backup og meta

វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 22, 2022

    វិធីសាស្រ្តអប់រំកូនពេលមាន​កំហុស កុំឲ្យកូនបាត់ជំនឿចិត្តលើខ្លួនឯង

    ប៉ាម៉ាក់តែងចង់អប់រំកូនៗឱ្យមានអាកប្បកិរិយាត្រឹមត្រូវ និងក្លាយទៅ​ជាបុគ្គលល្អ ប៉ុន្តែពេលខ្លះ​វិធី​សាស្រ្តដែលយើងប្រើដើម្បីអប់រំកូនអាចបំផ្លាញ​ជំនឿចិត្តកូនបន្តិចម្តងៗដោយមិនដឹងខ្លួន។ ការណ៍​នេះ អាច​ធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកសតិបញ្ញា​ និងស្មារតីរបស់កូន។ តើយើងគួរអប់រំបែបម៉េច​ទើប​មិន​បំផ្លាញជំនឿចិត្តកូន?

    លោកស្រីបណ្ឌិត Eileen Kennedy-Moore ឯកទេសចិត្តសាស្រ្ត កុមារ និងគ្រួសារនៅសហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា កុមារតែងតែធ្វើខុស ហើយត្រូវរៀនពីកំហុសខ្លួនឯង ប៉ុន្តែក្នុងនាមជាប៉ាម៉ាក់ យើងមិន​ត្រូវធ្វើឱ្យ​កូន​មានអារម្មណ៍ថា ពួកគេជាក្មេងមិនល្អទេ។

    លោកស្រីបានបន្ថែមថា កុមារមួយចំនួនមានប្រតិកម្មខ្លាំងចំពោះការរិះគន់ ការប្រើហិង្សា ការ​ដាក់​ទណ្ឌកម្ម ហើយងាយបាត់បង់ជំនឿចិត្ត​លើខ្លួនឯងណាស់ ព្រោះកុមារដូចជាក្រដាសស​មួយ​ផ្ទាំង​អ៊ីចឹង ប្រសិនបើពួកគេត្រូវផាត់ពណ៌មិនល្អ ពួកគេនឹងយល់ថាខ្លួនឯង​មិនល្អ​ដែរ ដែលប៉ះពាល់​ដល់​ជំនឿចិត្ត​។​

    ជំនឿចិត្តសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូន ព្រោះកុមារដែលមានជំនឿចិត្ត​លើខ្លួនឯង​អាចប្រឈមនឹងបញ្ហា រៀនពីកំហុសខ្លួន ជួយខ្លួនឯង ចេះសុំជំនួយនៅពេលត្រូវការ មិនបាក់ទឹកចិត្ត ចេះស្រឡាញ់ និង​ឱ្យតម្លៃខ្លួនឯង។

    ខាងក្រោមជាវិធីសាស្រ្តមួយចំនួនដែលយើងអាចសាកល្បងយកមកអប់រំកូនៗ ពេលធ្វើខុស៖

    ១. ផ្តល់សិទ្ធិឱ្យកូនសាងកំហុស

    ពេលកូនធ្វើខុសអ្វីមួយ ប៉ាម៉ាក់ត្រូវគិតថា អាអូននៅតូច នៅមានរឿងជាច្រើនត្រូវរៀន និងកែប្រែ។ ពួកគេ​អាចមិនដឹងថា ការធ្វើអ្វីមួយអាចបណ្តាល​ឱ្យមានផលវិបាកអ្វីទេ ដូច្នេះយើងត្រូវផ្តល់​ឱកាស​ឱ្យ​ពួកគេ ហើយ​ប្រាប់ និងបង្ហាញកូនៗពីអ្វីដែលពួកគេអាចធ្វើបាន និងអ្វីដែលពួកគេមិនអាច​ធ្វើ​បាន។

    ប្រសិនបើប៉ាម៉ាក់មិនផ្តល់សិទ្ធិឱ្យកូនសាងកំហុស អូនតូចនឹងក្លាយ​ទៅ​ជា​មនុស្សមិនចេះ​សម្រេច​ចិត្តដោយខ្លួនឯង ហើយតែងតែសួរយោបល់ពីអ្នកដទៃ។

    ២. កុំស្រែកដាក់កូន

    ពេលកូនធ្វើខុស យើងត្រូវទប់អារម្មណ៍ ហើយមិនត្រូវស្រែកដាក់អាអូនទេ។ ការស្រែកគំហក​អាចធ្វើឱ្យអាអូនភ័យតក់ស្លុតដែលអាចបណ្តាល​ឱ្យកូន​មានបញ្ហាក្នុងការកសាងជំនឿចិត្តលើខ្លួនឯង។

    ៣. កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ

    ការជេរ ឬបន្ទោរកូននៅទីសាធារណៈឱ្យអ្នកដទៃដឹងឮថាអូនតូចធ្វើខុស​គឺជាការបង្កើតការ​អាម៉ាស់​ដល់អូនតូចដែលធ្វើឱ្យអូនតូចយល់ថាខ្លួនឯងអន់ មិនល្អ ហើយអ្នកផ្សេងអាចលែងចូលចិត្តខ្លួនទៀតហើយ ព្រោះខ្លួនធ្វើខុសដែលធ្វើឱ្យអូនតូចបាត់បង់ជំនឿចិត្តលើខ្លួនឯង។

    កុំជេរ ឬបន្ទោរកូននៅទីសាធារណៈ

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៤. ផ្តល់លេសសម្រាប់អាកប្បកិរិយារបស់កូន

    ពេលកូនធ្វើខុស ប៉ាម៉ាក់អាចចាប់ផ្តើមដោយនិយាយថា «ប៉ាម៉ាក់ដឹង​ថា​កូនមិនមានបំណង« ឬ «កូន​ប្រហែលជាមិនដឹង» ឬ «កូនព្យាយាមធ្វើហើយតើ» ដើម្បីប្រាប់កូនថា ប៉ាម៉ាក់ដឹងថាកូនជាក្មេងល្អ ហើយ​មានចេតនាល្អ ទោះបីជាកូនធ្វើខុសក៏ដោយ។

    ៥. ប្រាប់ហេតុ​ផល​

    ប្រសិនបើពេលលេងជាមួយគ្នា បងវាយប្អូន យើងត្រូវប្រាប់កូនថា «ពេល​លេងត្រូវចែកគ្នាលេង ប៉ាម៉ាក់​ដឹងថាកូនគ្មានបំណងវាយប្អូនទេ តែពេលកូនវាយប្អូនអ៊ីចឹង ប្អូនឈឺ ឃើញប្អូនយំទេ។ ចុះ​ឧទារហរណ៍ថា ប្អូនវាយកូនវិញ កូនឈឺទេ? កូនយំទេ? អ៊ីចឹងថ្ងៃក្រោយមិនត្រូវវាយប្អូនទៀតទេ ហើយ​ត្រូវ​សុំទោសប្អូន និងលួងប្អូនឱ្យបាត់យំ»។

    ៦. ប្រាប់កូនឱ្យរកដំណោះស្រាយ

    បើកូនជ្រុលជាធ្វើខុសទៅហើយ អ៊ីចឹងយើងគួរប្រាប់កូនឱ្យរកដំណោះស្រាយ​វិញល្អជាង។ ឧទារហណ៍ ពេលកូនងូតទឹកហើយ មិនបានជូតជើង ឬខ្លួនឱ្យស្ងួត ហើយដើរចេញពីបន្ទប់ទឹក ធ្វើ​ឱ្យ​មានទឹកពេញលើឥដ្ឋ ប៉ាម៉ាក់អាចប្រាប់កូនឱ្យ យកកំណាត់​មកជូតឱ្យស្ងួត ចៀសវាង​ដើរ​រអិល​ដួល ឬធ្វើឱ្យអ្នកផ្ទះរអិលដួល និង​ប្រាប់កូន​មុនចេញពីបន្ទប់ទឹកត្រូវជូតជើង ឬខ្លួន​ឱ្យស្ងួត។

    ការអប់រំកូនដោយមិនប្រើការជេរ ស្តីបន្ទោស ហិង្សា ឬទណ្ឌកម្មជាវិធីអប់រំ​​កូន​ដែល​មិនបំផ្លាញ​ជំនឿ​ចិត្តកូនៗ ប៉ុន្តែប៉ាម៉ាក់ត្រូវការភាពអត់ធ្មត់ និងត្រូវព្យាយាមអប់រំម្តងបន្តិចៗ។

    គួរ​អាន៖

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម