home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ យូរប៉ុនណាទើបរាងកាយមានអង់ទីករការពារ?

ចាក់វ៉ាក់សាំងកូវីដ-១៩ ហើយ យូរប៉ុនណាទើបរាងកាយមានអង់ទីករការពារ?

បច្ចុប្បន្ន វ៉ាក់សាំង​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។ នេះ​មិន​មែន​មាន​ន័យ​ថា ក្រោយ​ចាក់​ភ្លាម​រាងកាយ​អាច​ទប់ទល់​នឹង​វីរុស​បាន​ភ្លាម​នោះ​ទេ ព្រោះ​វ៉ាក់សាំង​ត្រូវ​ចំណាយ​ពេល​ដើម្បី​បង្កើត​បង្កើត​អង់ទីករ​ការពារ​សុខភាព​យើង​ពី​ជំងឺ​កូវីដ-១៩។

ចុះ​ក្រោយ​ចាក់​វ៉ាក់សាំង​រួច រយៈ​ពេល​យូរ​ប៉ុនណា​ទើប​រាងកាយ​មាន​អង់ទីករ​ការពារ?

មជ្ឈមណ្ឌល​ទប់ស្កាត់ និង​ប្រឆាំង​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​ឲ្យ​ដឹង​ថា ជា​ធម្មតា វ៉ាក់សាំង​ត្រូវ​ការ​ពេល​២-៣សប្ដាហ៍​សម្រាប់​រាងកាយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ និង​បង្កើត​ T-lymphocytesនិង B-lymphocytes ឆ្លើយ​តប​ទៅ​នឹង​វីរុស​កូវីដ-១៩​ក្រោយ​ពេល​ចាក់​វ៉ាក់សាំង​រួច​រាល់។ ដូច​នេះ​ហើយ យើង​នៅ​តែ​អាច​ឆ្លង​វីរុស​កូវីដ-១៩ ចន្លោះ​ពេល​១-២សប្ដាហ៍​ក្រោយ​ចាក់​វ៉ាក់សាំង​រួច ព្រោះ​វ៉ាក់សាំង​មិន​ទាន់​ផលិត​របាំង​ការពារ​វីរុស​ក្នុង​រាងកាយ​យើង​គ្រប់គ្រាន់​នៅ​ឡើយ។

CDC អាមេរិក​បន្ត​ថា ចំពោះ​ប្រភេទ​វ៉ាក់សាំង​ផ្សេង​គ្នា ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​សុខភាព​យើង ក៏​ខុស​គ្នា​ទៅ​តាម​នោះដែរ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រប់​ប្រភេទ​នៃ​វ៉ាក់សាំង​ទាំង​សុទ្ធតែ​ផ្ដល់​ការចងចាំ​នៃ T-lymphocytes និង B-lymphocytes ដើម្បី​ឲ្យ​រាងកាយ​ប្រយុទ្ធ​នឹង​វីរុស​កូវីដ-១៩ ក្នុង​ករណី​យើង​ឆ្លង​នា​ថ្ងៃ​អនាគត។ តែ​យើង​ក៏​ត្រូវ​ដឹង​ដែរ​ថា សមត្ថភាព​នៃ​ការ​បង្កើត​អង់ទីករ​ការពារ​វីរុស​កូវីដ-១៩ ​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​រួច ក៏​អាស្រ័យ​ទៅ​លើ​កត្តា​មួយ​ចំនួន​របស់​អ្នក​ចាក់​ដែរ​ដូច​ជា បញ្ហា​សុខភាព វ័យ ជាដើម។

ជាទូទៅ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង ដំណើរ​ការ​នៃ​ការ​បង្កើត​ប្រព័ន្ធភាពស៊ាំ​អាច​បង្ក​ជា​រោគសញ្ញា​សាមញ្ញ​មួយ​ចំនួន​ដូច​ជា ក្ដៅខ្លួន ឈឺ​ក្បាល ងងុយគេង។ល។ ដែល​ជា​សញ្ញា​បញ្ជាក់​ថា រាងកាយ​កំពុង​បង្កើត​អង់ទីករ​ការពារ​យើង​ពី​វីរុស​កូវីដ-១៩។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.cdc.gov/coronavirus/2019-ncov/vaccines/different-vaccines/how-they-work.html

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/05/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត