លោកជំទាវថា ហេតុដូច្នេះហើយបានជាមានតម្រូវការចាក់ដូស្តលើកទី២ ដើម្បីជំរុញឲ្យមានការបង្កើតបាននូវអង្គបដិបក្ខនៅក្នុងសរីរាង្គរបស់យើង។ ដូច្នេះហើយបានជាការចាក់លើកទី១ហើយ លើកទី២តម្រូវឲ្យមានការចាក់ជាចាំបាច់ ដោយមានចន្លោះនៃការចាក់អាស្រ័យទៅតាមគោលការណ៍វ៉ាក់សាំងនីមួយៗ ។
ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ តែបែរជាឈឺ លោកជំទាវពន្យល់ថា កាលណាចាក់លើកទី១ហើយ សរីរាង្គមិនទាន់បង្កើតកងការពារបានទេ អ៊ីចឹងនៅក្នុងដំណាក់កាលនោះ ប្រសិនបើអ្នកចាក់នោះមិនបានអនុវត្តនូវវិធានការការពារទេ ដោយយល់ច្រឡំស្មានតែចាក់ហើយភ្លាម ខ្លួនមានកងការពារភ្លាម នោះធ្វើឲ្យលទ្ធភាពនៃការចម្លងវីរុសកូវីដ ១៩ វាយលុកចូលក្នុងសរីរាង្គខ្លួនបាន។
ខណៈសរីរាង្គមិនទាន់មានកងការពារនេះ យើងមិនអាចឈ្នះវីរុសកូវីដ ១៩ បានទេ ដូច្នេះលទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ លទ្ធភាពនៃការស្លាប់មានគ្រប់ពេលវេលាទាំងអស់នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំង។
ត្បិតតែយើងបានចាក់វ៉ាក់សាំងដូសលើកទី២ហើយ ចាក់ហើយភ្លាមឈឺ នេះបង្ហាញថា សរីរាង្គរបស់យើងមិនទាន់បង្កើតអង្គបដិបក្ខប្រាណបានទេ គឺត្រូវការពេលវេលាមួយដើម្បីជំរុញឲ្យបង្កើតបានកងការពារ។