ពិតអត់ ទឹក​ដោះ​ម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?

    ពិតអត់ ទឹក​ដោះ​ម្ដាយជាឱសថកម្ចាត់កន្ទួលរមាស់លើស្បែកទារក?

    ម៉ាក់ៗ​​ជាច្រើន​​សម្រេចចិត្ត​បំបៅដោះ​កូន ព្រោះ​យល់ថា​ទឹកដោះ​ម្តាយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជាច្រើន​ ដែល​មាន​អត្ថប្រយោជន៍​សម្រាប់​ទារក​ទើប​នឹង​កើត។

    ជា​ការពិត​ណាស់​ទារក​ដែល​ទទួល​បាន​អាហារូបត្ថម្ភ​តាមរយៈ​ការ​បំបៅ​ដោះ​ក្នុង​រយៈពេល​៦​ខែ​ដំបូង​តែ​មួយ​មុខ​គត់​នៃ​ជីវិត​របស់​ពួកគេ​ ភាគច្រើន​ជួបប្រទះ​នូវ​ការ​ចម្លង​មេរោគ និង​ការ​រាករូស​តិចតួច​។

    យ៉ាងណាមិញ​ ​តើ​ទឹកដោះ​ម្តាយ​ពិតជា​អាច​ព្យាបាល​កន្ទួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ដែរ​ឬ​ទេ​?

    .ទារក​តែង​មាន​​​កន្ទួល​លើ​ស្បែក​

    បើ​តាម​គ្រូពេទ្យ​​ ទារក​មាន​ស្បែក​ងាយ​ប្រតិកម្ម​ ដូច្នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​តែង​​​​​​ព្រួយ​បារម្ភ​ នៅ​ពេល​ឃើញ​កន្ទួល​នៅ​លើ​ខ្លួន​កូនៗ​ជាទី​ស្រលាញ់​។

    ជួនកាល​ វា​គឺ​ជា​រឿង​ធម្មតា​សម្រាប់​ទារក​ដែល​​កើតមាន​កន្ទួល​នៅ​លើ​ស្បែក។ ជាក់​ស្តែង​ កន្ទួល​លើ​ស្បែក​របស់​ទារក​ ជាទូទៅ​ពុំ​បង្ក​នូវ​គ្រោះ​ថ្នាក់ និង​អាច​ព្យាបាល​នៅ​ផ្ទះ​ដោយខ្លួនឯង​បាន។

    ឧទាហរណ៍​ ដូចជា​រោគ​រលាក​ស្បែក​ ឬ​កន្ទួល​ដោយ​សារ​ខោ​ទឹកនោម​។ វា​កើត​ឡើង​នៅ​ពេល​ស្បែក​ទារក​ប៉ះពាល់​ទៅ​នឹង​ខោ​ទឹក​នោម​ដែល​សើម និង​កខ្វក់​រយៈពេល​យូរ។ ដំណោះស្រាយ​ជាទូទៅ សម្រាប់​បញ្ហា​កន្ទួល​ដោយសារ​​ខោ​ទឹក​នោម​ គឺ​យើង​ត្រូវ​​ផ្លាស់​ប្តូរ​ខោ​ទឹកនោម​ជា​ទៀងទាត់ និង​ប្រើ​ប្រភេទ​ថ្នាំលាប​ ឬ​ក្រែម​សម្រាប់​កន្ទួល​លើ​ស្បែក។

    មាន​ការ​លើកឡើង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ថា​ ​ម៉ាក់ៗ​​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ដោះ​ម្តាយ​ ​សម្រាប់​ព្យាបាល​កន្ទួល​លើ​ខ្លួន​របស់​កូន​​ ហើយ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​។ តើ​វា​គឺ​ជា​ការពិត​ដែរ​ឬ​ទេ?​

    ទឹកដោះ

    .​តើ​ទឹក​ដោះ​ម្តាយ​អាច​ជួយ​ព្យាបាល​កន្ទួល​បាន​យ៉ាង​ដូច​ម្តេច?

    មុន​ពេល​ដែល​យើង​ពិភាក្សា​អំពី​ការសិក្សា​លើ​ប្រសិទ្ធិភាព​នៃ​ទឹក​ដោះ​ម្តាយ ចំពោះ​​ការ​ព្យាបាល​កន្ទួល យើង​មក​ធ្វើការ​វិភាគ​អំពី​សារធាតុចិញ្ចឹម​នៅ​ក្នុង​ទឹក​ដោះ​ម្តាយ ដែល​អាច​ជួយ​ព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ស្បែក​ទារក​ជា​មុន​សិន​។

    អ្នកជំនាញ​ជាច្រើន​បាន​លើក​ឡើង​ថា​ ទឹកដោះ​ម្តាយ​ មាន​សារជាតិ​ប្រឆាំង​នឹង​ការរលាក​។ ប្រូតេអ៊ីន​នៅ​ក្នុង​ទឹកដោះ​ម្តាយ​ អាច​ជួយ​ប្រឆាំង​នឹង​មេរោគ​ ក៏ដូច​ជា​បាក់តេរី ហើយ​មាន​ផ្ទុក​នូវ​កត្តា​លូតលាស់ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​របួស​ឆាប់​ជា​សះស្បើយ​ថែម​ទៀត​ផង។​

    សារធាតុ​ទាំងនេះ គឺ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិស​ម្រាប់​ចុង​សុដន់​ដែល​ឈឺ ឬ​ស្ងួតប្រេះ​។ អ្នកស្រាវជ្រាវ​ក៏​បាន​អះអាង​ថា​ ទឹក​ដោះម្តាយ​មាន​គុណប្រយោជន៍​នៅ​ក្នុង​ការ​ព្យាបាល​របួស​ ដែល​ប្រៀបបាន​ទៅ​នឹង​ខ្លាញ់​ចម្រាញ់​ពី​រោមចៀម​ (Lanolin) ដែល​ជា​ក្រែម​ផ្តល់សំណើម​ដល់​បបូរមាត់​ ឬ​ចុង​សុដន់​ដែល​ស្ងួត​ប្រះ។ ​

    យ៉ាងណាមិញ​ តើទឹកដោះម្តាយ​ អាចព្យាបាល​កន្ទួល​ដែល​កើត​មាន​នៅ​លើ​ខ្លួន​របស់​ទារក​ដែល​ទើប​នឹង​កើត​ដែរ​ឬទេ?​

    ដោយសារ​តែ​ម៉ាក់ៗ​ជាច្រើន​បាន​អះអាង​​ថា​ ទឹក​ដោះម្តាយពិត​ជា​មានប្រសិទ្ធភាព​សម្រាប់​ការ​ព្យាបាល​កន្ទួល អ្នកស្រាវជ្រាវ​បាន​ព្យាយាម​បញ្ជាក់​លើ​ការអះអាង​នេះ​ ដោយ​ធ្វើការ​សិក្សា​មួយ​ចំនួន។

    ការស្រាវជ្រាវ​ដែល​មាន​ចំណងជើង​ថា ការ​ព្យាបាល​ដោយ​ទឹកដោះ បាន​ពិនិត្យ​ឡើងវិញ​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទិននឹង​​ទឹក​ដោះម្តាយ និង​ស្ថានភាព​ស្បែកទារក។ យ៉ាងណាមិញ​​ ពួកគេ​បាន​រក​ឃើញ​ថា​ លទ្ធផល​ពុំមាន​ភាពស៊ីចង្វាក់គ្នា​នោះ​ទេ។​

    ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​ វា​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ត្រអក​ឡើយ។​ ប៉ុន្តែ​ អ្នក​ស្រាវ​​ជ្រាវ​បាន​កត់​សម្គាល់​ថា​ ការស្រាវជ្រាវ​មួយ​ចំនួន​នៅ​មាន​កម្រិត​នៅ​លើយ​​ ដូចជា​មាន​អ្នក​ចូលរួម​តែ​៦នាក់​ប៉ុណ្ណោះ​។

    លើស​ពី​នេះ​ទៅ​ទៀត អ្នក​ចួល​រួម​ពីរ​នាក់​បាន​ទទួល​នូវ​ទឹកដោះ​ម្តាយ ដែល​សម្រាប់​ទារក​មាន​វ័យ​ក្មេង​ជាងខ្លួន​។ មាន​ន័យ​ថា​ ទារក​ទាំង​ពីរនោះ​ មិន​មែន​ជាទារក​ដែល​ទើប​នឹង​កើត​ទៀតឡើយ ពួកគេ​មាន​អាយុ​១៨​ខែ​កន្លះ​ទៅ​ហើយ។

