លោកបានបន្ថែមទៀតថា កន្លងមកព្រោះតែម៉ាក់ៗសក់វែងពេក នាំទុក្ខដល់កូនជួបបញ្ហា «Hair-Thread Tourniquets Syndrome» ដែលជាករណីកើតញឹកញាប់លើទារក និងកុមារ ជាពិសេសអាយុចន្លោះពី ២ ទៅ ៦ ខែ។ វាកើតឡើងដោយសារសក់យើងទៅរុំនឹងម្រាមដៃ ម្រាមជើង ឬអវយវៈភេទក្មេងប្រុស (ពេលខ្លះជាសក់កូនខ្លួនឯង តែភាគច្រើនជាសក់របស់ម៉ាក់ប៉ា និងមនុស្សធំដែលក្មេងកាន់) ឬពេលខ្លះអាចជាកៅស៊ូកងចងសក់ និងរបស់យឺតៗផ្សេងទៀតដែលនៅជិត ហើយកូនយកមកលេង។
វេជ្ជបណ្ឌិតឯកទេសទូទៅរូបនោះថា ការរុំរឹតបែបនេះ បើយើងមិនដឹងនៅរយៈពេលយូរអាចធ្វើឲ្យអវយវៈនោះស្លាប់កោសិកាដោយសារគ្មានឈាម និងអុកស៊ីសែនទៅចិញ្ចឹម ដែលជាហេតុអាចត្រូវកាត់ម្រាមដៃ ម្រាមជើង ឬអវយវៈនោះតែម្ដង។
ក្មេងតូចៗពេលមានបញ្ហាអ្វីមួយគ្នាមិនចេះប្រាប់យើងទេ បើឈឺ ឬពិបាកអ្វីមួយមានតែយំ ដូច្នេះអាណាព្យាបាលត្រូវចេះសង្កេត បើត្រូវការជំនួយត្រូវស្វែងរកគ្រូពេទ្យជាបន្ទាន់។ មួយវិញទៀតប្រសិនបើម៉ាក់ៗចង់ទុកសក់វែងត្រូវចង បួងលើកឲ្យខ្ពស់ៗ ឲ្យផុតពីដៃកូនចាប់បោច ឬទាញ ហើយការទុកសក់វែងនេះទៀតសោតពិបាកសម្រាប់អ្នកបំបៅកូនដោយទឹកដោះ ព្រោះត្រូវធ្លាក់ចូលភ្នែកកូន នាំឲ្យឈឺចាប់មួយផ្នែកទៀត។