ការពិនិត្យសុខភាពទូទៅរបស់ទារក ភាគច្រើនតែងធ្វើឡើងនៅអំឡុងពេលទារកអាយុ ១ថ្ងៃ ឬ ៣ថ្ងៃក្រោយកើត នៅពេលដែលទារកស្នាក់ជាមួយម្ដាយនៅមន្ទីរពេទ្យផ្នែកសម្ភព។ មន្ទីរពេទ្យ កាល់ម៉ែត បានបន្តថា ការពិនិត្យសុខភាពទារកនេះមានសារៈសំខាន់ ដោយសារគ្រូពេទ្យត្រូវពិនិត្យរកមើលករណីមួយចំនួន។
– ភាពមិនប្រក្រតីពីកំណើតរបស់ទារក៖ ដើម្បីព្យាបាលបន្តនៅផ្នែកសង្គ្រោះទារក ឬត្រូវការព្យាបាលវះកាត់បន្ទាន់ ដូចនេះគ្រូពេទ្យត្រូវប្រាប់ក្រុមគ្រួសាររបស់ទារកពីបញ្ហាបន្ទាន់ទាំងនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។
– សុខភាពទារកក្រោយកើត៖ តើទារកអាចបន្សាំនឹងជីវិតខាងក្រៅបានល្អឬទេ ពីព្រោះទារកមួយចំនួនក្រោយពីកើតមក ចាប់ផ្ដើមមានបញ្ហាផ្លូវដង្ហើម ចុះជាតិស្ករ មិនបៅ ឬក៏បញ្ហាផ្សេងៗទៀតដែលទាមទារឲ្យគ្រូពេទ្យបញ្ជូនទៅតាមដាននៅកន្លែងសង្គ្រោះទារក។
