បញ្ហាអាប់សែធ្មេញកើតឡើងបណ្តាលមកពីពពួកបាក់តេរីនៅខាងក្នុងធ្មេញ។ បាក់តេរីទាំងនោះ បង្កឲ្យមានការរលាកអញ្ចាញធ្មេញ ហើយយូរៗទៅ នឹងធ្វើឲ្យធ្មេញរង្គើ។ នៅពេលដែលបញ្ហាពុកធ្មេញចូលទៅដល់ផ្នែកកណ្តាលនៃធ្មេញ សរសៃប្រសាទធ្មេញក៏ចាប់ផ្តើមខូច ហើយនឹងបង្ករោគនៅខាងចុងនៃឫសធ្មេញ បង្កើតបានជាអាប់សែ។
ហានិភ័យ និងផលវិបាកនៃបញ្ហាអាប់សែធ្មេញ
ក្នុងករណីដែលមិនធ្វើការព្យាបាលទេនោះ ការអាប់សែធ្មេញអាចបណ្តាលឲ្យកុមារប្រឈមនឹងផលវិបាកដូចខាងក្រោម៖
- បាក់ធ្មេញ
- ការបង្ករោគក្នុងឈាម
- ការបង្ករោគរាលដាលទៅដល់ជាលិកាទន់ដែលនៅជិតនោះ
- ការបង្ករោគរាលដាលទៅដល់ផ្នែកផ្សេងទៀតនៃរាងកាយ និងបណ្តាលឲ្យកើតមានបញ្ហាអាប់សែខួរក្បាល រលាកបេះដូង និងរលាកសួត។ល។
គន្លឹះបង្ការបញ្ហាអាប់សែធ្មេញ
ប៉ាម៉ាក់អាចណែនាំឲ្យកូនអនុវត្តន៍គន្លឹះខាងក្រោម ដើម្បីបញ្ចៀសបញ្ហាអាប់សែធ្មេញ៖
- រក្សាអនាម័យមាត់ធ្មេញឲ្យបានល្អ ដោយដុសធ្មេញពីរដងក្នុងមួយថ្ងៃ
- ប្រើអំបោះទាក់ធ្មេញ
- ពិនិត្យសុខភាពមាត់ធ្មេញដោយគ្រូពេទ្យជំនាញជាទៀងទាត់
- ជៀសវាងញ៉ាំអាហារ និងភេសជ្ជៈដែលមានជាតិស្ករច្រើនជ្រុល
- ខ្ពុរមាត់ជាប្រចាំ។
![អាប់សែធ្មេញ](https://cdn.hellokrupet.com/wp-content/uploads/2023/07/អាប់សែធ្មេញ២.jpg)
យ៉ាងណាមិញ បញ្ហាអាប់សែធ្មេញមិនអាចជាសះស្បើយដោយខ្លួនឯងឡើយ ហើយថែមទាំងត្រូវការការព្យាបាលពីគ្រូពេទ្យជំនាញថែមទៀតផង។ ទោះបីជារោគសញ្ញាអាចប្រសើរឡើងក៏ពិតមែន ប៉ុន្តែប៉ាម៉ាក់គួរនាំកូនដែលមានបញ្ហាអាប់សែធ្មេញទៅជួបជាមួយនឹងគ្រូពេទ្យ ដើម្បីធ្វើការវាយតម្លៃ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។