គិតមកដល់ពេលនេះនៅតាមប្រទេសនានាលើពិភពលោកកំពុងចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងការបានទទួលវ៉ាក់សាំងនេះ ក៏មានការចោទជាសំណួរដែរថា តើក្រោយចាក់វ៉ាក់សាំងហើយអាចជួបជុំគ្នា ដើរកម្សាន្ត ឬមិនចាំបាច់ពាក់ម៉ាសនៅទីសាធារណៈបានឬយ៉ាងណា?
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង(CDC) អាមេរិកបានពន្យល់ពីអ្វីអាចធ្វើបាន និងទាន់អាចក្រោយចាក់វ៉ាក់សាំងដូចខាងក្រោម។
១. រឿងអាចធ្វើបាន
ក្រោយបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ បានពេញលេញហើយ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងអាចធ្វើការជួបជុំទ្រង់ទ្រាយតូចជាមួយអ្នកបានចាក់វ៉ាក់សាំងពេញលេញដូចគ្នា។ ការជួបជុំនេះ ប្រភពខាងលើថាអាចមិនបាច់ពាក់ម៉ាស ឬរក្សាគម្លាតសង្គមក៏បាន។
ដូចគ្នាដែរ គោលការណែនាំថ្មីរបស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក ក៏បានបញ្ជាក់ដែរថា បើយើងបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយ អាចទៅលេងផ្ទះនរណាម្នាក់ ដែលមានហានិភ័យឆ្លងកូវីដ១៩ ទាប ដោយមិនពាក់ម៉ាស ឬរក្សាគម្លាតសង្គមក៏បាន។
២. រឿងត្រូវបន្តធ្វើ
ថ្វីបើយើងបានចាក់វ៉ាក់សាំងគ្រប់ចំនួនហើយក៏ដោយ ក៏មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកបញ្ជាក់ នៅតែមានលទ្ធភាពតិចតួចអាចចម្លងវីរុសកូវីដ១៩ ទៅអ្នកដទៃបានដែរ។ ដូចនេះ ប្រភពដដែលបញ្ជាក់ថា អ្នកចាក់វ៉ាក់សាំងរួចមិនអាចដើរហើរសេរីបានទេ បើខ្លួនមានចេញរោគសញ្ញានៃជំងឺកូវីដ១៩។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកថា បើមានចេញរោគសញ្ញាត្រូវទៅធ្វើតេស្តរកកូវីដ១៩ និងត្រូវរក្សាខ្លួននៅដាច់ដោយឡែករង់ចាំលទ្ធផលថាគ្មានផ្ទុកវីរុសនេះ។
មួយវិញទៀត ថ្វីបើបានចាក់វ៉ាក់សាំងហើយមែន តែមិនអាចចេញក្រៅផ្ទះ ឬទៅកន្លែងមានមនុស្សច្រើនដោយមិនពាក់ម៉ាស់ និងមិនរក្សាគម្លាតសង្គមនោះទេ។ ដូចគ្នាដែរ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក ថាត្រូវរក្សាការលាងសម្អាតដៃជាប្រចាំដូចមុនពេលចាក់វ៉ាក់សាំងដែល។
ចំពោះការធ្វើដំណើរកម្សាន្តវិញ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិកថាមិនគួរធ្វើនៅពេលនេះទេ ទោះបានចាក់វ៉ាក់សាំងគ្រប់ហើយក៏ដោយ។ ស្ថាប័ននេះបញ្ជាក់ថាការធ្វើដំណើរដូចជាតាមយន្តហោះ ឬមធ្យោបាយដឹកជញ្ជូនសាធារណៈ ជាដើម អាចមានមនុស្សច្រើនមកពីកន្លែងផ្សេងៗគ្នា និងមិនទាន់បានចាក់វ៉ាក់សាំង ដែលថានេះក៏ជាហានិភ័យឆ្លងកូវីដ១៩ ដដែល។
ជារួម មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងអាមេរិក នៅតែណែនាំឲ្យអ្នកបានចាក់វ៉ាក់សាំងពេញលេញនៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រូវតាមដានសុខភាពដូចអ្នកមិនទាន់បានចាក់វ៉ាក់សាំងដដែល ក្នុងពេលការរាតត្បាតវីរុសកូវីដ១៩ នៅតែបន្ត។។
[embed-health-tool-bmi]