បើទទួលបានលទ្ធផលវិជ្ជមាន ការធ្វើតេស្តហៅថា Western blot នឹងត្រូវធ្វើភ្លាមបញ្ជាក់ការពិត ព្រោះធ្វើតេស្ត EIA ឬ ELISA អាចមានការភ័ន្តច្រឡំអង់ទីករផ្សេងទៀត ជាមួយអង់ទីករមេរោគ HIV នាំឲ្យមានការធ្វើរោគវិនិច្ឆ័យខុស បើមានករណីបែបនេះ ការធ្វើតេស្ត Western blot លទ្ធផលទទួលបានគឺអវិជ្ជមាន។ ម៉្យាងវិញទៀត តេស្ត EIA ឬ ELISA អាចជំនួសបានដោយតេស្ត rapid មានភាពរហ័ស និង ពិតប្រាកដជាក់លាក់រយៈពេលត្រឹមតែ ២០នាទី។ ទោះយ៉ាងណា តេស្ត Western blot នៅតែចាំបាច់ ក្នុងការបញ្ជាក់ការពិត រាល់លទ្ធផលដែលទទួលបាន។
–តេស្តខ្លួនឯង៖ រកទិញឧបករណ៍តេស្ដពីបណ្ដាហាង លក់សម្ភារៈពេទ្យ ឬអនឡាញ។ ឧបករណ៍តេស្ដនោះ គឺសម្រាប់ចាក់ម្ជុលនៅចុងម្រាមដៃ ហៅតាមតេស្ត Finger-Prick និងជូតយកភ្នាសសើមពីក្នុងមាត់ ហៅថាតេស្ត Mouth-Swab។
ក.តេស្ត Finger-Prick៖ វីធីនេះ គ្រាន់តែជោះឈាមមើលខ្លួនឯង (ចាក់ចុងម្រាមដៃ) រួចបន្តក់ឈាមទៅលើបន្ទះកាត មានភ្ជាប់មកជាមួយប្រអប់តេស្ត បន្ទាប់មកត្រូវបញ្ជូនទៅមន្ទីរពិសោធន៍។ លទ្ធផលនឹងផ្ញើត្រលប់មកវិញចូលក្នុងទូរស័ព្ទអ្នក តាមរយៈលេខទូរស័ព្ទមិនបង្ហាញអត្តសញ្ញាណ ដោយត្រូវរង់ចាំរយៈពេល ១សប្ដាហ៍ ដើម្បីទទួលបានលទ្ធផលជាក់លាក់ ៩៩,៩ភាគរយ។ ចំពោះតេស្ដរកHIV នៅខ្មែរយើងអត់មានសេវានេះ នៅឡើយទេ តែបើគ្រាន់តែមើលជាតិស្ករ ជាតិខ្លាញ់…ធម្មតាមាន។
ខ.តេស្ដ Mouth-Swab៖ យើងគ្រាន់តែជូតយកភ្នាសសើមនៅក្នុងមាត់ (តាមអញ្ចាញខាងលើ និងខាងក្រោម) រួចយកសំឡីដែលជូតហើយនោះ ទៅដាក់ក្នុងបំពង់តេស្តមានភ្ជាប់មកជាមួយប្រអប់តេស្ត បន្ទាប់មករង់ចាំ២០នាទីដើម្បីពិនិត្យលទ្ធផល។ ការធ្វើតេស្ត ប្រភេទនេះមិនសូវទទួលបានលទ្ធផលជាក់លាក់ដូចវិធីធ្វើតេស្តផ្សេងទៀតដែរ ព្រោះវាអាចពិនិត្យបានត្រឹមតែ៩២ភាគរយប៉ុណ្ណោះនៃការឆ្លងមេរោគ HIV។
បើសិនជាទទួលបានលទ្ធផលវិជ្ជមាន គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ត្រៀមខ្លួនទទួលការព្យាបាល តាមរយៈការថែទាំសុខភាព និងទទួលទានថ្នាំបានត្រឹមត្រូវ បែបនេះមេរោគ HIV នឹងមិនវិវត្តន៍ទៅជាជំងឺ AIDS នោះឡើយ។ អ្នកមានផ្ទុកមេរោគ HIV អាចមានអាយុវែង និង អាចបំពេញតម្រូវការជីវិតដូចមនុស្សគ្មានផ្ទុកមេរោគដែរ។