គ្នាយើងមួយចំនួនចូលចិត្តសម្អាតអាចម៍ត្រចៀក រាល់ថ្ងៃ ដើម្បីឲ្យស្រឡះត្រចៀក និងម៉ាក់ៗខ្លះក៏ចូលចិត្តត្បារអាចម៍ត្រចៀកកូនតូចដែរ នេះមានន័យថា មិនទាន់ស្គាល់ពីអត្ថប្រយោជន៍នៃអាចម៍ត្រចៀក និងហានិភ័យដែលអាចកើតឡើងបាននៅឡើយទេ។
គ្នាយើងមួយចំនួនចូលចិត្តសម្អាតអាចម៍ត្រចៀក រាល់ថ្ងៃ ដើម្បីឲ្យស្រឡះត្រចៀក និងម៉ាក់ៗខ្លះក៏ចូលចិត្តត្បារអាចម៍ត្រចៀកកូនតូចដែរ នេះមានន័យថា មិនទាន់ស្គាល់ពីអត្ថប្រយោជន៍នៃអាចម៍ត្រចៀក និងហានិភ័យដែលអាចកើតឡើងបាននៅឡើយទេ។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ និងកុមារ បានឲ្យដឹងថា ជំងឺរលាកត្រចៀកក្នុង (អំបៅអំបែក) ស្ទើរតែ ៩០% ដែលកើតឡើងលើក្មេង គឺដោយសារកំហុសឆ្គងឪពុកម្ដាយចូលចិត្តត្បារត្រចៀកកូនផ្ដេសផ្ដាស និងប្រើរបស់លូកចូលត្រចៀកគ្មានអនាម័យ។ ការដែលឧស្សាហ៍ខ្វេះយកអាចម៍ត្រចៀកក៏អាចធ្វើឲ្យមនុស្សធំកើតអំបៅអំបែក ឬរលាកត្រចៀកក៏មាន។
លោកបន្ថែមថា អាចម៍ត្រចៀកមានតួនាទី និងផលប្រយោជន៍ច្រើនយ៉ាងដូចជា៖
១. អាចម៍ត្រចៀកជួយសម្ងួតសំណើមក្នុងត្រចៀក ដែលសំណើមនេះជាកត្តាធ្វើឲ្យត្រចៀកងាយរលាក និងបង្ករោគដោយពពួកបាក់តេរី វីរុស និងផ្សិត ព្រោះពពួកមេរោគទាំងនេះចូលចិត្តកន្លែងសើមៗ។
២. ការពារសត្វល្អិតចូលក្នុងត្រចៀក ព្រោះសត្វល្អិតទាំងនោះមិនចូលចិត្តក្លិន និងរសជាតិដ៏ល្វីងរបស់អាចម៍ត្រចៀកទេ។
៣. អាចម៍ត្រចៀកជារនាំងជួយការពារពីសំឡេងខ្លាំងដែលអាចបណ្ដាលឲ្យខូចក្រដាសត្រចៀកបានផងដែរ។
ហេតុនេះហើយ ទើបវេជ្ជបណ្ឌិតខាងលើណែនាំមិនឲ្យយើងត្បារយកអាចម៍ត្រចៀកចេញនោះទេ ព្រោះវាមានគុណប្រយោជន៍ច្រើន ហើយណាមួយបើយើងខ្វារមិនបានត្រឹមត្រូវ នោះវាកាន់តែរុញអាចម៍ត្រចៀកចូលជ្រៅទៅក្នុងត្រចៀក អាចប៉ះពាល់ដល់ក្រដាសត្រចៀក។
ជាចុងក្រោយ លោកបន្តថា អាចម៍ត្រចៀកនឹងធ្លាក់ចេញមកក្រៅដោយឯកឯង នៅពេលដែលវាដល់កំណត់មួយ តែយើងអាចត្បារចេញបាន ប្រសិនបើវាមានច្រើនពេករហូតដល់រំខានក្នុងការស្ដាប់។ ទន្ទឹមនឹងនេះ យើងក៏ត្រូវដឹងដែរថា ផលវិបាកនៃជំងឺរលាកត្រចៀកក្នុង គឺអាចធ្វើឲ្យទៅជាថ្លង់បាន ដូច្នេះគួរទៅជួបគ្រូពេទ្យជំនាញ ក្នុងករណីចាប់អារម្មណ៍ថាមានភាពមិនប្រក្រតីកើតឡើងលើត្រចៀក។

អានបន្ថែម៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
3 reasons to leave earwax alone https://www.health.harvard.edu/blog/3-reasons-to-leave-earwax-alone-2017051711718
10 things you never knew about ear wax https://www.health.qld.gov.au/news-events/news/ear-wax-cerumen-cotton-bud-ear-cleaning
Does Earwax Serve A Purpose? https://jamaicahospital.org/newsletter/does-earwax-serve-a-purpose/
កំណែប្រែបច្ចុប្បន្ន
15/03/2022
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