាមញ្ញថា ស ហើយងាយនឹងឡើងអាចម៍រុយ ព្រោះភីអូមេឡានីនមិនមិនអាចការពារស្បែកយើងពីការបំផ្លាញរបស់កាំរស្មីព្រះអាទិត្យទេ។
ខាងក្រោមនេះជាតិចនិកថែរក្សាស្បែកមុខកុំឱ្យឡើងអាចម៍រុយកាន់តែច្រើន ឬដើម្បីកាត់បន្ថយពណ៌របស់អាចម៍រុយកុំឱ្យឃើញដិតពេក៖
កាលណាស្បែកមុខយើងត្រូវពន្លឺថ្ងៃយូរ អាចម៍រុយនៅលើមុខនឹងឡើងកាន់តែច្រើន ហើយឡើងកាន់តែដិត។ ដូច្នេះយើងត្រូវចៀសវាងហាលថ្ងៃនៅចន្លោះពីម៉ោង ១០ ព្រឹកដល់ម៉ោង ៤ ល្ងាចដែលជាពេលពន្លឺព្រះអាទិត្យមានកម្តៅខ្លាំង។
ការធ្វើបែបនេះក៏អាចជួយការពារស្បែកមុខ ពីការការឡើងអាចម៍រុយកាន់តែច្រើន និងជួយកាត់បន្ថយពណ៌អាចម៍រុយនៅលើស្បែកមុខរបស់យើងដែរ។
ប្រសិនបើយើងត្រូវចេញក្រៅ យើងត្រូវលាបក្រែមការពារកម្តៅថ្ងៃដែលមាន SPF ចាប់ពី ៣០ ឡើងទៅ ហើយអាចការពារបានទាំងកាំរស្មី UVA និង UVB មុន ៣០ នាទី។ ពិសេសជាងនេះទៅទៀត យើងត្រូវពាក់មួកដែលមានគែមធំទូលាយ ឬត្រូវប្រើឆ័ត្រដើម្បីការពារស្បែកមុខយើងពីពន្លឺថ្ងៃ។
ការខាត់ស្បែកម្តងក្នុងមួយសប្តាហ៍អាចជម្រុះកោសិកាស្បែកងាប់ចេញ ធ្វើឱ្យស្បែកមុខយើងមានសុខភាពល្អ និងជួយកាត់បន្ថយពណ៌របស់អាចម៍រុយនៅលើមុខ។ ការខាត់ស្បែកក៏ជួយឱ្យស្បែកមុខរបស់យើងអាចស្រូបយកសារធាតុចិញ្ចឹមពីផលិតផលថែមុខផ្សេងៗបានល្អដែរ។

លោកស្រីវេជ្ជបណ្ឌិត Jaliman ឯកទេសរោគសើស្បែកបានលើកឡើងថា អ្នកដែលមុខឡើងអាចម៍រុយគួរកែប្រែទម្លាប់ថែរក្សាស្បែកមុខ។ ការប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol (វីតាមីន A) អាចធ្វើឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យ។ ប្រសិនបើយើងចង់ប្រើផលិតផលដែលមានសមាសធាតុផ្សំពី Retinol យើងគួរប្រើតែនៅពេលយប់ដើម្បីចៀសវាងត្រូវពន្លឺថ្ងៃ។
មុខយើងឡើងអាចម៍រុយមានន័យថាស្បែកមុខយើងងាយប្រតិកម្មនឹងពន្លឺព្រះអាទិត្យណាស់ ហើយក៏ងាយខូចដោយសារការបំផ្លាញពីកាំរស្មី UVA និង UVB របស់ពន្លឺព្រះអាទិត្យដែរ។ ដូច្នេះយើងត្រូវលាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ ទោះបីនៅរដូងរងា ឬរដូវភ្លៀងក៏ដោយ។ ជាពិសេសត្រូវលាបក្រែមផ្តល់សំណើមដើម្បីឱ្យស្បែកមុខយើងទន់ និងមានជាតិទឹក ព្រោះស្បែកមុខដែលឡើងអាចម៍រុយជាប្រភេទស្បែកស្ងួត។
អានបន្ថែម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
How to Care for Your Freckles
https://www.marthastewart.com/7839792/freckles-beauty-guide
WHAT CAUSES FRECKLES?
https://www.nivea.com.au/advice/skin/what-are-freckles
Feature: Skin Care Review of People With Gorgeous Freckles and How to Care for Them
https://occhimagazine.com/beauty-freckles-and-skin-care-occhi-magazine/#:~:text=How%20do%20you%20care%20for%20freckled%20skin%3F%20A,retinol%20that%20is%20made%20to%20nourish%20your%20skin.
7 Skincare Rules Everyone With Freckles Should Know
https://www.thehealthy.com/skin-health/freckles-skincare/
Everything You Need to Know About Freckles
https://www.skincare.com/article/freckles-care-guide
7 Weird Things You Never Knew About Freckles
https://www.marieclaire.com/beauty/news/a26294/facts-about-freckles/
MC1R gene
https://medlineplus.gov/genetics/gene/mc1r/
កំណែប្រែបច្ចុប្បន្ន
26/01/2022
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