សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

    សញ្ញា​ទាំង​នេះ​បញ្ជាក់​ថា​កូវីដ-១៩​ ប៉ះពាល់​​​​ផ្លូវ​ចិត្ត​កូន​ ​​​​​​​​​​​​​​​

    ​ក្នុង​អំឡុង​ពេល​នៃ​ជំងឺ​កូវីដ-១៩​​​នេះ ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​បាន​កើន​ឡើង​​​ចំពោះ​​មនុស្ស​គ្រប់​វ័យ​ ជា​ពិសេស​​ទៅ​លើ​ក្មេង​ៗ​ ។ រោគសញ្ញា​នៃ​បញ្ហា​ផ្លូវ​ចិត្ត​​ដែល​យើង​តែងតែ​មើល​រំលង​មាន​ដូចជា​​​ឆាប់​ខឹង​ ខ្ជិល​ ឬ​រឹងរូស​។ល។ បញ្ហា​​ចម្បង​ដែល​ក្មេង​ៗ​ជួប​ប្រទះ​នៅ​ពេល​បច្ចុប្បន្ន​​មាន​ដូចជា​៖

    ១.ការ​ថប់​បារម្ភ

    កូន​ៗ​កើត​មាន​អាការៈ​ថប់បារម្ភ​នេះ​ឡើង ​ដោយ​សារ​តែ​ការ​ប្រឡង ការ​ពន្យារពេល​ចូល​រៀន​​​ម្ដង​ហើយ​ម្ដង​ទៀត​ និង​ការ​សិក្សា​តាម​អនឡាញ។​ ជា​លទ្ធផល​ ក្មេង​ៗ​អាច​នឹង​មាន​​អារម្មណ៍​រសាប់រសល់ ភ័យ​ស្លន់ស្លោ និង​​​គិត​អវិជ្ជមាន​។

    ២. ជំងឺ​​បាក់​ទឹក​ចិត្ត

    ការ​នៅ​តែ​ក្នុង​ផ្ទះ​រយៈពេល​យូរ​ ជាមួយ​នឹង​ការ​ធ្វើ​សកម្មភាព​រាងកាយ ឬ​ការ​លេង​ជាមួយ​នឹង​មិត្តភ័ក្ដិ​តិចតួច អាច​បណ្ដាល​ឲ្យ​ក្មេង​កើត​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​​បាន​។

    ៣. ចំណាយ​ពេល​នៅ​មុខ​អេក្រង់​ទូរទស្សន៍​ ឬ​ទូរស័ព្ទ​កាន់​តែ​ច្រើន​​​

    បញ្ហា​នេះ​​អាច​ជា​កត្តា​បង្ក​ឲ្យ​មាន​ការ​ថប់​បារម្ភ និង​ការ​បាក់​ទឹក​ចិត្ត​។ ជាមួយ​គ្នា​នេះ​ដែរ វា​ក៏​បង្កើន​អារម្មណ៍​ឯកោ ការ​ប្រៀបធៀប​ខ្លួន​ឯង​នឹង​ក្មេង​ដទៃ​ទៀត​ ក៏​ដូចជា​​គិត​ពី​ព័ត៌មាន​អវិជ្ជមាន​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

    ៤. ជំងឺបាក់ស្បាត

    មួយ​វិញ​ទៀត​ កូន​ៗ​អាច​នឹង​រង​ការបាក់ស្បាត នៅ​ពេល​ដែល​មាន​បញ្ហា​ធំ​ៗ​នៅ​ផ្ទះ​ដូចជា​អំពើ​ហិង្សា​ ការ​ប្រើប្រាស់​សារធាតុ​​ញៀន​ក្នុង​គ្រួសារ ឬ​ការ​ផ្ទុះ​កំហឹង​ញឹកញាប់​ជាដើម​។

    ៥. បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ជ្រុល

    ជា​ទូទៅ​ ក្មេង​ៗ​តែងតែ​បញ្ចេញ​ប្រតិកម្ម​ផ្នែក​អារម្មណ៍​ខ្លាំង​ នៅ​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​សោកសៅ​ អផ្សុក​ និង​ឯកា​។

    ៦. មាន​អារម្មណ៍​​ថា​ត្រូវ​គេ​បោះបង់​ចោល

    បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មិត្តភ័ក្ដិ​មិន​មាន​ពេល​សម្រាប់​ខ្លួន​ ហើយ​ប៉ា​ម៉ាក់​ក៏​រវល់​ជាមួយ​នឹង​ការងារ​​ផ្សេង​ៗ​។

    បញ្ហាផ្លវចិត្ត២

    ៧. ប្រព្រឹត្ត​អាកប្បកិរិយា​ដែល​បង្ក​គ្រោះថ្នាក់​

    នេះ​រួម​បញ្ចូល​ទាំង​ការ​លេង​ហ្គេម​​ដែល​មាន​លក្ខណៈ​ហិង្សា ឬ​ប្រើប្រាស់​រូប​អាសអាភាស​​ជា​ដើម​។

    ប៉ា​ម៉ាក់​អាច​កំណត់​ពី​បញ្ហា​ផ្លូវ​ចិត្ត​របស់​ក្មេង​តាម​របៀប​ណា​?

    ទាំង​នេះ​គឺ​ជា​ជំហាន​សំខាន់​បំផុត ​ដើម្បី​កំណត់​ពី​បញ្ហា​សុខភាព​របស់​ក្មេង​ ដែល​រួម​មាន​៖

    • គេង​មិន​លក់​ជា​ញឹកញាប់​
    • ឆាប់​ខឹង
    • រញ៉ាំរញ៉ូវ​
    • ចូលចិត្ត​នៅ​តែ​ឯង​
    • ខ្វះ​ការ​ផ្ដោត​អារម្មណ៍​លើ​អ្វី​មួយ​
    • ​ខាំ​ក្រចក​ជាប់​ជា​ប្រចាំ​។ល។

    ប៉ា​ម៉ាក់​គប្បី​ធ្វើ​យ៉ាង​ណា​?

    ក្នុង​នាម​ជា​ប៉ា​ម៉ាក់​ យើង​ត្រូវ​ចាត់វិធានការ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​។ ខាង​ក្រោម​នេះ​​ ជា​គន្លឹះ​មួយ​ចំនួន​ ក្នុង​ការ​ការពារ​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន។

    • ប្រការ​ចម្បង​ ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ និង​ផ្ដល់​ពេលវេលា​ឲ្យ​កូន​។​ ធ្វើ​ដូច​នេះ​ កូន​ៗ​អាច​នឹង​បើក​ចំហ​ពី​អារម្មណ៍​របស់​ខ្លួន​ឲ្យ​ប៉ា​ម៉ាក់​ដឹង​។
    • ក្លាយ​ជា​អ្នក​ស្ដាប់​ដែល​មាន​ភាព​អត់ធ្មត់​។
    • ធានា​ថា​កូន​អាច​គេង​លក់​ស្រួល​ និង​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ​។
    • បង្រៀន​កូន​ឲ្យ​ចេះ​​អាណិត​ស្រលាញ់​ខ្លួន​ឯង និង​អនុញ្ញាត​ឲ្យ​​ពួក​គេ​​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​។
    • ឲ្យ​កូន​បំពេញ​ការងារ​ងាយ​ៗ​ និង​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​។
    • ប្រសិនបើ​​បញ្ហា​ផ្លូវ​ចិត្ត​របស់​កូន​នៅ​តែ​បន្ត​ ប៉ា​ម៉ាក់​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 06/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត