​ទម្លាប់​ស្រែក​គំហក​ដាក់​កូន​ ​អាច​ជះ​ឥទ្ធិពល​លើ​​ផ្លូវ​ចិត្ត​​កូន​៤​យ៉ាង​

    ​ទម្លាប់​ស្រែក​គំហក​ដាក់​កូន​ ​អាច​ជះ​ឥទ្ធិពល​លើ​​ផ្លូវ​ចិត្ត​​កូន​៤​យ៉ាង​

    ប៉ា​ម៉ាក់​​អាច​នឹង​ស្រែក​គំហក​ដាក់​កូន​ នៅ​ពេល​ដែល​​យើង​មាន​អារម្មណ៍​នឿយហត់​ ​ស្រ្តេស​ខ្លាំង ឬ​ខឹង​។ ជាក់​ស្ដែង​​ ការ​ស្រែក​គំហក​គ្រាន់​តែ​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី​ ដើម្បី​ដោះស្រាយ​នឹង​អាកប្បកិរិយា​មិន​ល្អ​​របស់​កូន​ប៉ុណ្ណោះ​។ ពិត​ណាស់​ ប៉ា​ម៉ាក់​​មិន​អាច​គ្រប់គ្រង​អារម្មណ៍​​ និង​សម្ដី​របស់​ខ្លួន​បាន​​ឡើយ​ នៅ​ពេល​ដែល​ខ្លួន​ហត់​នឿយ​។ យ៉ាង​ណា​មិញ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ ទង្វើ​នេះ​ជា​ការ​​ដាក់​ពិន័យ​ដ៏​ឃោរឃៅ និង​អាច​​ជះឥទ្ធិពល​មិន​ល្អ​ដល់​ផ្លូវ​ចិត្ត​របស់កូន​ថែម​ទៀត​ផង​។

    ១. ធ្វើ​ឲ្យ​កូន​មាន​អាកប្បកិរិយា​កាន់​តែ​អាក្រក់​

    ខណៈ​ពេល​ដែល​ការ​ស្រែក​គំហក​ដាក់​កូន អាច​បញ្ឈប់​សកម្មភាព​ទាំងឡាយ​ដែល​ពួកគេ​កំពុង​ធ្វើ​ វា​ក៏​អាច​បង្កើត​បញ្ហា​ជា​ច្រើន​សម្រាប់​ប៉ា​ម៉ាក់​ និង​កូន​នៅ​ថ្ងៃ​អនាគត​ដូច​គ្នា។​ ជា​ធម្មតា​ ក្មេង​ៗ​តែងតែ​ស្វែងយល់​ពី​អ្វី​ថ្មីៗ​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ស្រែក​គំហក​ដាក់​ពួក​គេ​ឲ្យ​ឈប់​ធ្វើ​រឿង​ជាក់លាក់​ណាមួយ​ ពួក​គេ​អាច​​​នឹង​ធ្វើ​រឿង​កាន់​តែ​គ្រោះថ្នាក់​ជាង​នេះ​ទៅ​ទៀត​។ មួយ​វិញ​ទៀត​ ការ​ស្រែក​ឲ្យ​កូន​ក៏​អាច​ធ្វើ​ឲ្យ​ពួកគេ​កាន់​តែ​គឃ្លើន​​ ដោយសារ​តែ​ពួកគេ​ស្វែងរក​វិធី​ដើម្បី​ការពារ​សកម្មភាព​របស់​ខ្លួន។

    ២. ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​ខួរក្បាល​

    ​ជាមួយ​គ្នា​នេះ​ដែរ​ ការ​ស្រែក​គំហក​គឺ​ជា​លទ្ធផល​នៃ​អារម្មណ៍​អវិជ្ជមាន​។ ជា​ទូទៅ​ ខួរ​ក្បាល​របស់​មនុស្ស​យើង​ដំណើរការ​ និង​គិត​ដល់​គំនិត​អវិជ្ជមាន​ច្រើន​ជាង​វិជ្ជមាន​។ ហេតុ​នេះ​ហើយ​ ការ​ស្រែក​គំហក​ដាក់​កូន​ជា​ញឹកញាប់​អាច​ផ្លាស់ប្ដូរ​ដល់​ការអភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​។

