បើតាមការចុះផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ការដាំបង្គោលធ្មេញក្នុងឆ្អឹងជាការជំនួសឫសធម្មជាតិ ដែលបានបាត់បង់មួយ ឬច្រើនសម្រាប់ទ្រធ្មេញសិប្បនិម្មិតមួយ ឬច្រើន ឬធ្មេញស្និត ហើយផ្ដល់តួនាទីនៃការទំពារ សោភ័ណភាព និងគុណភាពជីវិតបានប្រសើរ។
ដាំបង្គោលក្នុងធ្មេញអាចបណ្ដាលឲ្យយើងកើតជំងឺតេតាណូស ឬបង្កជាជំងឺមហារីកអត់?
ការដាំបង្គោលធ្មេញក្នុងឆ្អឹងត្រឹមត្រូវ តាមបច្ចេកទេស មិនអាចបណ្ដាលឲ្យមានជំងឺតេតាណុស ឬជំងឺមហារីកទេ ព្រោះបង្គោលធ្មេញដាំក្នុងឆ្អឹងផលិតពីលោហៈទីតាញ៉ូម (Titanium) ដែលអាចរស់នៅក្នុងខ្លួនមនុស្សយើងបាន។ ប៉ុន្តែមានបុគ្គលមួយចំនួនមិនអាចដាំបង្គោលធ្មេញបានទេ ប្រសិនបើអ្នកទាំងនោះជា៖
– អ្នកជំងឺជក់បារីច្រើន
– វ័យក្មេងពេក (អ្នកជំងឺកំពុងលូតលាស់)
- អ្នកជំងឺព្យាបាលដោយកាំរស្មីនៅតំបន់ក និងក្បាល
– អ្នកជំងឺព្យាបាលដោយថ្នាំ Bisphosphonate
– អ្នកជំងឺដែលមានកម្រាស់ឆ្អឹងស្ដើងពេក ប៉ុន្តែមានករណីជាច្រើន ពេទ្យអាចធ្វើការបន្ថែមឆ្អឹងបានដែលអាចជា ឆ្អឹងអ្នកជំងឺផ្ទាល់ ឬឆ្អឹងសិប្បនិម្មិត។ល។