ខណៈពេលដែលស្បែកមុខរបស់ទារក អាចបង្ហាញឲ្យយើងដឹងបានពីសុខភាពស្បែកទាំងមូលរបស់ទារក បរិវេណគូទក៏ជាសញ្ញាបង្ហាញដ៏ល្អមួយផងដែរ ពីព្រោះបរិវេណនេះងាយនឹងរលាក ក៏ដូចជាឆ្លងមេរោគពីខោទឹកនោមដែលសើម ប្រតិកម្មអាលែកហ្ស៊ីនឹងអាហារ ឬសំណើមកើនឡើង។ ម៉ាក់ៗគួរពិនិត្យមើលបរិវេណដែលប្រើខោទឹកនោម ថាតើមានមានស្នាមក្រហមជាងផ្នែកផ្សេងៗនៃស្បែកដែរឬទេ។ សម្រាប់ទារកដែលស្បែកមានសុខភាពល្អ គឺស្បែកមានភាពស្រស់ថ្លា ទន់ល្មើយ និងមិនមានកន្ទួលរមាស់នោះទេ ទោះបីជានៅបរិវេណដែលស្លៀកខោទឹកនោមក៏ដោយ។
ដំណោះស្រាយ៖ ម៉ាក់ៗគប្បីផ្លាស់ប្ដូរខោទឹកនោមឲ្យទារកឲ្យបានញឹកញាប់ ហើយនៅក្នុងករណីដែលអាអូនកើតកន្ទួលរមាស់ដោយសារខោទឹកនោម ចូរលាបក្រែមកម្ចាត់កន្ទួលសម្រាប់ទារកជារៀងរាល់ពេលផ្លាស់ប្ដូរខោទឹកនោម។

៤. ស្បែកទារកអាចទប់ទល់ជាមួយនឹងការផ្លាស់ប្ដូររដូវកាល
ជាមួយគ្នានេះដែរ ម៉ាក់ៗក៏អាចសង្កេតមើលសុខភាពស្បែករបស់អាអូននៅពេលដែលរដូវកាលផ្លាស់ប្ដូរ។ នៅរដូវរងា ម៉ាក់ៗតែងតែយកចិត្តទុកដាក់ជាពិសេស ដើម្បីឲ្យទារកមានភាពកក់ក្តៅ និងមានសំណើម។ ប៉ុន្តែ នៅអំឡុងពេលរដូវក្ដៅ ការប្រែប្រួលសីតុណ្ហភាព និងភ្នាក់ងារបង្កការរលាកនៅក្នុងខ្យល់អាកាសអាចបណ្ដាលឲ្យទារកជួបប្រទះបញ្ហាស្បែកជាច្រើន ហើយស្បែកទារកភាគច្រើននឹងចាប់ផ្ដើមស្ងួត អាលែកហ្ស៊ី និងចេញកន្ទួលរមាស់នៅពេលនេះ។