ស្បែកទារកនៅខ្ចីខ្លាំងណាស់ ងាយប្រឈមនឹងបញ្ហាចេញកន្ទួលរមាស់ផ្សេងៗ និងអាចបណ្តាលឲ្យរលាកស្បែក។ ខាងក្រោមនេះជាបញ្ហាស្បែកទារកជួបញឹកញាប់បំផុត ដែលបញ្ហាស្បែកមួយចំនួនវានឹងបាត់ទៅវិញដោយឯងៗ ឯមួយចំនួនទៀតអាចវិវត្តទៅធ្ងន់ធ្ងរ បើយើងមិនព្យាបាល។
១- កន្ទួលពណ៌សនៅចុងច្រមុះ ឬត្របកភ្នែក
បញ្ហាស្បែកប្រភេទនេះ បណ្ដាលមកពីក្រពេញខ្លាញ់នៅលើស្បែក។ កាលណាក្រពេញស្បែកទារកសម្បូរជាតិខ្លាញ់ដែលផ្ទុកសារជាតិ Keratinនិង Sebum បង្កទៅជាពងបែកតូចៗពណ៌ស ឬលឿងលើមុខ។ តែម៉ាក់ប៉ាមិនបាច់បារម្ភទេ ជាធម្មតា អាការៈនេះនឹងត្រូវជាសះស្បើយដោយឯកឯង ពី ៨-១០ ថ្ងៃ មិនចាំបាច់ការព្យាបាលអ្វីទាំងអស់។
អត្ថបទពាក់ព័ន្ធ៖ កូនក្មេងកើតមកមានពងថ្លា សៗ នៅលើច្រមុះ មកពីអ្វី?
២- ចំហាយក្តៅ ឬចែងថ្ងៃ
ចំហាយក្តៅ ឬ ចែងថ្ងៃ ជាកន្ទួលខ្ទុះតូចៗ ពណ៌ក្រហម ច្រើនកើតមាននៅលើខ្នង ថ្ងាស ឬបរិវេណដើមទ្រូងទារក។ ចែងថ្ងៃបង្កឡើងដោយការកកស្ទះរន្ធញើស ជាពិសេសកើតពេលអាកាសធាតុក្តៅខ្លាំង ឬសើមខ្លាំង។
៣- មុន ឬស្រែងទឹកដោះ
មុន ឬស្រែងទឹកដោះ ជាការរលាកក្រហមៗ ហើយមានខ្ទុះសៗនៅលើមុខ ឬថ្ពាល់ទារកនេះ កើតឡើងដោយសារការវិវត្ត នៃការបញ្ជូនអ័រម៉ូនពីម្ដាយទៅរាងកាយទារក ឬមកការពីហៀរទឹកដោះ និងទឹកដោះគោទៅលើមុខទារក។ បើរលាកតិចតួច វារលាយបាត់ទៅវិញដោយខ្លួនឯង តែរលាកខ្លាំងម៉ាក់ប៉ាចាំបាច់ត្រូវទៅជួបគ្រូពេទ្យដើម្បីប្រើប្រេង ឬក្រែមបំបាត់រលាកព្យាបាល។
អត្ថបទពាក់ព័ន្ធ៖ ស្បែកអាអូនមានបញ្ហា សាកប៉ុន្មានចំណុចនេះលមើល៍
៤- ស្នាមសៗ
វាជាស្នាមសៗ សែ្តងចេញជាបន្ទះសជាមួយក្រមរស្តើង ដូចជាជំងឺភ្លឺនៅលើមនុស្សធំ ភាគច្រើនសង្កេតឃើញកើតនៅមុខ ជាពិសេសថ្ពាល់ទារក។ ស្នាមសៗនេះអាចជាដោយមិនបាច់ព្យាបាល គ្រាន់តែចៀសវាងការត្រូវកម្តៅថ្ងៃ តែបើករណីធ្ងន់ធ្ងរត្រូវប្រើក្រែមដើម្បីព្យាបាល។
៥- កន្ទួលក្រហម
នេះជាការរីករាលដាលនៃការរលាកក្រហម (ខ្លះមានខ្ទុះពណ៌ស ឬលឿងនៅចំកណ្ដាល) ដែលច្រើនកើតមាននៅលើខ្នង មុខ ដើមទ្រូង ឬដៃរបស់ទារក។ បញ្ហានេះមិនមានអ្វីដែលបង្កគ្រោះថ្នាក់ដល់ទារកនោះទេ ព្រោះវានឹងបាត់ទៅវិញដោយឯកឯងបន្តិចម្តងៗ ២-៣ខែ ដំបូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]