WHO ប្រកាសឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ សិន ដោយសារហេតុផលនេះ

    WHO ប្រកាសឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ សិន ដោយសារហេតុផលនេះ

    អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ការពារជំងឺ​កូវីដ -១៩ ដូស​ទី​៣​សិន យ៉ាង​ហោច​ណាស់​រហូត​ដល់​ចុង​ខែ​កញ្ញា។ ប្រធាន​អង្គការ​សុខភាព​ពិភព​លោក លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ ទី​០៤ សីហា ថា ការ​ផ្អាក​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​ គឺ​ដោយ​សារ​គម្លាត​ខុស​គ្នា​ឆ្ងាយ​រវាង​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​អ្នក​មាន និង​ប្រទេស​អ្នក​ក្រ។

    ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​បាន​ចាត់​ចែង​ផ្ដល់​វ៉ាក់សាំង​កូវីដ-១៩ប្រហែល ៥០​ដូស​សម្រាប់​រាល់​មនុស្ស ១០០​នាក់​នៅ​ក្នុង​ខែ​ឧសភា ហើយ​ចំនួន​នេះ​បាន​កើន​ឡើង​ទ្វេ​ដង នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក។ ចំណែកប្រទេស​មាន​ប្រាក់​ចំណូល​ទាប​អាច​ផ្ដល់​វ៉ាក់សាំង​ប្រហែល ១,៥​ដូស​ប៉ុណ្ណោះ​សម្រាប់​រាល់​មនុស្ស ១០០​នាក់​ដោយ​សារ​តែ​ខ្វះ​ខាត​ការ​ផ្គត់​ផ្គង់។

    ប្រធាន​អង្គការ​សុខភាព​ពិភពលោក បន្ត​ឲ្យ​ដឹង​ថា យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ជា​បន្ទាន់​ពី​ការ​ផ្ដល់​វ៉ាក់សាំង​ភាគ​ច្រើន​ទៅ​បណ្ដា​ប្រទេស​អ្នក​មាន ទៅ​ផ្ដល់​ឲ្យ​បណ្ដា​ប្រទេស​មាន​ចំណូល​ទាប​វិញ។ ស្រប​គ្នា​នេះ វេជ្ជបណ្ឌិត Elin Hoffmann Dahl ទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ​ជំងឺ​ឆ្លង​នៃ Medecins Sans Frontieres បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​ដែល​យើង​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​បន្ថែម​ទៅ​លើ​មនុស្ស​ពេញ​វ័យ​មាន​សុខភាព​ល្អ គឺ​ជា​ការ​គិត​ខ្លី​មួយ។

    “ជាមួយ​នឹង​ការ​លេច​ឡើង​នូវ​វីរុស​បំប្លែង Delta ឬ​វីរុស​បំប្លែង​ថ្មី​ៗ ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ទុក​ប្រជាជន​មួយ​ចំនួន​ធំ​លើ​ពិភព​លោក​មិន​អាច​ទទួល​វ៉ាក់សាំង​ការពារ​កូវីដ-១៩​បាន​ចោល យើង​ប្រាកដ​ជា​ត្រូវ​ការ​វ៉ាក់សាំង​កែ​តម្រូវ​នៅ​ថ្ងៃ​មុខ។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Elin Hoffmann Dahl។​​

    ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុស​បំប្លែង Delta ប្រទេស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ប្រើ​ប្រាស់ ឬ​ថ្លឹង​ថ្លែង​ពី​តម្រូវ​ការ​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ទោះ​បី​ជា​អ្នក​វិទ្យាសាស្ត្រ​កំពុង​ជជែក​វែក​ញែក​ថា​តើ​ត្រូវ​ការ​ចាក់​បន្ថែម ឬ​ក៏​អត់។

    ​វ៉ាក់សាំង​កូវីដ-១៩

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 05/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត