តាមមន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា វត្តមានរបស់ទាចទឹកបញ្ជាក់ថា សភាពជំងឺមានលក្ខណៈធ្ងន់ធ្ងរដែលទាមទារនូវការព្យាបាលត្រឹមត្រូវ និងហ្មត់ចត់។ ដោយសារភាពធ្ងន់ធ្ងររបស់ជំងឺក្រិនថ្លើម អ្នកជំងឺមួយចំនួនតូចដែលមានទាចទឹកអាចស្លាប់នៅក្នុងរយៈពេលខ្លី ទោះបីជាមានការព្យាបាលត្រឹមត្រូវតាមបែបវេជ្ជសាស្ត្រក៏ដោយ។ ទាំងនេះបានបង្កើតជាពាក្យចចាមអារ៉ាម ដែលប្រជាជនមួយចំនួនយល់ឃើញថា ការប៉ូមទឹកចេញពីពោះនៅពេលដែលមានទាចទឹក អាចធ្វើឲ្យអ្នកជំងឺស្លាប់បាននោះ គឺជាការយល់ខុសដ៏ធំមួយ។
ក្នុងករណីដែលអ្នកជំងឺកើតទាចទឹក ហើយមានផ្ទុកមេរោគទៀតនោះ វានឹងបណ្ដាលឲ្យជំងឺមានសភាពធ្ងន់ធ្ងរ រហូតអាចមានគ្រោះថ្នាក់ដល់ជីវិត។ មួយវិញទៀត ប្រសិនបើកើតទាចទឹក ហើយមិនប៉ូមចេញទេ នៅពេលដែលវាមានចំនួនកាន់តែច្រើន អ្នកជំងឺនឹងមានអារម្មណ៍ថា តឹងពោះខ្លាំងពិបាកទ្រាំ និងពិបាកដកដង្ហើម។