វេជ្ជបណ្ឌិត ហ៊ាង រតនា បានឲ្យដឹងថា ជំងឺអុតស្វាយបណ្ដាលមកពីមេរោគឈ្មោះ Varicella Zoster ដែលបង្កឲ្យមានពងបែកនៅលើស្បែក។ ប្រសិនបើអ្នកជំងឺមិនទទួលបានការព្យាបាលត្រឹមត្រូវ ឬយឺតយ៉ាវនោះនឹងកើតមានផលវិបាកច្រើនដូចជា ដំបៅស្បែកក្លាយជាធ្ងន់ធ្ងរពេលមានឆ្លងមេរោគពីខាងក្រៅបន្ថែម រលាកសួត រលាកខួរក្បាល ក្ដៅខ្លួនខ្លាំង ចេញពងបែកច្រើន ឬមានការហូរឈាមតាមពងបែក រហូតប៉ះពាល់សរីរាង្គសំខាន់ៗដទៃទៀតដូចជា រលាកថ្លើម ខួរក្បាល កកឈាមក្នុងសរសៃឈាម ពិការអវយវៈ ឬបញ្ញាស្មារតីជាដើម។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា ជំងឺរលាកស្រោមខួរ អាចបណ្ដាលមកពីមេរោគជាច្រើនផ្សេងៗគ្នា មិនមែនកើតអុតស្វាយសុទ្ធតែនាំឲ្យរលាកខួរក្បាលនោះទេ ហើយវ៉ាក់សាំងដែលយើងយកកូនទៅចាក់តាមការកំណត់របស់រដ្ឋនោះក៏មិនមែនការពាររលាកស្រោមខួរ គ្រប់មុខនោះទេ។ គ្រាន់តែការចាក់វ៉ាក់សាំង ពិតជាអាចការពាររលាកខួរក្បាលដែលបង្កពីមេរោគអុតស្វាយបានពិតមែន។