    ៣. អាច​បង្ក​ជា​​​ជំងឺ​បាក់​ទឹក​ចិត្ត​

    ចំពោះ​ក្មេង​ដែល​ត្រូវ​ប៉ា​ម៉ាក់​ស្រែក​គំហក​ដាក់​ជា​ញឹកញាប់​ អាច​វិវត្តជា​​អារម្មណ៍​មិន​ឲ្យ​តម្លៃ​ដល់​ខ្លួន​ឯង និង​ខ្វះ​ទំនុក​ចិត្ត​ ដោយ​ជឿ​ថា​ខ្លួន​ឯង​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​បំពេញ​សកម្មភាព​ផ្សេង​ៗ​។ ជា​លទ្ធផល​ វា​អាច​បណ្ដាល​ឲ្យ​ក្មេង​​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​នៅ​ពេល​ពេញ​វ័យ​។

    ៤. ប៉ះពាល់​​សុខភាព​

    លើស​ពី​នេះ​ ការ​ស្រែក​គំហក​ធ្វើ​ឲ្យ​ក្មេង​កើត​ស្រ្តេស​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​របស់​ពួក​គេ​ផង​ដែរ​។​ ក្នុង​ករណី​ខ្លះ ​ការ​ស្រែក​គំហក​ឲ្យ​កូន​អាច​បង្ក​ជា​បញ្ហា​សុខភាព​រយៈពេល​វែង​។ ក្មេង​ខ្លះ​អាច​ជួប​បញ្ហា​រលាក​សន្លាក់​ បញ្ហា​ខ្នង​ និង​ក ព្រម​ទាំង​ឈឺក្បាល​ធ្ងន់ធ្ងរ​ ដែល​រោគសញ្ញា​ទាំង​នេះ​អាច​បន្ត​កើត​ឡើង​រហូត​ដល់​ពេល​ពេញ​វ័យ​។

    ស្រែកឲ្យកូន២

    ប៉ា​ម៉ាក់​គួរ​ធ្វើ​បែប​ណា​ ដើម្បី​ជៀសវាង​ការ​ស្រែក​គំហក​ដាក់​កូន​?

    • ​​​​ពេល​មាន​អារម្មណ៍​ខឹង​ ចូរ​រាប់​ពី​១​ដល់​១០​ និង​ដកដង្ហើម​ឲ្យ​វែង​ៗ​ជា​មុន​សិន​
    • តាំង​អារម្មណ៍​ឲ្យ​ស្ងប់​ និង​ផ្ដល់​ការ​ណែនាំ​ត្រឹមត្រូវ​ដល់​កូន
    • ដាក់​ពិន័យ​ដោយ​ការ​​ដក​យក​របស់​លេង ឬ​កាត់បន្ថយ​ម៉ោង​មើល​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​ដៃ​
    • កំណត់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មួម៉ៅ​​ឲ្យ​បាន​ច្បាស់លាស់​ និង​ចំណាយ​ពេល​នៅ​ស្ងប់ស្ងាត់​ម្នាក់​ឯង​​បន្តិច​សិន​ ដើម្បី​បន្ធូរ​អារម្មណ៍​
    • អប់រំ​ណែនាំ​កូន​ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ស្ងប់​ល្អ​
    • គិត​​អំពី​ចំណុច​វិជ្ជមាន​របស់​កូន។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    ​What Am I Doing to My Kid When I Yell?

    https://www.fatherly.com/parenting/parents-yell-affect-child-development-laura-markham/

    5 Psychological Effects of Yelling at a Child & What You Can Do Instead of Yelling

    https://www.greenspringsschool.com/psychological-effects-of-yelling/

    6 Reasons Why Yelling at Kids Doesn’t Actually Work

    https://www.parents.com/health/healthy-happy-kids/a-parental-wake-up-call-yelling-doesnt-help/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 05/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត