តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

COVID-19៖ ហេតុអ្វីប្រទេសមួយចំនួនពាក់ម៉ាស ប្រទេសមួយចំនួនទៀតមិនពាក់ម៉ាស?

    COVID-19៖ ហេតុអ្វីប្រទេសមួយចំនួនពាក់ម៉ាស ប្រទេសមួយចំនួនទៀតមិនពាក់ម៉ាស?

    ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ COVID-19 មក ការ​ពាក់​ម៉ាស​ក្លាយ​ជា​ប្រធាន​បទ​មួយ​មាន​ការជជែក​គ្នាថា​គួរ​ពាក់​នៅ​ពេល​ណា ឬត្រូវ​ពាក់​ជា​ប្រចាំ។ ក្នុង​ន័យ​ទប់​ស្កាត់​ការរាលដាលវីរុសកូវីដ១៩ ​មនុស្ស​ក្នុង​ប្រទេស​មួយ​ចំនួន​ពាក់​ម៉ាស ខណៈ​ប្រទេស​មួយ​ចំនួន​ទៀត​មិន​ពាក់​ម៉ាស​ឬពាក់​តិចតូច។ នេះ​ត្រូវ​បាន​អ្នកជំនាញ​ខ្លះ​ថា​មកពីប្រទេស​ខ្លះមាន​ទម្លាប់​ពាក់​ម៉ាស​រួច​ជាស្រេចទៅ​ហើយ ខណៈប្រទេស​ខ្លះទៀត​មិនមានទម្លាប់បែបនេះ និង​ម្យ៉ាងខាងផ្នែកវិទ្យាសាស្រ្តនៅមិនទាន់ឯកភាពគ្នា​លើ​ការ​ពាក់​ម៉ាស​នេះថា​អាច​ការពារការចម្លងវីរុស​បាន​ឬយ៉ាងណា។

    ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ប្រទេស​នៅ​អឺរ៉ុប​បាន​ណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​ពាក់​ម៉ាសពេល​នៅ​ទីសាធារណៈ និង​ប្រទេស​អង់គ្លេស​បាន​ឲ្យ​ប្រជាជន​ខ្លួន​ពាក់​ក្រណាត់​បិទ​មុខ​នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ និង​ពិបាក​រក្សា​គម្លាត​ដូចជា​នៅ​លើរថយន្ត​សាធារណៈ និង​ហាង​ទំនិញ​មួយ​ចំនួន។ រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​ស្រដៀង​នេះ​ដែរ និង​បុគ្គលិក​ក្នុង​ សេតវិមាន​ត្រូវ​ពាក់​ម៉ាស​គ្រប់​គ្នា​។​ ទោះបីជា​មាន​ការ​ណែនាំ​ផ្លូវការ​ទៅ​លើ​ការ​ពាក់​ម៉ាស​​ក៏​ដោយ​ មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ពាក់​ម៉ាស និង​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​មាន​មន្ទិលសង្ស័យ​ទាក់ទង​នឹង​បញ្ហា​នេះ។

    ចាប់​តាំង​ពី​ផ្ទុះ​ឡើង​ការ​រាតត្បាត​ COVID-19 អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា​មាន​មនុស្ស​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ដែល​គួរ​ពាក់​ម៉ាស។ មួយ​គឺ​អ្នក​ដែល​ឈឺ និង​មាន​រោគសញ្ញា និង​មួយ​ទៀត​គឺ​អ្នក​ថែទាំ​អ្នក​ដែល​គេ​សង្ស័យ​ថា​ឆ្លង​ COVID-19។ អ្នក​ដទៃ​មិន​ចាំបាច់​ពាក់​ម៉ាស​ទេ ហើយ​អ្នក​ជំនាញ​ក៏​បាន​ផ្តល់​នូវ​មូលហេតុ​ជា​ច្រើន​ទាក់ទងនឹង​ការ​ពាក់​ម៉ាស់​នេះដែរ។ មូលហេតុ​មួយក្នុងនោះ​គឺ​ម៉ាស​មិន​មែន​ជា​របស់​ការពារ​ដ៏​ល្អ​ទេ ដោយ​ការ​សិក្សា​បង្ហាញ​ថា​វីរុស​នេះ​ឆ្លង​តាម​រយៈ​ដំណាក់​ទឹក​ចេញ​ពី​ផ្លូវ​ដង្ហើម និង​ការ​ប៉ះពាល់​ទៅ​លើ​ផ្ទៃ​ដែល​មាន​វីរុស។ ដូចនេះ​ម៉ាស​អាច​ការពារ​យើង​បាន​ក្នុង​ស្ថានភាព​ដែលយើង​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ ឬ​អ្នក​ឆ្លង​វីរុស​អាច​នឹង​កណ្ដាស់ ឬ​ក្អក​ជិត​យើង។ នេះ​ហើយ​ដែល​ធ្វើឲ្យអ្នក​ជំនាញ​តែង​និយាយ​ថា​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​គឺ​ជា​វិធី​ដែល​ល្អ​បំផុត។

