brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កូនពិបាកបន្ទោបង់ខ្លាំង ហើយលាមករឹងមានឈាម ជាសញ្ញាគ្រោះថ្នាក់

ការដែលកូនពិបាកបន្ទោបង់យូរៗម្តង គ្មានបញ្ហាចោទនោះទេ តែបើអាអូនមានបញ្ហាពិបាកជុះញឹកញាប់ ហើយលាមកថែមទាំងរឹង ដែលយើងចំណាំហៅថា ទល់លាមក ឬក្តៀននោះ និងមានលាយឈាមទៀត អាចជាសញ្ញាគ្រោះថ្នាក់។

កូនពិបាកបន្ទោបង់ខ្លាំង ហើយលាមករឹងមានឈាម ជាសញ្ញាគ្រោះថ្នាក់

តាមការពន្យល់របស់លោកស្រីវេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេសរោគកុមារ កាលណាក្មេងជុះតិចជាង ឬស្មើ២ដង/សប្តាហ៍ ឬលាមកកូនជុះមានទំហំខុសធម្មតា និងរឹងខុសធម្មតា មានន័យថា កូនមានជំងឺទល់លាមក។

ចំពោះមូលហេតុនាំឲ្យក្មេងទល់លាមក លោកស្រីវេជ្ជបណ្ឌិតឯកទេសកុមាររូបនេះបញ្ជាក់ថា មិនមែនមកពីកត្តាចំណីអាហារដែលមិនសូវសម្បូរជាតិសរសៃមួយមុខទេ គឺមានកត្តារួមផ្សំផ្សេងទៀត ដូចជាក្មេងមានជំងឺពាក់ព័ន្ធនឹងក្រពះពោះវៀន ក្មេងមិនសូវមានសកម្មភាពរាងកាយជាដើម។

ចំណែកមូលហេតុដែលក្មេងៗជុះមកលាមកក្ដៀនជាប់ជាមួយឈាម ដោយសារអាអូន រហែកទ្វារលាមក គឺជាការរហែក ឬដាច់ស្រទាប់ Mucus នៅក្នុងរន្ធគូទ។ ពេលស្រទាប់នេះដាច់នឹងធ្វើឲ្យមានការឈឺចាប់ និងហូរឈាមមកតាមទ្វារលាមក។ នេះបើតាមការឲ្យដឹងពីប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។

ចង់ដឹងពីអត្ថន័យពណ៌ និងរូបរាងលាមកកូនចុចទីនេះ

លោកវេជ្ជបណ្ឌិតថា អូនតូចៗដែលមានបញ្ហានេះឈឺចាប់ខ្លាំងពេលបន្ទោបង់ ដែលអាចនៅឈឺរាប់ម៉ោងក្រោយបន្ទោបង់រួច ដោយសារលាមកធំ ឬរឹងខ្លាំង ហើយត្រូវប្រឹងបន្ទោបង់ខ្លាំងពេក។ ម៉ាក់ប៉ាដែលមានកូនជួបបញ្ហានេះ មិនត្រូវបណ្តែតបណ្តោយទុកយូរនោះទេ ត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យរកមូលហេតុឲ្យច្បាស់ ព្រោះករណីធ្ងន់ធ្ងរខ្លះ អាចមកពីបញ្ហាហូរឈាមក្នុងពោះវៀនរបស់ទារក ឬកុមារ។

កូនទល់លាមក

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 31/08/2021