backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

កូនមានទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 28, 2022

កូនមានទម្លាប់បៀមម្រាមដៃគួរផ្តាច់តាមវីធីណា? នេះជាតិចនិកម៉ាក់ៗគួរដឹង

ទារកមួយចំនួនមានទម្លាប់បៀមម្រាមដៃ ហើយក្មេងមួយចំនួនទៀតអាច​បៀមម្រាមដៃរហូតដល់ធំ (អាយុ ៥-៧ ឆ្នាំ)។ ហេតុអ្វីបានជា​អាអូន​បៀមម្រាម​ដៃ ហើយការបៀមម្រាមដៃអាចប៉ះពាល់អ្វីខ្លះ? ម៉ាក់ប៉ាគួរជួយអាអូនបញ្ឈប់ការបៀមម្រាមដៃតាមវិធីណា?

ទារកមួយចំនួនបៀមម្រាមដៃដើម្បីរម្ងាប់អារម្មណ៍ខ្លួនឯងនៅពេលឃ្លាន ងងុយគេង ភ័យ ឬអផ្សុក ហើយយូរៗក៏ក្លាយទៅជាទម្លាប់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលអាអូនដុះធ្មេញ ទម្លាប់​បៀម​ម្រាម​ដៃអាចធ្វើឱ្យអាអូនខូចក្រអូមមាត់ព្រោះធ្មេញមុខជួរខាងលើ និងជួរខាងក្រោម​​អាច​ដុះមិន​ត្រង់​ជួរ មានចន្លោះ និងអាចប៉ះពាល់ដល់ការបញ្ចេញសំឡេងរបស់អាអូន។

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលម៉ាក់ប៉ាអាចជួយអាអូនបញ្ឈប់​​ទម្លាប់បៀមម្រាមដៃ៖

១. ឱ្យអាអូនបៅ ឬញុំាឱ្យឆ្អែត

ម៉ាក់ប៉ាគួរបំបៅ ឬឱ្យអាអូនញុំាអាហារឱ្យទៀងទាត់ ចៀសវាងអាអូនឃ្លាន ព្រោះពេលឃ្លាន អាអូនអាចបៀមម្រាមដៃដើម្បីរំងាប់​ការឃ្លាន។

២. បំពេរអាអូនឱ្យគេង

នៅពេលអាអូនងងុយគេង អាអូនក៏បៀមម្រាមដៃដែរ ដូច្នេះម៉ាក់ប៉ាអាចបំពេរអាអូនឱ្យគេង យោល​អាអូនឱ្យគេង ឬពអាអូនដើរចុះដើរឡើងឱ្យអាអូនគេង និងចៀសវាងឱ្យ​អាអូន​គេងបៀមម្រាមដៃរហូតដល់គេងលក់។

៣. កុំឱ្យអាអូនទំនេរ

ពេលអផ្សុក អាអូនអាចបៀមម្រាមដៃ ដូច្នេះម៉ាក់ប៉ាគួររកអ្វី​ឱ្យ​អាអូនធ្វើ ឬលេងដូចជា ឱ្យ​អាអូន​លេងប្រដាប់ប្រដាក្មេងលេង ផាត់រូប គូររូប ឬនាំអាអូនទៅលេងនៅសួនជាដើម និងចៀសវាង​ឱ្យអាអូនទំនេរ​។

៤. ឱ្យជ័រខាំលេងទៅអាអូន

ម៉ាក់ប៉ាអាចឱ្យអាអូនខាំជ័រខាំលេងដើម្បីបង្វែរអារម្មណ៍អាអូនពីការ​បៀម​ម្រាមដៃ និងកុំឱ្យអាអូន​អផ្សុក។ ពេលអាអូនទម្លាប់ខាំជ័រខាំលេង យូរៗអាអូនអាចភ្លេចបៀមម្រាមដៃដោយខ្លួនឯង។

៥. សង្កេតពេលវេលាអាអូនចូលចិត្តបៀមម្រាមដៃ

ម៉ាក់ប៉ាគួរសង្កេតមើលពេលណាអាអូនចូលចិត្តបៀមម្រាមដៃ។ ឧទារហរណ៍ ប្រសិនបើអាអូន​ចូលចិត្ត​បៀមម្រាមដៃពេលមើលទូរទស្សន៍ ឬពេលមើលទូរស័ព្ទ ម៉ាក់ប៉ាគួរបិទទូរទស្សន៍ ឬទូរស័ព្ទ​ ហើយបង្វែរ​អារម្មណ៍​​អាអូនឱ្យធ្វើអីផ្សេង ឬលេងជាមួយអាអូន​ដើម្បីឱ្យ​អាអូន​ឈប់​បៀម​ម្រាមដៃ។

បៀមម្រាមដៃ

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

៦. ពាក់ស្រោមដៃ ឬអាវមានដៃវែងដេរជិតម្រាម

ជាទូទៅពេលអាអូនងងុយគេង ឬពេលអាអូនយល់សប្តិអាក្រក់ អាអូននឹងបៀមម្រាមដៃដើម្បី​លួងលោម​ខ្លួនឯង ដូច្នេះពេលអាអូនគេង ម៉ាក់ប៉ា​​អាចពាក់ស្រោមដៃ ឬអាវដែលដែលមានដៃវែង​ដេរជិតម្រាមដើម្បីការពារអាអូនពីការបៀមម្រាមដៃពេលគេង។

៧. ឱ្យអាអូនគេងឱបតុក្កដា ឬខ្នើយឱប

បើអាអូនមានអាយុលើសពី ២ ឆ្នាំ ម៉ាក់ប៉ាអាចឱ្យអាអូនគេងឱ្យឱប​តុក្កដា ឬខ្នើយឱបដើម្បី​បង្វែរ​អារម្មណ៍អាអូន និងលួងលោមអាអូនឱ្យគេង។ បើម៉ាក់ប៉ាឃើញអាអូនគេងបៀមម្រាមដៃ ម៉ាក់ប៉ាគួរ​ដក​ម្រាម​ដៃ​​អាអូនចេញពីមាត់ថ្នមៗ។

៨. ពន្យល់ហេតុផលប្រាប់អាអូន

ម៉ាក់ប៉ាអាចពន្យល់ហេតុផលពីផលវិបាកនៃការបៀមម្រាមដៃឱ្យអាអូនស្តាប់។ ឧទារហណ៍ ម៉ាក់ប៉ា​អាច​ឱ្យអាអូនបើកមាត់នៅមុខកញ្ចក់ រួចប្រាប់​អាអូនថា ការបៀមម្រាមដៃធ្វើឱ្យធ្មេញមុខជួរខាងលើ និងជួរខាងក្រោមរបស់កូនដុះមិនត្រង់ជួរ លែងស្អាត ហើយខូចក្រអូមមាត់ទៀត។

ម្យ៉ាងទៀត ការ​បៀម​ម្រាមដៃអាចធ្វើឱ្យកូនឈឺដោយសារការឆ្លងមេរោគ​ចូលមាត់ ព្រោះនៅលើម្រាមដៃ និងក្រចក​មាន​មេរោគច្រើនណាស់។ ជាពិសេស មិត្តភក្តិអាចសើចចំអកឱ្យកូនជាដើម។

៩. សរសើរកូន

នៅពេលអាអូនមិនបៀមម្រាមដៃ ម៉ាក់ប៉ាគួរសរសើរអាអូនដើម្បីលើកទឹកចិត្តអាអូន និងចៀសវាង​ស្តី​បន្ទោស ឬចំអកឱ្យអាអូន នៅពេល​​បៀមម្រាមដៃ​ព្រោះអាចធ្វើឱ្យអាអូន​បាត់ជំនឿ​ចិត្តលើ​ខ្លួន​ឯង

១០. លាបរបស់លើម្រាមដៃអាអូន

ម៉ាក់ប៉ាអាចប្រើវិធីរបស់ចាស់ៗដូចជា លាបប្រេងកូឡា ឬ ទឹកខ្មេះលើម្រាមដៃអាអូន​ដើម្បីកុំឱ្យ​​បៀមម្រាមដៃទៀត។ ដូច្នេះពេល​​បៀមម្រាមដៃ​អាអូននឹងហឹរ ឬជូរពេញមាត់ជាមិនខាន តែ​ម៉ាក់ប៉ា​ត្រូវប្រយ័ត្ន កុំឱ្យអាអូនយកដៃញីភ្នែក។

ទម្លាប់បៀមម្រាមដៃអាចពិបាកនឹងផ្តាច់ ប៉ុន្តែម៉ាក់ប៉ាគួរព្យាយាម និងមានភាពអត់ធ្មត់ ហើយ​កុំ​ចិត្ត​ទន់​ឱ្យសោះ ព្រោះពេលខ្លះម៉ាក់ប៉ាឃើញ​អាអូន​​យំដោយសារមិនបានបៀមម្រាមដៃ​អាច​មិន​ដាច់​ចិត្ត។

អត្ថបទគួរអាន៖

ចំណុចសំខាន់

វិធីសាស្រ្តមួយចំនួនដែលម៉ាក់ប៉ាអាចជួយអាអូនបញ្ឈប់ទម្លាប់បៀមម្រាមដៃ៖
  • ឱ្យអាអូនបៅ ឬញុំាឱ្យឆ្អែត
  • បំពេរអាអូនឱ្យគេង
  • កុំឱ្យអាអូនទំនេរ
  • ឱ្យជ័រខាំលេងទៅអាអូន
  • សង្កេតពេលវេលាអាអូនចូលចិត្តបៀមម្រាមដៃ
  • ពាក់ស្រោមដៃ ឬអាវដែលដែលមានដៃវែងដេរជិតម្រាម
  • ឱ្យអាអូនគេងឱបតុក្កដា ឬខ្នើយឱប
  • ពន្យល់ហេតុផលប្រាប់អាអូន
  • សរសើរអាអូន
  • លាបរបស់លើម្រាមដៃអាអូន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 28, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម