ក្រែមការពារកម្ដៅថ្ងៃមានអត្ថប្រយោជន៍យ៉ាងច្រើន ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងការពារការរលាកដោយកម្ដៅថ្ងៃ។ បន្ថែមពីនេះ វាក៏អាចការពារស្បែកពីស្នាមជ្រីវជ្រួញមុនវ័យ និងសម្បុរស្បែកមិនស្មើគ្នាផងដែរ។ ពិតណាស់ ការលាបក្រែមការពារកម្ដៅថ្ងៃបានត្រឹមត្រូវ អាចការពារស្បែករបស់យើងយ៉ាងមានប្រសិទ្ធភាព ដូច្នេះហើយ ស្រីៗយើងគប្បីអនុវត្តតាមប្រការដែលគួរធ្វើ និងមិនគួរធ្វើ នៅពេលលាបក្រែមការពារកម្ដៅថ្ងៃ។
ប្រការគួរធ្វើ
១. ជ្រើសរើសក្រែមការពារកម្ដៅថ្ងៃ យ៉ាងហោចណាស់មានSPF30+
ក្រែមការពារកម្ដៅថ្ងៃដែលមានSPFខ្ពស់ មិនផ្ដល់ការការពារល្អខុសគ្នាប៉ុន្មានឡើយ។ ជាក់ស្ដែង ក្រែមការពារកម្ដៅថ្ងៃដែលមានSPF៣០ អាចរារាំងកាំរស្មីUVBចំនួន៩៧% ខណៈក្រែមការពារកម្ដៅថ្ងៃដែលមានSPF៥០ អាចរារាំងកាំរស្មីUVBបានប្រហែល៩៨% និងក្រែមការពារកម្ដៅថ្ងៃដែលមានSPF១០០អាចរារាំងកាំរស្មីUVBបានប្រហែល៩៩%។ យ៉ាងណាមិញ កម្រិតSPF៣០ជាការការពារកម្រិតតិចតួចដែលស្បែករបស់យើងត្រូវការ ប៉ុន្តែប្រសិនបើយើងចេញក្រៅរយៈពេលយូរម៉ោង គួរប្រើក្រែមការពារកម្ដៅថ្ងៃដែលមានSPFខ្ពស់ ទើបជាការប្រសើរ។
២. លាបក្រែមការពារកម្ដៅថ្ងៃមុនពេលចេញក្រៅ
ទន្ទឹមនឹងនេះដែរ ស្បែកយើងត្រូវការរយៈពេលយ៉ាងហោចណាស់៣០នាទី ដើម្បីស្រូបយកក្រែមការពារកម្ដៅថ្ងៃ និងការពារស្បែកពីកាំរស្មីព្រះអាទិត្យ។ ដូច្នេះហើយ ចូរលាបវាយ៉ាងហោចណាស់៣០នាទីមុនចេញទៅក្រៅ និងលាបឲ្យបានសព្វល្អ និងក្នុងបរិមាណសមល្មម។
៣. ជ្រើសរើសប្រភេទក្រែមការពារកម្ដៅថ្ងៃស័ក្ដិសមនឹងប្រភេទស្បែក
ជាទូទៅ ក្រែមការពារកម្ដៅថ្ងៃមាន២ប្រភេទ គឺប្រភេទChemical ដែលមានធាតុផ្សំដូចជាសារធាតុOctinoxate និងOxybenzone និងប្រភេទPhysical ដែលមានសារធាតុzinc oxide និងtitanium dioxide។ ប៉ុន្តែ ស្រីៗយើងមួយចំនួនអាចមានប្រតិកម្មអាលែកហ្ស៊ីជាមួយនឹងប្រភេទChemical ដូច្នេះហើយ យើងគប្បីសាកល្បងផលិតផលនេះនៅលើកដៃក្នុងបរិមាណតិចតួច ដើម្បីពិនិត្យមើលថាវាមានប្រតិកម្មឬយ៉ាងណា។
៤. លាបក្រែមការពារកម្ដៅថ្ងៃ ទោះក្នុងអាកាសធាតុបែបណាក៏ដោយ
ទោះជានៅក្នុងអាកាសធាតុត្រជាក់ក៏ដោយ ក៏យើងមិនត្រូវភ្លេចលាបក្រែមការពារកម្ដៅថ្ងៃដែរ ពីព្រោះកាំរស្មីUV អាចបំផ្លាញស្បែករបស់យើងបានគ្រប់ពេលវេលា។ ជាមួយគ្នានេះដែរ សូម្បីតែពន្លឺពីអេក្រង់កុំព្យូទ័រ និងទូរស័ព្ទដៃក៏អាចពន្លឿនការវិវត្តទៅរកភាពចាស់ និងស្នាមក្រហមបានដែរ។
ប្រការមិនគួរធ្វើ
១. លាបក្រែមការពារកម្ដៅថ្ងៃតែនៅលើមុខ
គ្រប់ផ្នែកនៃស្បែករបស់យើងគួរតែលាបក្រែមការពារកម្ដៅថ្ងៃដើម្បីបិទបាំង។ ហេតុនេះហើយ ស្រីៗយើងក៏គួរលាបវានៅត្រចៀក ដៃ ជើង និងស្បែក ពីព្រោះបរិវេណទាំងនេះងាយនឹងវិវត្តទៅរកភាពជ្រីវជ្រួញនៅពេលប៉ះពាល់នឹងកម្ដៅថ្ងៃ។ មួយវិញទៀត ផ្នែកទាំងនេះក៏មានហានិភ័យនៃការកើតជំងឺមហារីកស្បែកខ្ពស់ ដែលយើងគប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។
២. លាបក្រែមការពារកម្ដៅថ្ងៃតែម្ដងក្នុងមួយថ្ងៃ
បន្ថែមពីនេះ ការលាបក្រែមការពារកម្ដៅថ្ងៃតែម្ដងក្នុងមួយថ្ងៃ មិនអាចការពារយើងពេញមួយថ្ងៃឡើយ។ ជាធម្មតា វានឹងរលុបចេញយ៉ាងងាយ ដោយសារតែការបែកញើស ឬប៉ះពាល់នឹងទឹក។ ដើម្បីធានាក្រែមការពារកម្ដៅថ្ងៃមានប្រសិទ្ធភាព ស្រីៗយើងគប្បីលាបវាជារៀងរាល់២ម៉ោងម្ដង។
[embed-health-tool-due-date]