ការមានផ្ទៃពោះ គឺជាពេលវេលាដែលរាងកាយរបស់ម៉ាក់ៗឆ្លងកាត់ការផ្លាស់ប្ដូរមួយចំនួន ដើម្បីឲ្យកូនលូតលាស់ក្នុងផ្ទៃប្រកបដោយសុវត្ថិភាព ក៏ដូចជាសម្រាប់ផ្គត់ផ្គង់ដល់កូនក្រោយសម្រាលរួច។ ពិតណាស់ នៅអំឡុងពេលពពោះ សុដន់ និងក្បាលសុដន់របស់យើងច្បាស់ជាមានការផ្លាស់ប្ដូរមិនខាន។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗមិនធ្វើការថែទាំឲ្យបានត្រឹមត្រូវទេនោះ ការផ្លាស់ប្ដូរទាំងនេះអាចបណ្ដាលឲ្យយើងមិនស្រណុកក្នុងខ្លួន ឬផ្លាស់ប្ដូររូបរាងសុដន់យ៉ាងខ្លាំង បន្ទាប់ពីសម្រាលកូនរួច។ ហេតុដូច្នេះហើយ ដើម្បីថែទាំរាងកាយ ក៏ដូចជាការពារបញ្ហាផ្សេងៗដែលបង្កឡើងដោយការផ្លាស់ប្ដូររូបរាង ម៉ាក់ៗគួរអនុវត្តតិចនិក និងទម្លាប់មួយចំនួន។
ការផ្លាស់ប្ដូរសុដន់ អំឡុងពេលពពោះ
ពិតណាស់ ការពពោះនាំឲ្យមានការផ្លាស់ប្ដូរទាំងរូបរាង និងអារម្មណ៍ចំពោះសុដន់របស់យើងយ៉ាងខ្លាំង ហើយវាក៏អាចបង្កជាការឈឺចាប់តិចតួចដល់យើងផងដែរ។ ការផ្លាស់ប្ដូរសុដន់ជាទូទៅ ដែលយើងអាចសង្កេតឃើញក្នុងអំឡុងពេលពពោះមានដូចខាងក្រោម៖
- សុដន់រីកធំ និងមានការឈឺចាប់
- ក្បាលសុដន់ឡើងខ្មៅ
- ចេញទឹកដោះ
- ឡើងសរសៃខ្មៅនៅបរិវេណសុដន់
- ក្បាលសុដន់រីកធំ
តិចនិកថែទាំសុដន់ និងក្បាលសុដន់ នៅអំឡុងពេលពពោះ
ស្រីៗយើងភាគច្រើនតែងតែមិនសូវយកចិត្តទុកដាក់ក្នុងការថែទាំសុដន់នៅអំឡុងពេលពពោះ ដែលធ្វើឲ្យសុដន់ងាយរងគ្រោះកាន់តែខ្លាំង។ ដូចនេះហើយ ដើម្បីថែទាំសុដន់ឲ្យបានត្រឹមត្រូវ អំឡុងពេលពពោះ ម៉ាក់ៗអាចអនុវត្តតាមគន្លឹះពិសេសៗប្រចាំថ្ងៃទាំងនេះ។
១. ជ្រើសរើសអាវទ្រនាប់ត្រឹមត្រូវ
ដោយសារតែសុដន់របស់យើងបន្តរីកធំ ចាប់ពីត្រីមាសទី១មក ដូច្នេះហើយ ម៉ាក់ៗត្រូវផ្លាស់ប្ដូរទំហំអាវទ្រនាប់ដូចគ្នា។ ចូរជ្រើសរើសតែទំហំអាវទ្រនាប់ដែលសក្ដិសម ដើម្បីជៀសវាងការថប់ដង្ហើម និងមិនស្រួលខ្លួន។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនគួរពាក់អាវទ្រនាប់ដែលមានឆ្អឹងនោះទេ ពីព្រោះឆ្អឹងអាវទ្រនាប់អាចរាំងស្ទះដល់ការផលិតទឹកដោះ ដោយការបិទថង់ទឹកដោះ។ អាវទ្រនាប់ដែលមានប៉ុងទន់ល្មើយ និងអាចទ្រទ្រង់ខ្នងរបស់យើងបាន គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់របស់សុដន់។
២. ម៉ាស្សា
ក្បាលសុដន់របស់យើងអាចស្ងួតខ្លាំង និងប្រេះ នៅអំឡុងពេលពពោះ។ ដូចនេះ ការផ្ដល់សំណើមដល់បរិវេណក្បាលសុដន់ គឺមានសារសំខាន់ខ្លាំងណាស់។ ម៉ាក់ៗអាចប្រើប្រាស់ប្រេងអូលីវ ឬប្រេងដូង ដោយម៉ាស្សាក្បាលសុដន់នៅមុនពេលងូតទឹក។ ការម៉ាស្សាសុដន់ជាមួយនឹងប្រេងដូងនេះ ក៏អាចជួយសម្រួលដល់ចរន្តឈាម លើកសុដន់ឲ្យខ្ពស់ និងណែនល្អ ក៏ដូចជាការពារកុំឲ្យសុដន់យារធ្លាក់ថែមទៀតផង។
៣. រក្សាអនាម័យ
ក្បាលសុដន់អាចហៀរចេញទឹកដោះ នៅអំឡុងត្រីមាសចុងក្រោយ។ កត្តានេះកើតឡើងជាញឹកញាប់ណាស់ ហេតុនេះហើយ ម៉ាក់ៗគួរផ្លាស់ប្ដូរអាវទ្រនាប់ដើម្បីកុំឲ្យក្បាលសុដន់សើមពេក ដែលអាចបណ្ដាលឲ្យក្បាលសុដន់ប្រេះ និងឆ្លងមេរោគបាន។ បន្ថែមពីនេះ យើងក៏អាចប្រើទ្រនាប់សុដន់ ដើម្បីឲ្យក្បាលសុដន់ស្ងួតល្អ ក៏ដូចជាលាងសម្អាតក្បាលសុដន់ជាទៀងទាត់ ដើម្បីការពារកុំឲ្យសារធាតុរាវ កកើតជាក្រមរនៅបរិវេណសុដន់។
៤. កុំប្រើសាប៊ូនៅលើក្បាលសុដន់
ជាមួយគ្នានេះដែរ ម៉ាក់ៗមិនគួរប្រើសាប៊ូនៅលើក្បាលសុដន់ នៅរាល់ពេលងូតទឹកឡើយ។ សាប៊ូអាចធ្វើឲ្យក្បាលសុដន់ស្ងួត និងអាចបង្កើតជាក្រមរនៅបរិវេណនោះ។
៥. ប្រើក្រែមផ្ដល់សំណើម
បន្ទាប់ពីងូតទឹករួច ចូរលាបក្រែមផ្ដល់សំណើមនៅលើក្បាលសុដន់ ប្រសិនបើក្បាលសុដន់មានសភាពស្ងួតខ្លាំង។
[embed-health-tool-due-date]