ជុំវិញបញ្ហាកើតមុនលើទារកនេះដែរ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ បានពន្យល់ឲ្យដឹងថា បញ្ហាកើតមុននេះ មានជាង២០% នៅលើទារក ហើយវាក៏មិនមានមូលហេតុច្បាស់លាស់ ប៉ុន្តែមានការសិក្សាស្រាវជ្រាវខ្លះៗ បង្ហាញថា ការដែលអាអូនកើតមុន គឺបណ្ដាលមកពីអ័រម៉ូនរបស់ទារកដែលទទួលបានពីម្ដាយ។
វេជ្ជបណ្ឌិតសញ្ញាប័ត្រពីបារាំងបន្តទៀតថា ការកើតមុននេះ អាចកើតមានក្រោយទារកកើតភ្លាម តែភាគច្រើនកើតមានក្នុងកំឡុងពេល ២-៤សប្ដាហ៍ក្រោយទារកកើត និងអូសបន្លាយរយៈពេល២-៣ថ្ងៃ ឬអាច២-៣សប្ដាហ៍ ឬអាចច្រើនខែ។ ការកើតមុននេះមិនមែនជាករណីធ្ងន់ធ្ងរ ហើយក៏មិនមានការឈឺចាប់ ឬបណ្ដាលឲ្យអាអូនរមាស់អីដែរ យើងអាចជួយថែទាំស្បែកអាអូនបានដោយ៖
– រក្សាស្បែកទារកឲ្យបានស្អាត មានអនាម័យ
– កុំប្រើកន្សែងជូតលើផ្ទៃមុនទារកខ្លាំងៗ
– កុំប្រើគ្រីម សាប៊ូ ឬឡេផ្សេងៗដែលធ្វើឲ្យមុនកាន់តែចេញច្រើន
– កុំញេច ឬកេះមុនទារក។ល។