បញ្ហាខួរក្បាលនិងប្រព័ន្ធប្រសាទផ្សេងទៀត
ការរីកប៉ោងសរសៃឈាមខួរក្បាល អាចគ្រោះថ្នាក់ នេះជារោគសញ្ញា
ជាទូទៅ ស្ត្រីប្រឈមនឹងការរីកប៉ោងសរសៃឈាមខួរក្បាលច្រើនជាងបុរស ហើយក្នុងករណីមួយចំនួន បញ្ហានេះអាចមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ រហូតដល់សរសៃឈាមធ្លាយ ឬដាច់រហែក ដែលបណ្ដាលឲ្យហូរឈាមចូលទៅក្នុងខួរក្បាល និងអាចនាំឲ្យខូចខួរក្បាល ក៏ដូចជាបាត់បង់អាយុជីវិត ។ ហេតុអ្វីបានជាសរសៃឈាមខួរក្បាលរីកប៉ោង? យោងតាមវេជ្ជបណ្ឌិត Saxena ការរីកសរសៃឈាមខួរក្បាល ជាការរីក ឬប៉ោងជញ្ជាំងសរសៃឈាមដែលខ្សោយនៃខួរក្បាល ពីព្រោះសរសៃឈាមនៅជុំវិញខួរក្បាលមិនត្រូវបានទ្រទ្រង់ដោយរចនាសម្ព័ន្ធជុំវិញ ដូចជាសាច់ដុំឡើយ ហើយសរសៃឈាមទាំងនេះ ងាយនឹងបែកព្រមទាំងបណ្ដាលឲ្យហូរឈាមចេញពីសរសៃឈាមធ្ងន់ធ្ងរ (haemorrhage)។ រោគសញ្ញានៃការរីកប៉ោងសរសៃឈាមខួរក្បាល ការរីកប៉ោងសរសៃឈាមខួរក្បាលដែលមិនធ្លុះធ្លាយ អាចបណ្ដាលឲ្យមានរោគសញ្ញាដូចខាងក្រោម ប្រសិនបើសរសៃឈាមដែលរីកមានការលូតលាស់ និងបណ្ដាលឲ្យមានសម្ពាធលើរចនាសម្ព័ន្ធខួរក្បាល ។ ឈឺក្បាលពីស្រាល ទៅធ្ងន់ធ្ងរ ឈឺភ្នែក និងមើលឃើញរូបភាពបែកៗ វិលមុខ ការចេញឈាមតិចតួចពីសរសៃឈាមខួរក្បាលដែលរីក អាចបណ្ដាលឲ្យយើងឈឺក្បាលភ្លាមៗ ប៉ុន្តែវានឹងជាសះស្បើយដោយខ្លួនឯង។ ពិតណាស់ ការរីកប៉ោងសរសៃឈាមខួរក្បាលដែលមិនបែក មិនមានបង្ហាញជារោគសញ្ញាអ្វីទាំងអស់នៅពេលដំបូង ប៉ុន្តែជាធម្មតាវានឹងលេចចេញនូវរោគសញ្ញា នៅពេលដែលទំហំកាន់តែធំឡើង។ រោគសញ្ញាព្រមាននៃការរីកសរសៃឈាមខួរក្បាលដែលធ្លុះធ្លាយ និងចាំបាច់ត្រូវការការព្យាបាលបន្ទាន់ មានដូចជា៖ ឈឺក្បាលខ្លាំង និងភ្លាមៗ បាត់បង់ស្មារតី ក្អួត ឬចង្អោរ រឹងក ព្រិលភ្នែក ឬមើលឃើញរូបភាពបែកៗ ងងុយគេង ប្រកាច់។ មូលហេតុមួយចំនួននៃការរីកប៉ោងសរសៃឈាមខួរក្បាល ជក់បារី ក្រិនសរសៃឈាម លើសសម្ពាធឈាមរយៈពេលយូរ និងមិនមានការព្យាបាល មានប្រវត្តិគ្រួសារដែលធ្លាប់មានអាការៈរីកប៉ោងសរសៃឈាមខួរក្បាល ជំងឺជាក់លាក់ដែលមានជាប់ពាក់ព័ន្ធនឹងការរីកប៉ោងសរសៃឈាមខួរក្បាល មានដូចជាជំងឺMarfan’s syndrome ជំងឺគីសតម្រងនោមច្រើនកន្លែង និងជំងឺehler danlos diseaseជាដើម។