– ទឹកនោមផ្អែមពេលពពោះ៖ ក្នុងចំណោមស្រីៗពពោះ ២០នាក់ មានម្នាក់កើតទឹកនោមផ្អែម ព្រោះការផលិតអ័រម៉ូន អាំងស៊ុយលីន ត្រូវរំខានដោយសាររាងកាយកំពុងផលិតអ័រម៉ូនច្រើនពេលពពោះ។ ករណីខ្លះ រាងកាយស្រីៗមិនអាចផលិត អាំងស៊ុយលីន គ្រប់គ្រាន់ ជាហេតុបណ្ដាលឲ្យមានជំងឺទឹកនោមផ្អែមពេលពពោះ។ ធម្មតា ជំងឺនេះនឹងជាបាត់ទៅវិញក្រោយពេលសម្រាល តែវាអាចក្លាយជាកត្តាប្រឈមចំពោះម៉ាក់ៗ កើតទឹកនោមផ្អែមប្រភេទ ២ ទៅថ្ងៃមុខ។
៤- កត្តាប្រឈម
កត្តាប្រឈមនាំឲ្យស្រីកើតទឹកនោមផ្អែមប្រភេទ២ រួមមាន៖
– អាយុលើស ៤៥ ឆ្នាំ
– លើសគីឡូ ឬធាត់ខ្លាំង
– ប្រវត្តិគ្រួសារមានកើតជំងឺនេះ (ឪពុកម្តាយ ឬបងប្អូន)
– មានបេ៊បី ទម្ងន់លើស ៤ គីឡូក្រាម
– មានជំងឺទឹកនោមផ្អែមពេលពពោះ
– លើសសម្ពាធឈាម
– លើសជាតិខ្លាញ់ (កូលេស្តេរ៉ូល)
– ហាត់ប្រាណតិចជាង ៣ ដងក្នុងមួយសប្តាហ៍
– មានប្រវត្តិកើតជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាល
– មានបញ្ហាសុខភាពផ្សេងៗពាក់ព័ន្ធអ័រម៉ូន អាំងស៊ុយលីន ដូចជា ដុំគីសនៅក្រពេញអូវែ (Polycystic ovary syndrome)។
៥- វិធីគ្រប់គ្រង
គ្រប់គ្រងជំងឺទឹកនោមផ្អែម និងជាតិស្ករក្នុងឈាមសម្រាប់ស្ត្រី អាចពិបាកបន្តិច ដោយសារ៖
– ថ្នាំពន្យារកំណើតខ្លះ អាចធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង
– ជាតិស្ករក្នុងឈាម អាចបណ្តាលឲ្យកើតរោគផ្សិត
– បម្រែបម្រួលអ័រម៉ូន ដែលពាក់ព័ន្ធនឹងវដ្ដរដូវ ការសម្រាលកូន និងអស់រដូវ ធ្វើឲ្យពិបាកគ្រប់គ្រងកម្រិតជាតិស្ករត្រឹមត្រូវ។
យ៉ាងណា យើងអាចការពារជំងឺនេះ ចៀសផុតពីផលលំបាក និងគ្រប់គ្រងរោគសញ្ញាបានតាមជំហានដូចខាងក្រោម៖
– សម្រកទម្ងន់និងហាត់ប្រាណ៖ បង្ការទឹកនោមផ្អែមដោយសម្រកទម្ងន់ពី ៥-៧ ភាគរយ តាមរយៈការប្តូររបបអាហារ និងហាត់ប្រាណទៀងទាត់។
– ឈប់ជក់បារី៖ ជក់បារី ធ្វើឲ្យយើងងាយរងផលលំបាកដោយសារទឹកនោមផ្អែម ដូចជា ជំងឺតម្រងនោម ប្រព័ន្ធប្រសាទ និងបញ្ហានៅលើជើង។
– ការពារខ្លួនពីផលវិបាកនៃជំងឺ៖ ធ្វើតាមដំបូន្មានគ្រូពេទ្យ តាមដានជាតិស្ករក្នុងឈាម រក្សាសម្ពាធឈាម និងជាតិខ្លាញ់ក្នុងឈាមឲ្យបានល្អ។
– យល់ដឹងពីសញ្ញាផលវិបាកនៃជំងឺ៖ ប្រាប់ទៅគ្រូពេទ្យភ្លាម បើសិនធ្លាប់មានសញ្ញាណាមួយលើសុខភាពយើង ដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងឈាមប្រែជាអាស៊ីដដោយសារសេតូន (Diabetic ketoacidosis)។
ស្គាល់ពីសញ្ញាទឹកនោមផ្អែម ពិសេសសញ្ញាមានលើស្រីៗ ជាគន្លឹះពិសេសប្រយុទ្ធប្រឆាំងជំងឺ។ ទោះបីអត្រាស្រីៗស្លាប់ដោយសារទឹកនោមផ្អែមមិនទាន់ចុះថយក៏ពិតមែន ប៉ុន្តែយល់ដឹង និងគ្រប់គ្រងរោគសញ្ញា រួមនឹងផលវិបាក អាចជួយឲ្យយើងរស់នៅប្រកបដោយផាសុកភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