ហេតុនេះហើយ ម៉ាក់ប៉ាគួរចំណាយពេលស្វែងយល់ពីអារម្មណ៍កូនៗ ពិសេសពេលអាអូនលូតលាស់ដល់វ័យចូលរៀន ជាវ័យដែលអាអូនចេះគិតបានច្រើន។ កាលណាម៉ាក់ប៉ាមិនយល់ពីផ្លូវអារម្មណ៍កូន វាអាចបណ្ដាលឲ្យកូនអន់ចិត្ត ធុញថប់ ឬកើតជាបញ្ហាផ្លូវចិត្តក៏មាន។
តាមពិតទៅ ក្មេងក៏អាចមានបញ្ហាផ្លូវចិត្តដូចយើងមនុស្សធំដែរ។ នេះបើតាមលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ការស្ដីបន្ទោស គឺធ្វើឲ្យកូនកាន់តែមានសម្ពាធផ្លូវចិត្តខ្លាំងឡើង ព្រោះពេលធ្វើខុស ក្នុងចិត្តកូនមិនស្រណុក ឬភ័យខ្លាចរួចទៅហើយ។ មិនតែប៉ុណ្ណោះពាក្យសម្ដីដាក់កំហិត និងបង្គាប់បញ្ជាមួយចំនួនក៏អាចបំបាក់ទឹកចិត្តកូន ព្រោះនោះជាការដាក់គំនាបដល់ពួកគេ។ មួយវិញទៀតម៉ាក់ប៉ាទាំងឡាយគួរបញ្ឈប់ទម្លាប់ប្រៀបធៀបកូនខ្លួនជាមួយកូនគេអ្នកដទៃ។