    ដោយឡែក​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស​តាំង​ពី​យូរ​មក​ហើយមុននឹងមានការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ។ ​នៅ​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និង​តៃវ៉ាន់ គេ​គិត​ថា​មនុស្ស​គ្រប់គ្នា​អាច​ជា​អ្នក​មាន​វីរុស​នេះ​ទោះបី​ជា​ពួកគេ​មាន​សុខភាព​ល្អ​ក៏​ដោយ។ ដូចនេះ​ហើយ​អ្នក​ទាំងនោះ​​ពាក់​ម៉ាសដើម្បី​ការពារ​អ្នក​ដទៃ​មិន​ឆ្លង​ពី​ខ្លួន។

    នៅតំបន់​ខ្លះ​នៅ​ប្រទេស​ចិន យើង​អាច​នឹង​ត្រូវ​ចាប់ឃាត់​ខ្លួន ឬ​ពិន័យ​បើ​​មិន​ពាក់​ម៉ាស។ រីឯ​នៅ​ប្រទេស​សិង្ហបុរី​ពេល​នេះ​ក៏តម្រូវ​ឲ្យ​ប្រជាជន​ខ្លួន​ពាក់ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ​ មិន​ដូច្នោះ​ទេនឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់ ២១០​ដុល្លារ​អាមេរិក។ ទន្ទឹមនឹងនេះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​វិញ​ ​គេ​សង្ស័យ​ថា​មាន​ករណី​ឆ្លង​ដែល​មិន​បាន​រាយការណ៍​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ពាក់​ម៉ាស​ដើម្បី​ការពារ​ខ្លួន​គេ។

    នៅ​ប្រទេស​ទាំង​នេះ​ភាគច្រើន​គេ​ពាក់ម៉ាស​ពេល​ឈឺ​ព្រោះ​អ្នកទាំងនោះ​​គិត​ថា​ការ​ក្អក ឬ​កណ្ដាស់​នៅ​ទីសាធារណៈ​គឺ​មានភាពមិន​សមរម្យ។ ម៉្យាងទៀត ដោយសារ​មាន​ការ​ផ្ទុះ​ឡើង​ជំងឺ SARS កាល​ពី​ឆ្នាំ​២០០៣​ដែល​បាន​ឆ្លង​នៅ​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​បាន​ធ្វើ​ឲ្យ​ការ​ពាក​ម៉ាស់​មាន​សារសំខាន់​ ជាពិសេស​នៅ​ទីក្រុង​ហុងកុង​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់។ នេះ​អាច​ចំណុច​ខុស​គ្នា​រវាង​ប្រទេស​ទាំង​នេះ​ និង​ប្រទេស​លោក​ខាងលិច។ បន្ថែម​ពី​នេះ​ប្រទេស​ខ្លះ​នៅ​អាស៊ី​មាន​ការ​បំពុល​ខ្យល់​ច្រើន​ដែល​ធ្វើ​ឲ្យ​មនុស្ស​ពាក់​ម៉ាស​ពេល​ចេញ​ទៅ​ក្រៅ។

    អ្នក​ជំនាញ​ជឿ​ថា​ការ​ពាក់​ម៉ាស់​មុន​នឹង​ចេញ​ទៅ​ក្រៅ​អាច​ទម្លាប់​ល្អ​មួយ​ដែល​បង្ការ​មិន​ឲ្យ​ប៉ះពាល់​មុខ ចៀស​វាង​កន្លែង​មាន​មនុស្ស​ច្រើន​ និង​ការ​រក្សា​គម្លាត​ជា​ដើម។ អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង​នៅ​សាកលវិទ្យាល័យ​ហុងកុង Benjamin Cowling បាន​និយាយ​ថា​មនុស្ស​យើង​​មិន​អាច​និយាយ​ថា​ម៉ាសមិន​មាន​ប្រសិទ្ធភាព​ក្នុង​ការពារ​ទេ​ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​ម៉ាស​អាច​ផ្តល់​ការ​ការពារ​បាន​ខ្លះ​ព្រោះ​ម៉ាស​ជា​របស់​ការពារ​ដែល​មនុស្សយើង​ឲ្យ​ទៅ​ក្រុមគ្រូពេទ្យ។ ប្រសិន​ជា​មាន​មនុស្ស​ច្រើន​ពាក់ម៉ាស​ពេល​នៅ​កន្លែង​មនុស្ស​ច្រើន នោះ​ម៉ាសអាច​នឹង​ទប់ស្កាត់​ការ​ចម្លង​បាន​ខ្លះ។

    ប៉ុន្តែ​នេះ​ក៏​មាន​ផល​វិបាក​ដែរ នៅ​ប្រទេស​ជប៉ុន ឥណ្ឌូនេស៊ី និង​ប្រទេសថៃ​បាន​ប្រឈម​នឹង​បញ្ហា​កង្វះ​ខាត​ម៉ាស ហើយ​នៅ​ប្រទេស​កូរ៉េខាងត្បូង​បាន​ចែក​ចាយ​ម៉ាស់​ដោយ​កំណត់​ចំនួន​ដែរ។ នេះ​បង្ក​ឲ្យ​មានភ័យខ្លាចថា​អ្នក​ពាក់​ម៉ាស​អាច​នឹង​ពាក់​ម៉ាស​ដែល​ប្រើ​ហើយ​ ឬ​ប្រើ​ម៉ាស់​គ្មាន​គុណភាព។

    នៅ​សហរដ្ឋអាមេរិក ការ​តម្រូវ​ឲ្យ​មនុស្ស​គ្រប់​គ្នា​ពាក់​ម៉ាស់​បាន​ក្លាយ​បញ្ហា​ទាក់​ទង​នឹង​សេរីភាព​ផ្ទាល់​ខ្លួន។ ទីក្រុង Stillwater នៅ Oklahoma បាន​ប្តូរ​ច្បាប់​នៃ​ការ​ពាក់​ម៉ាសមក​ជា​ការ​ណែនាំ​វិញ​ក្រោយ​ពី​មាន​ការ​គំរាមកំហែង​ប្រើ​អំពើ​ហឹង្សា ខណៈដែល​សន្តិសុខ​នៅ​រដ្ឋ Michigan ត្រូវ​បាន​សម្លាប់​ក្រោយ​ពី​បាន​ហាមឃាត់​អ្នក​ទិញ​ទំនិញ​មិន​ពាក់​ម៉ាស​មិន​ឲ្យ​ចូល​ទៅ​ក្នុង​ហាង​ទំនិញ។

    ដោយសារ​ការ​សិក្សា​ជាច្រើន​បាន​យល់​ស្រប និង​មិន​យល់​ស្រប​ទៅ​លើ​ប្រសិទ្ធភាព​របស់​ម៉ាស​ក្នុង​បញ្ឈប់​ការ​ចម្លង​ ហេតុ​នេះ​ហើយ​ប្រទេស​មួយ​ចំនួន​មិន​បាន​ចេញ​ច្បាប់ ឬ​សេចក្តី​ណែនាំ​លើ​ការ​ពាក់​ម៉ាស ​ដូចជា​ប្រទេស​ណូវែល​ហ្សេឡង់ជាដើម​ដែល​អាច​គ្រប់​គ្រង​ការ​រាតត្បាត​ក្នុង​ប្រទេសបាន​ដោយមិនបាន​ចេញសេចក្តីណែនាំ​ឲ្យ​ប្រជាជន​ខ្លួន​ពាក់ម៉ាស ​ដោយសារ​ខ្វះ​ការ​ឯកភាព​គ្នា​ផ្នែកវិទ្យាសាស្ត្រ និង​ការព្យាបាលសាកល្បង។

    មូល​ហេតុ​ដែល​មនុស្ស​មួយ​ចំនួន​ពាក់​ម៉ាស់ និង​មួយ​ចំនួន​ទៀត​មិន​ពាក់​ម៉ាស់​មិន​មែន​ដោយសារ​តែ​ការ​ណែនាំ​របស់​រដ្ឋាភិបាល​ និង​វេជ្ជសាស្ត្រ​ទេ ប៉ុន្តែ​នេះ​អាច​មក​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រដែលធ្លាប់ជួបប្រទះជំងឺរាតត្បាត ឬ​ទាក់ទង​នឹង​សេរីភាព​ផ្ទាល់ខ្លួន។ ដោយការរាតត្បាតនៃ COVID-19 នៅតែ​បន្ត អ្នកវិទ្យាសាស្ត្រ​នៅ​តែបន្ថ​ការ​សិក្សា​ទាក់ទង​នឹង COVID-19 ដូចនេះ​ហើយ​ឥរិយាបថ​របស់​យើង​នឹង​ផ្លាស់ប្ដូរ​ទៅ​តាម​ភស្តុតាង និង​ការ​ស្រាវជ្រាវ​ទាំង​នោះ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.bbc.com/news/amp/world-52015486?__twitter_impression=true

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 13/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: