រោគ​សញ្ញា​ទាំង​៥​​​ នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ស្រីៗ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ ​​​​​​​​​​​

    រោគ​សញ្ញា​ទាំង​៥​​​ នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ ស្រីៗ​ត្រូវ​ប្រុង​​ប្រយ័ត្ន​​ ​​​​​​​​​​​

    ជំងឺមហារីក​ទ្វារ​មាស​ កម្រ​នឹង​កើត​ឡើង​ណាស់​ ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​បាន​ ប្រសិនបើ​យើង​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​ស្វែង​យល់​ពី​រោគសញ្ញា​ខុស​ប្រក្រតី​​មួយ​ចំនួន​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​​​​។​​​

    ​១. ធ្លាក់​ឈាម​ ឬ​ទឹក​រម្អិល​តាម​ទ្វារ​មាស​ខុស​ប្រក្រតី​

    ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​​​មិន​ទៀងទាត់​ ជា​សញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​មាត់​ស្បូន​។ ​ការ​ធ្លាក់​ឈាម​នេះ​​​មាន​សភាព​ខុស​គ្នា​ទៅ​នឹង​ការ​មក​រដូវ​ប្រចាំខែ ឬ​ធ្លាក់​ឈាម​បន្ទាប់​ពី​​រួម​ភេទ​។ ជួនកាល​ វា​ជា​កំណក​ឈាម​ ឬ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ដែល​មាន​ពណ៌​ក្រហម (លាយឡំ​ជាមួយ​នឹង​ឈាម​)។ នៅ​ក្នុង​ករណី​នេះ​ ស្រី​ៗ​យើង​ចាំបាច់​​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ​ ទើប​ជា​ការ​ប្រសើរ​។

    ២. ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស

    រោគ​សញ្ញា​ព្រមាន​មួយ​ទៀត​នៃ​ជំងឺ​មហារីកទ្វារមាស គឺ​ការ​កើត​មាន​ដុំ​ពក​។ ពិត​ណាស់​ មិន​ថា​ជា​ជំងឺ​មហារីក​សុដន់​ ឬ​មហារីក​ទ្វារ​មាស​ឡើយ​ ការ​កើត​មាន​ដុំ​ពក​អាច​មាន​ន័យ​ថា​ សុខភាព​​របស់​យើង​កំពុង​តែ​​មាន​បញ្ហា​ហើយ​។ ដោយ​សារ​តែ​ជំងឺ​មហារីក​កើត​ឡើង​​នៅ​ពេល​ដែល​​មាន​ការ​លូតលាស់​ខុស​ប្រក្រតី​​នៃ​កោសិកា ទើប​បង្ក​ឲ្យ​កើត​មាន​ដុំ​ពក​នៅ​ក្នុង​ទ្វារ​មាស​ ហើយ​វា​ក៏​អាច​ជា​ដុំ​សាច់​នៅ​ក្នុង​ទ្វារ​​មាស​​ដែល​អាច​ជា​សាច់​កាច​ ឬ​សាច់​ស្លូត​។

    ​​៣. ឈឺចាប់​នៅ​ពេល​នោម​

    ជាមួយ​គ្នា​នេះ​ដែរ​ រោគ​សញ្ញា​ខុស​ប្រក្រតី​មួយ​ទៀត​នៃ​​​ជំងឺ​មហារីក​មាត់​ស្បូន​ គឺ​​អាការៈ​ឈឺចាប់​នៅ​ពេល​នោម​។ ដូច​គ្នា​ដែរ​ប្រសិនបើ​​គ្នា​យើង​​កើត​មាន​អាការៈ​ឈឺចាប់​ស្រួចស្រាល់​ និង​រ៉ាំរ៉ៃ ឬ​ក្រហាយ​នៅ​ពេល​នោម​ វា​អាច​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។

    មហារីកទ្វារមាស២

    ​​៤. ឈឺចាប់​អំឡុង​ពេល​រួម​ភេទ

    ​ចំណែក​ឯ​អាការៈ​ឈឺចាប់​រ៉ាំរ៉ៃ​នៅ​អំឡុង​ពេល​រួម​ភេទ​ជាមួយ​នឹង​ដៃគូ​ ​ក៏​មិន​មែន​ជា​រឿង​ធម្មតា​​ដែរ​។ ​ជាក់​ស្ដែង​ ការ​ឈឺចាប់​នេះ​គឺ​ជា​រោគ​សញ្ញា​មួយ​​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​ដែល​ស្រី​ៗ​យើង​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់​។

    ៥. ទ្វារ​មាស​ប្ដូរ​ពណ៌

    ​ការ​ផ្លាស់ប្ដូរ​ពណ៌​ទ្វារ​មាស​ ដែល​ជា​ធម្មតា​មាន​ពណ៌​ផ្កាឈូក​ស្រាល​ អាច​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​ទ្វារ​មាស​។ យ៉ាង​ណា​មិញ ការ​ផ្លាស់ប្ដូរ​ពណ៌​​ទ្វារ​​មាសមិន​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ​ លើកលែង​​តែ​មាន​អម​ជាមួយ​​អាការៈ​ផ្សេង​ទៀត​ដូចជា​ក្លិន​មិន​ល្អ​ ហើម​ ឬ​រមាស់​នៅ​បរិវេណ​តំបន់​អាង​ត្រគាក​ ជាដើម​។​

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 02/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត