សារធាតុគីមីក្នុងផ្សែងបារីគ្រោះថ្នាក់ណាស់ បង្កជាមហារីកច្រើនប្រភេទ

    សារធាតុគីមីក្នុងផ្សែងបារីគ្រោះថ្នាក់ណាស់ បង្កជាមហារីកច្រើនប្រភេទ

    មហារីក ជា​ជំងឺ​ដែល​កោសិកា​ខុសប្រក្រតី​លូតលាស់​មិន​អាច​គ្រប់​គ្រង​បាន និង​មាន​លទ្ធភាព​រាល​ដាល​ទៅ​ដល់​ជាលិកា​ផ្សេងៗ​ទៀត​។​ កោសិកា​មហារីក អាច​រាល​ដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៃ​រាង​កាយ តាម​រយៈ​ឈាម និង​ប្រព័ន្ធ​ទឹក​រងៃ ដែល​​ប្រព័ន្ធ​នេះ​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​រាង​កាយ​។ ជំងឺ​មហារីក​កើត​ពី​ការ​ជក់​បារី ឬស្រូប​ផ្សែងបារី ត្រូវ​គេ​ដឹង​ថា​ជា​ប្រភេទ​ជំងឺ​ដែល​អាច​ការពារ​បាន ដោយ​គ្រាន់​តែ​ឈប់​ជក់បារី ឬ​កុំ​ជក់​បារី​។ សារធាតុគីមីក្នុងផ្សែងបារី អាចបង្ក​គ្រោះ​ថ្នាក់ដល់សុខភាព និង​បង្ក​ជា​ជំងឺមហារីក​ផ្សេងៗ។​​​

    ជំងឺ​មហារីក​មាន​ជាង​១០០​ប្រភេទ​ផ្សេង​គ្នា ហើយ​ឈ្មោះ​ជំងឺ​មហារីក​មួយៗ​ហៅ​តាម​ប្រភេទ​សរីរាង្គ​ដែល​កើត​មហារីក ឬ​កោសិកា​ដែល​កើត​មហារីក ដូច​ជាជំងឺ​មហារីក​សួត កើត​នៅ​លើ​សួត និង​ជំងឺ​មហារីក​ប្រអប់​សំឡេង កើត​លើ​ប្រអប់​សំឡេង​។

    ១. រោគ​សញ្ញា​ជំងឺ​មហារីក

    រោគ​សញ្ញា​ជំងឺ​មហារីក​អាច​មាន​ដូច​ជា៖

    • ឡើង​រឹង ឬ​ឡើង​កូនកណ្ដុរ​នៅ​ផ្នែក​ណា​មួយ​នៃ​រាង​កាយ
    • ឡើង ឬ​ស្រក​ទម្ងន់​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់
    • មានការ​ឈឺចាប់ ដែល​មិន​ជាសះស្បើយ​
    • ក្អក​មិន​បាត់​​
    • ពិបាក​លេប​អាហារ
    • មិន​ស្រួល​ខ្លួន​ក្រោយ​ញ៉ាំ​អាហារ
    • បត់ជើង​តូច ឬ​បត់​ជើង​ធំ​ប្រែប្រួល​
    • ​មាន​​ធ្លាក់​ឈម​ខុស​ប្រក្រតី
    • មាន​អារម្មណ៍​ខ្សោយ ឬ​អស់​កម្លាំង

    ឈប់ជក់បារី

    ​២. ជក់​បារី​ទាក់ទង​នឹង​មហារីក​បែប​ណា?

    ​ជក់​បារី​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ហើយ​​សារធាតុ​នៅ​ក្នុង​បារី​អាច​រារាំង​រាង​កាយ​មិន​ឲ្យ​ប្រឆាំង​នឹង​មហារីក​។ នៅ​ក្នុង​ផ្សែង​បារី​​គេ​ជឿថា​អាច​មាន​សារធាតុគីមី​ជាង​៥ ០០០ប្រភេទ​ និង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព ហើយ​ក្នុង​ចំណោម​នោះ​គេ​ដឹង​ច្បាស់​ថា​មាន​យ៉ាង​តិច​៧០​ប្រភេទ អាច​បង្ក​ជាជំងឺ​មហារីក​​។​

    • សារធាតុ​ពុល​ក្នុង​ផ្សែង​បារី អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ប្រឆាំង​ ឬ​សម្លាប់​កោសិកា​មហារីក​។ ពេល​បញ្ហា​បែប​នេះ​កើត​ឡើង កោសិកា​មហារីក អាច​បន្ត​លូត​លាស់​បាន​ដោយ​គ្មាន​ការ​រំខាន​។​
    • សារធាតុ​ពុល​ក្នុង​ថ្នាំ​ជក់ អាច​បំផ្លាញ ឬ​ផ្លាស់​ប្ដូរ​​DNA​របស់​កោសិកា។ DNA ជា​ភ្នាក់​ងារ​ត្រួត​ពិនិត្យ​របស់​កោសិកា ដែល​គ្រប់គ្រង​លើ​ការ​លូត​លាស់ និង​ដំណើរ​ការ​របស់​កោសិកា​ធម្មតា​។ នៅ​ពេល​ដែល DNA ត្រូវ​បំផ្លាញ​ កោសិកា​ចាប់​ផ្ដើម​លូតលាស់​​មិន​អាច​គ្រប់​គ្រង​បាន និង​បង្កើត​បាន​ជា​ដុំ​សាច់​មហារីក

    ​ក្រុម​គ្រូពេទ្យ​បាន​ដឹង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ថា​ការ​ជក់​បារី​ជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក​សួត​។ រឿង​នេះ នៅ​តែ​ជា​ការ​ពិត​រហូត​មក​ពេល​នេះ មាន​មនុស្ស​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​សួត​ជិត​៩​នាក់​ក្នុង​ចំណោម​១០​នាក់ កើត​ចេញ​ពី​ការ​ជក់​បារី ឬ​ស្រូប​ផ្សេង​បារី​។ ការ​សិក្សា​ខ្លះ​បញ្ជាក់​ថា​អ្នក​ជក់​បារី​បច្ចុប្បន្ន​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សួត​ខ្ពស់​ជាង​អ្នក​ជក់​បារី​ក្នុង​ទសវត្ស​ឆ្នាំ​១៩៦០​ទៅ​ទៀត។ ហេតុ​ផល​អាច​មក​ពី​ការ​ផ្លាស់​ប្ដូរ​វិធី​ផលិត​បារី និង​សារធាតុ​គីមី​ដែល​គេ​ប្រើ​នៅ​ក្នុង​បារី​។

    នៅ​សហរដ្ឋអាមេរិក​អ្នក​ស្រូប​ផ្សេង​បារី ច្រើនជាង​៧ ៣០០​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ដោយ​សារ​តែ​ជំងឺ​មហារីក​សួត​​។

    ៣. ជក់​បារី​បង្ក​ជា​ជំងឺ​មហារីក​ផ្សេងៗ​ទៀត

    ​ការ​ជក់​បារី អាច​បង្ក​ជា​ជំងឺ​មហារីក​ជា​ច្រើន​ផ្សេង​ទៀត​ ស្ទើរ​តែ​ពាស​ពេញ​រាង​កាយ​។ ជំងឺ​មហារីក​ទាំង​នោះ​រួម​មាន ជំងឺ​មហារីក​ឈាម មហារីក​ប្លោក​នោម មហារីក​មាត់​ស្បូន មហារីក​ពោះ​វៀន​ធំ មហារីក​បំពង់អាហារ មហារីក​ថ្លើម មហារីក​បំពង់​សំឡេង មហារីក​មាត់ និង​បំពង់ក មហារីក​លំពែង និង​មហារីកក្រពះ​ជា​ដើម​។

    ​សម្រាប់​អ្នក​ចុក​ថ្នាំ​​ (ទំពា​ថ្នាំ​ជក់) វិញ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​បំពង់អាហារ មហារីក​មាត់ និង​បំពង់ក និង​ជំងឺ​មហារីក​លំពែង​ដែរ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 19/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត