ពិតណាស់ ខួរក្បាលដើរតួនាទីយ៉ាងសំខាន់នៅក្នុងជីវភាពប្រចាំថ្ងៃ។ ដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំសុខភាពខួរក្បាលឲ្យបានល្អ ដើម្បីឲ្យមុខងារយល់ដឹង ការចងចាំ និងសុខភាពទាំងមូលដំណើរការប្រក្រតី។ យ៉ាងណាមិញ ក៏មានទម្លាប់ប្រចាំថ្ងៃសាមញ្ញមួយចំនួនអាចជះឥទ្ធិពលមិនល្អដល់ខួរក្បាល ដែលយើងគប្បីជៀសវាងផងដែរ។
ទម្លាប់អ្វីខ្លះដែលអាចបំផ្លាញសុខភាពខួរក្បាល?
១. អង្គុយស្ងៀមយូរម៉ោង
ការអង្គុយស្ងៀមយូរម៉ោងដោយមិនធ្វើអ្វីសោះ អាចបង្កជាបញ្ហាដល់ការយល់ដឹង និងការចងចាំ។ ដូចនេះ ដើម្បីដោះស្រាយទម្លាប់អាក្រក់មួយនេះ គ្នាយើងគួរធ្វើលំហាត់ប្រាណជាប្រចាំ ដោយចំណាយពេលត្រឹមតែ៣០នាទី ដើរហាត់ប្រាណជុំវិញផ្ទះ ឬការិយាល័យ។
២. មិនសូវចូលរួមក្នុងសង្គម
ភាពឯកា និងការផ្តាច់ខ្លួនពីក្នុងសង្គម អាចពាក់ព័ន្ធនឹងការបាក់ទឹកចិត្ត បង្កើនហានិភ័យនៃជំងឺ Alzheimer’s disease (ភ្លេចភ្លាំង) ក៏ដូចជាធ្វើឲ្យការយល់ដឹងធ្លាក់ចុះ។ ហេតុនេះហើយ យើងគួរតែភ្ជាប់ទំនាក់ទំនងក្នុងសង្គម ដោយការចូលរួមនៅក្នុងក្លឹប អង្គការ ឬក្រុមមនុស្សដែលយើងអាចចែករំលែកសកម្មភាព និងបទពិសោធន៍ប្រចាំថ្ងៃបាន។
៣. គេងមិនគ្រប់គ្រាន់
ទន្ទឹមនឹងនេះដែរ ការគេងគ្រប់គ្រាន់មានសារៈសំខាន់ណាស់ ក្នុងការជួយឲ្យមុខងារខួរក្បាលមានដំណើរការល្អប្រសើរ។ ប៉ុន្តែ គ្នាយើងភាគច្រើនមិនបានគេងគ្រប់គ្រាន់តាមការណែនាំឡើយ ដែលកត្តានេះ អាចធ្វើឲ្យការចងចាំធ្លាក់ចុះ និងបង្អាក់សមត្ថភាពក្នុងការដោះស្រាយបញ្ហាជាដើម។ យកល្អ យើងគួរជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ ឬតែ ក្រោយម៉ោង៦ល្ងាច និងកាត់បន្ថយម៉ោងមើលទូរស័ព្ទ ឬកុំព្យូទ័រ។

ស្រ្តេសរ៉ាំរ៉ៃ ក៏បង្កផលប៉ះពាល់ដល់សុខភាពខួរក្បាលដូចគ្នា។ ដើម្បីកាត់បន្ថយស្រ្តេស យើងគួរតែបង្កើតតិចនិកគ្រប់គ្រងស្រ្តេស ដោយការហាត់ប្រាណ យូហ្គា ឬធ្វើសមាធិ។ល។ មួយវិញទៀត គ្នាយើងក៏អាចចំណាយពេលនៅជាមួយមនុស្សជាទីស្រលាញ់ និងធ្វើសកម្មភាពកំសាន្តរួមគ្នា ដើម្បីបណ្ដុះគំនិតវិជ្ជមាន ព្រមទាំងពង្រឹងសុខភាពខួរក្បាលឲ្យកាន់តែល្អថែមទៀត។
៥. របបអាហារមិនល្អ
ការញ៉ាំរបបអាហារដែលមានជាតិស្ករខ្ពស់ អាចជះឥទ្ធិពលអវិជ្ជមានដល់ការចងចាំ ហេតុនេះហើយ យើងគួរជៀសវាងអាហារ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ដូចជានំប៉័ង នំផ្អែម និងភេសជ្ជៈ ឬទឹកផ្លែឈើដែលបន្ថែមជាតិស្ករ និងបញ្ចូលបន្លែ និងផ្លែឈើស្រស់ទៅក្នុងរបបអាហារជំនួសវិញ។ លើសពីនេះ យើងគួរកាត់បន្ថយការញ៉ាំអាហារចៀន និងគ្រឿងស្រវឹង ទើបជាការប្រសើរ។