    ​​.​ប្រសិទ្ធ​ភាព​នៃ​ទឹក​ដោះ​ម្ដាយ​ចំពោះ​ជំងឺ​ត្រអក​

    នៅ​ពេល​ដែល​​​ អ្នក​សិក្សា​​ក្រលេក​មក​មើល​ការ​សិក្សា​មួយ​ផ្សេង​ទៀត​ ដែល​មាន​អ្នក​ចូលរួម​ជា​ទារក​១១៤នាក់ ពួកគេ​រក​ឃើញ​ថា​ វា​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។

    នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​ អ្នក​ស្រាវជ្រាវ​ប្រៀប​ធៀប​លទ្ធផល​ក្នុង​ការ​ព្យាបាល​​ដោយ​ទឹកដោះ​ម្តាយ​ និង​ហ៊ីដ្រូខូធីសូន​១% (Hydrocortisone) លើ​ជំងឺ​ត្រអក​។

    រយៈពេល​២១ថ្ងៃក្រោយ លទ្ធផល​បង្ហាញ​ថា​​​ ទារក​ដែល​ជាសះស្បើយ​មាន​ចំនួន៨១,% ដោយ​ប្រើ​ទឹក​ដោះ​មនុស្ស​។ នៅ​ក្នុង​ក្រុម​ហ៊ីដ្រូខូធីសុន វា​មាន​ចំនួន​៧៦%។ ពួកគេ​សន្និដ្ឋាន​ថា​ ទឹកដោះ​ម្តាយ​ «អាច​ធ្វើឲ្យ​ប្រសើរឡើង​​» នូវ​ជំងឺ​ត្រអក ​ដោយ​ទទួល​បាន​លទ្ធផល​ដូចគ្នា​ទៅ​នឹង​ការព្យាបាល​ដោយ​ប្រើ​ក្រែម​លាប​ហ៊ីដ្រូខូធីសុន​។

    ការសាកល្បង​ដោយ​ប្រើ​វិធីសាស្រ្ត​ស្រដៀង​គ្នា​មួយ​នោះ​គឺ​ ពួកគេ​បែងចែក​អ្នក​ចូលរួម​ជា​ទារក ដែល​កើត​ជំងឺ​ត្រអក​ជា​ពីរ​ក្រុម​។ ក្រុម​ទី​១ ម៉ាក់ៗ​​ត្រូវ​លាប​ទឹក​ដោះ​នៅ​លើ​ស្បែក​ទារក​ បន្ទាប់​ពី​បំបៅ​ដោះ​រួច ហើយ​ក្រុម​មួយ​ទៀត​ទទួល​បាន​ក្រែម​ហ៊ីដ្រូខូធីសុន​សម្រាប់​ការ​ព្យាបាល។

    ចុងក្រោយ​ ពួកគេ​សន្និដ្ឋាន​ថា​ ពុំ​មាន​ភាព​ខុសគ្នា​រវាង​ប្រសិទ្ធភាព​នៃ​ទឹកដោះ​ម្តាយ​ និង​ហ៊ីដ្រូខូធីសូន​១% នៅ​ក្នុង​ការ​ព្យាបាល​ជំងឺ​ត្រអក​កម្រិត​ស្រាល​ និង​មធ្យម​ឡើយ​។

    .​លទ្ធផល​នៃ​ទឹកដោះ​ម្តាយ​លើកន្ទួល​ដោយ​ខោ​ទឹក​នោម

    នៅ​ក្នុង​ការ​សិក្សា​មួយ​ អ្នក​ស្រាវ​ជ្រាវ​បាន​បែង​ចែក​ទារក​៣០នាក់ ដែល​មាន​រោគ​រលាក​ស្បែក​ជា​២​ក្រុម​។ ពួកគេ​ឲ្យ​ម្ដាយ​​នៅ​ក្នុង​ក្រុម​ពិសោធន៍ លាប​ទឹក​ដោះ​នៅ​លើ​ស្បែក​ចំនួន​៣ដង​ក្នុង​មួយ​ថ្ងៃ​​និង​មួយ​ក្រុម​ទៀត​ពុំ​បាន​ទទួល​នូវ​ការ​ព្យាបាល​ណាមួយ​ឡើយ​។

    រយៈពេល​៥​ថ្ងៃ​ក្រោយ​ ៨០%​នៃ​អ្នក​ចូល​រួម​មក​ពី​ក្រុម​ពិសោធន៍​ បង្ហាញ​ថា​កន្ទួល​​មាន​ភាព​ប្រសើរ​ឡើង​។ ចំណែក​ឯ​ទារក​នៅ​ក្នុង​ក្រុម​ទទួលការ​ព្យា​បាល​ មាន​ចំនួន​២៦,%ប៉ុណ្ណោះ​។​​

    នៅ​ពេល​ការសិក្សា​មួយទៀត​ លើ​ការ​ប្រៀបធៀប​លទ្ធផល​ព្យាបាល​នៃ​ទឹកដោះ​មនុស្ស​ និង​ក្រែមបារ៉ឺអឺ (Barrier Cream) សម្រាប់​កន្ទួល​ដោយ​ខោ​ទឹក​នោម​ លទ្ធផល​បង្ហាញ​ថា ក្រែម​បារ៉ឺអឺមាន​ប្រសិទ្ធភាព​ជាង។

    .​លទ្ធផល​ទឹកដោះ​ម្តាយ​លើ​​មុន​របស់​ទារក

    គេហទំព័រ និង​ប្លុក​ទាក់​ទងនឹង​ឪពុក​ម្តាយ​មួយ​ចំនួន​ បាន​លើក​ឡើង​ថា​ ទឹក​ដោះ​ម្តាយ​មាន​ប្រសិទ្ធភាព​ដែរ​ ក្នុង​ការព្យាបាល​មុន​លើ​ទារក។​ យោង​តាម​ការ​អះអាង​ផ្សេងៗ ការ​លាប​ទឹក​ដោះ​ម្តាយ​នៅ​លើ​ផ្ទៃមុខ​ដែល​កើតមុន​របស់​ទារក​ នឹង​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។

    កន្ទួល​លើ​ស្បែក​មុនខ កើត​ឡើងនៅពេល​ទារក​ដែល​ទើបនឹងកើត​ ប៉ះពាល់​ទៅ​នឹង​អ័រម៉ូន​របស់​ម្តាយ​ នៅ​ពេល​ដែល​ទារក​នៅ​ក្នុងស្បូន។​ បញ្ហា​នេះ មិន​ត្រូវការ​ការ​ព្យាបាល​នោះ​ទេ។

    ក្រុម​វេជ្ជបណ្ឌិត​បាន​លើកឡើងថា​ មុន​ទាំងនោះ​នឹង​បាត់ទៅ​វិញ​ដោយខ្លួនឯង។​ ប៉ាម៉ា់​​ក់​​គប្បី​លាង​សម្អាត​ផ្ទៃមុខ​របស់​ទារក​ម្តង​ក្នុង​មួយ​ថ្ងៃ ជា​មួយ​នឹង​សាប៊ូ​ដែលពុំ​មាន​ជាតិ​កាត់ និង​ទឹកធម្មតា។​

    ទោះ​ជាយ៉ាងនេះក៏ដោយ​ ពុំមានការ​សិក្សា​អំពី​លទ្ធផល​ទឹកដោះម្តាយ​ចំពោះ​បញ្ហា​មុន​នោះ​ទេ។ អ្នក​ជំនាញ​មួយ​ចំនួន​ បាន​គាំ​ទ្រគំនិត​នេះ​ ដោយ​ចង្អុល​បង្ហាញ​ថា សារធាតុគីមី​នៅ​ក្នុងទឹក​ដោះម្តាយ​ អាច​ជួយបាន​ ប៉ុន្តែ​ក្រៅពីនោះ​ យើង​ក៏​មាន​លទ្ធផល​នៃ​ការសាកល្បង​របស់​ឪពុកម្តាយ​នៅលើ​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 17/11/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត