គ្នាយើងបានដឹងរួចមកហើយពីរសជាតិដ៏ផ្អែមឆ្ងាញ់របស់ទឹកអំពៅ ប៉ុន្តែតើយើងធ្លាប់គិតដល់ការប្រើទឹកអំពៅសម្រាប់ជំនួយសម្រស់ដែរអត់? ពិតណាស់ ទឹកអំពៅមិនត្រឹមតែមានគុណប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ តែក៏ជាសមាសធាតុដ៏មានឥទ្ធិពលចំពោះស្បែក និងសរសៃសក់របស់យើងដូចគ្នា។
ទឹកអំពៅមានគុណប្រយោជន៍អ្វីខ្លះចំពោះស្បែក និងសក់?
១. ប្រឆាំងការកើតមុន
ជាមួយនឹងសមាសធាតុប្រឆាំងនឹងអតិសុខុមប្រាណ ទឹកអំពៅមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងបាក់តេរីដែលបង្កឲ្យមានការកើតមុន។ បន្ថែមពីនេះ អាស៊ីដធម្មជាតិនៃទឹកអំពៅក៏អាចជួយបញ្ចៀសការស្ទះរន្ធញើស ការផលិតជាតិខ្លាញ់ច្រើនជ្រុល និងបង្ការការកើតមុនក្បាលខ្មៅ និងមុនក្បាលស។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
២. ផ្តល់សំណើម និងបំពេញជាតិទឹក
ទន្ទឹមនឹងនេះដែរ ទឹកអំពៅមានផ្ទុកអាស៊ីដ Glycolic ខ្ពស់ ដែលអាចជួយរក្សាសំណើមនៃស្បែក និងបញ្ចៀសភាពស្ងួត។ ការប្រើប្រាស់ភេសជ្ជៈមួយប្រភេទនេះជាទៀងទាត់ អាចជួយប្រឆាំងនឹងបញ្ហាស្បែកគ្រើម និងស្ងួតបានយ៉ាងល្អ។
៣. ពន្យារភាពចាស់
ទឹកអំពៅក៏សម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ ជាតិដែក ស័ង្កសី ប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចជួយការពារពីការបំផ្លាញដោយរ៉ាឌីកាល់សេរី។ បន្ថែមពីនេះ ភេសជ្ជៈមួយនេះ ក៏ជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្នាមអុជខ្មៅ និងជួយឲ្យស្បែកមើលទៅក្មេងជាងវ័យ។
៤. ជួយថែបំប៉នសុខភាពសក់
មួយវិញទៀត ទឹកអំពៅក៏អាចជួយផ្តល់សំណើម បន្ទន់សរសៃសក់ ប្រឆាំងនឹងការកើតអង្គែ ព្រមទាំងជំរុញឲ្យសរសៃសក់ដុះលូតលាស់បានល្អថែមទៀតផង។ សារធាតុចិញ្ចឹមនៅក្នុងទឹកអំពៅ ជួយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗដល់ឫសសក់ ដោយធ្វើឲ្យសរសៃសក់រឹងមាំ និងភ្លឺរលោង។
[embed-health-tool-due-date]
វិធីប្រើទឹកអំពៅនៅក្នុងការថែរក្សាសម្រស់
១. ទឹកតប់មុខ៖ ជូតសម្អាតផ្ទៃមុខក្រោយលាងសម្អាតរួច ដោយប្រើសំឡីជូតមុខថ្នមៗ។ ធ្វើបែបនេះ អាចជួយបន្តឹងរន្ធញើស ធ្វើឲ្យកម្រិតpHនៃស្បែកមានតុល្យភាព និងជួយជំរុញឲ្យស្បែកស្រស់ថ្លា និងភ្លឺរលោង។
២. ម៉ាសមុខ៖ លាយទឹកអំពៅចំនួន១ស្លាបព្រាបាយ ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយ និងទឹកឃ្មុំ១ស្លាបព្រាបាយ ដោយយកមកលាបឲ្យសព្វល្អនៅលើផ្ទៃមុខ រួចទុកចោល១៥ ទៅ២០នាទី និងលាងជម្រះចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។ ម៉ាសមួយប្រភេទនេះ អាចជម្រុះកោសិកាចាស់ៗ ជួយឲ្យស្បែកភ្លឺថ្លា និងមានសំណើម។
៣. ទឹកអប់សក់ ៖ បន្ទាប់ពីកក់សក់រួច គ្នាយើងអាចធ្វើការអប់សក់ជាមួយនឹងទឹកអំពៅ ដោយធ្វើការម៉ាស្សានៅលើស្បែកក្បាលឲ្យសព្វល្អ រួចទុកចោលរយៈពេលពីរបីនាទី សឹមលាងជម្រះចេញ។ រូបមន្តនេះ ជួយបន្ទន់សក់ ធ្វើឲ្យសក់ភ្លឺរលោង និងជួយឲ្យស្បែកក្បាលមានសុខភាពល្អ។
យ៉ាងណាមិញ ការអនុវត្តរូបមន្តថែរក្សាសម្រស់ដោយទឹកអំពៅនេះ ក៏អាចធ្វើឲ្យគ្នាយើងមួយចំនួនជួបបញ្ហារលាកស្បែក ឬអាលែកហ្ស៊ីជាដើម ដូចនេះ គ្នាយើងគួរតែសាកល្បងធ្វើតេស្តនៅលើស្បែកដៃជាមុនសិន ទើបជាការប្រសើរ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង