សម្ពាធឈាមអាចឡើងខ្ពស់ពេលទៅជួបគ្រូពេទ្យ ដោយអាការៈនេះ ហៅថា White-Coat បណ្ដាលមកពីស្រ្ដេស ឬភិតភ័យពេលជិតគ្រូពេទ្យ។ ធ្វើការវាស់សម្ពាធឈាមខ្លួនឯងនៅផ្ទះ ជាធម្មតាសង្កេតឃើញថា កម្រិតទាបជាងពេលយើងទៅជួបគ្រូពេទ្យ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
មុនវាស់សម្ពាធដោយខ្លួនឯងគួរតែអនុវត្តដូចខាងក្រោម៖
– រកកន្លែងស្ងប់ស្ងាត់ដើម្បីវាស់ ព្រោះយើងត្រូវធ្វើការស្ដាប់ចង្វាក់បេះដូង។
– ត្រូវប្រាកដថា មានផាសុកភាព និងនោមចេញឲ្យអស់ (មានទឹកនោមពេញប្លោកអាចប៉ះពាល់លទ្ធផល)។
– មូរដៃអាវឡើង ឬដោះអាវតឹងចេញ។
– អង្គុយនៅលើកៅអីជិតតុ សម្រាក ៥-១០ នាទី ដៃត្រូវដាក់ឲ្យស្មើបេះដូង អង្គុយឲ្យត្រង់ហាមខ្វែងជើង និងដាក់កំភួនដៃនៅលើតុ ស្មើបាតដៃ និងផ្ងារទៅលើ។
៥- មានអី្វកើតឡើងអំឡុងពេលកំពុងវាស់?
សម្ពាធឈាមនៅដៃខាងស្តាំអាចមានកម្រិតខ្ពស់ជាង ឬទាបជាងសម្ពាធឈាមនៅដៃខាងឆ្វេង ហេតុនេះគួរតែព្យាយាមប្រើដៃតែម្ខាងរាល់ពេលវាស់សម្ពាធឈាមម្ដងៗ។
ពេលវាស់ដំបូង គួរតែវាស់ ៣ដង ចន្លោះពី ៥-១០ នាទីម្តង។ ពេលអាចទម្លាប់វាស់សម្ពាធឈាមដោយខ្លួនឯងហើយ មិនចាំបាច់ធ្វើច្រើនដងទៀតទេ វាស់ត្រឹមតែម្ដង ឬ ២ដង ក្នុងមួយលើកក៏បាន។
វិធីប្រើប្រាស់ឧបករណ៍វាស់សម្ពាធឈាម អាចប្រែប្រួលទៅតាមប្រភេទឧបករណ៍ ដោយមានគោលការណ៍ណែនាំមួយពីវិធីវាស់ដូចជា៖
– វាស់នៅពេលមានអារម្មណ៍សុខស្រួល និងផាសុកភាព។ អង្គុយឲ្យស្រួលនៅលើកៅអីស្របពេលបាតជើងនៅលើឥដ្ឋ
– ព្យាយាមកុំធ្វើកាយវិការ ឬនិយាយអំឡុងពេលវាស់
– អង្គុយដាក់ដៃបានស្រួលនៅលើតុ មានកម្ពស់ស្មើទីតាំងបេះដូង
– ពាក់ស្នប់ដៃនៅដើមដៃ មូរដៃអាវឡើង ឬដោះអាវចេញ
– រឹតស្នប់ដៃឲ្យណែនជុំវិញដើមដៃ គែមស្នប់ដៃមានគម្លាតប្រហែល ១អ៊ីញ ឬ ២,៥សម លើកែងដៃ។
៦- មានអី្វកើតឡើងបន្ទាប់ពីវាស់សម្ពាធឈាមរួច?
កត់ត្រាទុករបាយការណ៍វាស់សម្ពាធឈាមទៅតាមថ្ងៃ និងម៉ោងឲ្យបានជាក់លាក់។ អាចប្រើសៀវភៅ ឬកុំព្យូទ័រកត់ត្រាក៏បាន។ លើសពីនេះ ត្រូវកត់ត្រាសកម្មភាពប្រចាំថ្ងៃ ដូចជា ម៉ោងញ៉ាំថ្នាំ ឬពេលមានអារម្មណ៍ថាពិបាកចិត្ត ឬស្រ្ដេស។ កំណត់ត្រាអាចប្រាប់ពីការប្រែប្រួលសម្ពាធឈាម និងងាយស្រួលឲ្យគ្រូពេទ្យធ្វើការផ្លាស់ប្ដូរថ្នាំព្យាបាល។
លទ្ធផល
៧- លទ្ធផលមានន័យយ៉ាងណា?
សម្ពាធឈាមសម្រាប់មនុស្សពេញវ័យ និងមនុស្សចាស់៖
– កម្រិតប្រសើរបំផុត៖ សម្ពាធឈាមលើមានកម្រិត ១១៩ មិល្លីម៉ែត្របារ៉ត ឬទាបជាងនេះ និងសម្ពាធឈាមក្រោម ៧៩ មិល្លីម៉ែត្របារ៉ត ឬទាបជាងនេះ។
– បម្រុងមានសម្ពាធឈាមខ្ពស់៖ សម្ពាធឈាមលើចន្លោះពី ១២០-១៣៩ មិល្លីម៉ែត្របារ៉ត និងសម្ពាធឈាមកក្រោមចន្លោះពី ៨០-៨៩ មិល្លីម៉ែត្របារ៉ត ។
– សម្ពាធឈាមខ្ពស់៖ សម្ពាធឈាមលើ ១៤០ មិល្លីម៉ែត្របារ៉ត ឬខ្ពស់ជាង និងសម្ពាធឈាមក្រោម ៩០ មិល្លីម៉ែត្របារ៉ត ឬខ្ពស់ជាងនេះ។
ជាទូទៅសម្ពាធឈាមមានកម្រិតទាបកាន់តែប្រសើរ ប៉ុន្តែពេលលទ្ធផលក្រោយវាស់ទាបជាង៩០ មិល្លីម៉ែត្របារ៉តលើ ៦០ មិល្លីម៉ែត្របារ៉ត បញ្ជាក់ថាយើងមានសុខភាពល្អ យើងមានអារម្មណ៍សុខស្រួលក្នុងរាងកាយ។ ប៉ុន្តែបើមានសម្ពាធឈាមទាប ហើយមានអារម្មណ៍វិលមុខ សន្លប់ ឬចង្អោរ ប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ។