ស្រ្តេសដោយសារកូវីដ១៩ អាចមានចេញរោគសញ្ញាទាំងនេះ

    ស្រ្តេសដោយសារកូវីដ១៩ អាចមានចេញរោគសញ្ញាទាំងនេះ

    វិបត្តិកូវីដ១៩ ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ជាតិ​ជា​ខ្លាំង មិន​ថា​ទាំង​ផ្នែក​ផ្លូវចិត្ត និង​សេដ្ឋ​កិច្ច​។ ការ​ប្រឈម​ផ្នែក​សេដ្ឋ​កិច្ច បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​សុខភាព​ផ្លូវ​ចិត្ត ក៏​ដូច​ជា​ការ​ភ័យខ្លាច​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ទៅ​ជា​មាន​បញ្ហា​ស្រ្តេស​ដោយសារកូវីដ១៩​។

    ដូច​គ្នា​ដែរ ការ​រក្សា​គម្លាត នៅ​ដាច់​តែ​ឯង​ពេល​​សង្ស័យ​ថា​មាន​ឆ្លង ឬ​បាន​ប៉ះពាល់​នឹង​អ្នក​វិជ្ជមាន​កូវីដ១៩ ក៏​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធុញ​ថប់ និង​ស្រ្តេស​កាន់​តែ​ខ្លាំង​។

    ការ​សិក្សា​មួយ​របស់​អង្គការ​យូនីសេហ្វ ធ្វើ​ឡើង​លើ​មនុស្ស​៨ ៤៤៤​នាក់​នៅ​តំបន់​អាមេរិក​ឡាទីន បាន​រក​ឃើញ​ថា​អ្នក​ចូល​រួម​២៧​ភាគរយ កើត​មាន​បញ្ហា​ថប់បារម្ភ និង​១៥​ភាគ​រយ​មាន​បញ្ហា​បាក់​ទឹក​ចិត្ត ដោយ​សារ​តែ​វិបត្តិកូវីដ១៩។ ដោយ​ឡែក ៣០​ភាគ​រយ​នៃ​អ្នក​ចូល​រួម​ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​បញ្ហា​ផ្លូវចិត្ត ព្រោះ​តែ​ស្ថានភាព​សេដ្ឋកិច្ច​។

    ១. កូវីដ១៩ និង​​ស្ត្រេស​​

    ស្ត្រេស​ដោយ​សារ​កូវីដ១៩ អាច​បង្ក​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា៖

    • មាន​អារម្មណ៍​ខ្លាច ខឹង សោកសៅ បារម្ភ ស្ពឹក​ស្រពន់ ឬ​អន្ទះអន្ទែង
    • ប្រែ​ប្រួល​ចំណង់​អាហារ ថាមពល ចំណង់ និង​ចំណាប់​អារម្មណ៍
    • ពិបាក​គេង ឬ​យល់សប្ដិ​មិន​ល្អ
    • មាន​ប្រតិកម្ម​លើ​រាង​កាយ​ដូច​ជា ឈឺក្បាល ឈឺ​ខ្លួន បញ្ហា​ក្រពះ និង​រមាស់​ស្បែក
    • ធ្វើ​ឲ្យ​ជំងឺ​ប្រចាំ​កាយ​កាន់​តែ​អាក្រក់​ឡើង
    • បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ក៏​កាន់​តែ​ធ្ងន់​ធ្ងរ

    ស្ត្រេសព្រោះកូវីដ១៩

    ២. វិធី​ដោះ​ស្រាយ​ស្ត្រេស​ដោយសារកូវីដ១៩

    ដក​ខ្លួន​ពី​ព័ត៌មាន​ខ្លះ​៖ ​បើ​យើង​ឃើញ​តែ​រឿង​កូវីដ១៩ ពេញ​មួយ​ថ្ងៃៗ​ ​ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ល្អ យើង​គួរ​ផ្អាក​អាន​ព័ត៌មាន​ទាំង​នោះ​ខ្លះ។ នេះ​រួម​ទាំង​ការ​អាន​ ការ​ស្ដាប់ និង​មើល​លើ​បណ្ដាញ​សង្គម​ផង​ដែរ​។ ពិត​ណាស់​ ថា​ការ​បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​ល្អ​សម្រាប់​យើង​ក្នុង​ស្ថាន​ភាព​នេះ ប៉ុន្តែ​ថា​ការ​ឮ​ពី​វិបត្តិ​ដែល​កំពុង​កើត​មាន​នេះ​រាល់​ថ្ងៃ​ពេក​នឹង​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​។ ដូច​នេះ យើង​គួរ​ពិចារណា​អាន ឬ​ស្ដាប់​ព័ត៌មាន​ត្រឹម​ម្ដង ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ និង​អាច​បិទ​ទូរទស្សន៍ ទូរសព្ទ និង​កុំ​ព្យូទ័រ​មួយ​រយៈ​ណាម​មួយ​ ដើម្បី​កុំ​ឲ្យ​ឃើញ​ព័ត៌មាន​ទាំង​នេះ​ច្រើន​ពេក​។​

    ថែ​ទាំ​សុខភាព​៖ ក្នុង​វិបត្តិ​កូវីដ១៩ នេះ​ដឹង​ថា​យើង​ពិត​ជា​ពិបាក​ចិត្ត និង​មាន​ស្ត្រេស​មិន​ខាន ដើម្បី​ដោះ​ស្រាយ​បញ្ហា​ស្ត្រេស​​ត្រូ​វ​គិត​ពី​បញ្ហា​សុខ​ភាព​ដែរ​។ យើង​គួរ​៖

    • ហាត់​ដក​ដង្ហើម​វែងៗ ឬ​ធ្វើ​សមាធិ
    • ព្យាយាម​ញ៉ាំ​អាហារ​មាន​សុខភាព និង​តុល្យ​ភាព​
    • ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់
    • ជៀសវាង​ផឹក​គ្រឿង​ស្រវឹង កុំ​ជក់បារី និង​សារធាតុ​ញៀន​ផ្សេងៗ​ទៀត​
    • បន្ត​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​
    • ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​១៩ តាម​ការ​ណែ​នាំ​របស់​អាជ្ញាធរ

    ក្រៅ​ពី​អ្វី​ទាំង​នេះ ការ​បន្ត​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្ត​ភក្ដិ សាច់​ញាតិ និង​សមាជិក​គ្រួសារ​តាមរយៈ​ទូរសព្ទ ឬ​ប្រព័ន្ធ​បណ្ដាញ​សង្គម ក៏​ជា​ចំណែក​ជួយ​ឲ្យ​សុខ​ភាព​ផ្លូវចិត្ត​យើង​ល្អ​ដែរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 11/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត