ពិតណាស់ នៅពេលដែលយើងមានអារម្មណ៍ឈឺចាប់ និងស្ពឹកស្រពន់នៅត្រង់សន្លាក់ឆ្អឹង យើងប្រហែលជាគ្មានអារម្មណ៍ដើរកាត់ប្រាណ ឬហែលទឹកទៀតនោះទេ។យ៉ាងណាមិញ យើងមិនចាំបាច់ប្រឹងប្រែងហាត់ប្រាណឲ្យហួសពីសមត្ថភាពឡើយ លំហាត់ប្រាណងាយៗ បែបសាមញ្ញៗ ក៏អាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាល ព្រមទាំងអាចរក្សាទម្ងន់ខ្លួនថែមទៀតផង។
១.តើការហាត់ប្រាណមានគុណប្រយោជន៍អ្វីខ្លះ?
ជាក់ស្ដែង ការហាត់ប្រាណជួយពង្រឹងសុខភាព និងធ្វើឲ្យរាងកាយរបស់យើងមានភាពសមសួន ដោយពុំមានការឈឺចាប់នៅត្រង់សន្លាក់ឆ្អឹងឡើយ។ លើសពីនេះ វាក៏ជួយគ្រប់គ្រងទម្ងន់ បង្កើនតុល្យភាពរាងកាយ ធ្វើឲ្យឆ្អឹង និងសាច់ដុំនៅត្រង់សន្លាក់មានភាពរឹងមាំ ក៏ដូចជាធ្វើឲ្យយើងគេងលក់ស្រួលផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងមិនសូវហាត់ប្រាណទេនោះ វានឹងធ្វើឲ្យសន្លាក់ឆ្អឹងរបស់យើងកាន់តែឈឺចាប់ និងស្ពឹកជាងមុនថែមទៀត។