តិចនិកបំពេញជាតិទឹកសម្រាប់ស្រ្តីពពោះ
ដើម្បីរក្សាជាតិទឹកក្នុងរាងកាយឲ្យបានល្អ ស្រ្តីកំពុងពពោះ គួរចៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងងាកមកញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកដោះគោជំនួសវិញ។ ដូចគ្នាដែរ ការញ៉ាំផ្លែឈើ និងបន្លែ ក៏ជាការបន្ថែមជាតិទឹកដល់រាងកាយដូចគ្នា។ មួយវិញទៀតស្រ្តីមានផ្ទៃពោះគួរចៀសវាងត្រូវកម្ដៅថ្ងៃខ្លាំង ដែលជាហេតុនាំឲ្យបាត់បង់ជាតិទឹកដូចគ្នា។ ដូចនេះ បើចង់ហាត់ប្រាណ គួរហាត់ពេលព្រឹកព្រលឹម ឬពេលល្ងាច ដើម្បីកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំង និងត្រូវបន្ថែមការញ៉ាំទឹក បើសិនជាបញ្ចេញសកម្មភាពរាងកាយច្រើន។
អត្ថបទគួរអាន៖
ដូចគ្នាដែរ ការញ៉ាំទឹករ៉ែធម្មជាតិ ក៏ជាវិធីមួយជួយបំពេញជាតិទឹកដល់រាងកាយដូចគ្នា ហើយថែមទាំង អាចមានប្រយោជន៍សម្រាប់កូនក្នុងផ្ទៃផងដែរ។ ទឹករ៉ែធម្មជាតិមានផ្ទុករ៉ែកាល់ស្យូម ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញសម្រាប់របស់កូនក្នុងផ្ទៃ។ ដូចនេះការញ៉ាំទឹករ៉ែធម្មជាតិ អាចរួមចំណែកបន្ថែមកាល់ស្យូមដែលស្រ្តីពពោះត្រូវការពីរបបអាហារប្រចាំថ្ងៃ។ ជាធម្មតាស្រ្តីមានផ្ទៃពោះត្រូវការកាល់ស្យូម ១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។
យ៉ាងណា ការជ្រើសរើសទឹករ៉ែធម្មជាតិ ស្រីៗយើងដែលកំពុងពពោះ ត្រូវពិនិត្យរកទឹកណាដែលមានកម្រិតសូដ្យូមទាបបំផុត ព្រោះថាបើស្រ្តីពពោះមានកម្រិតសូដ្យូមខ្ពស់អាចធ្វើឲ្យមានអាការៈហើម។ ជាធម្មតាស្រ្តីពពោះ ក៏ដូចជាស្រ្តីផ្សេងទៀតដែរគឺត្រូវការសូដ្យូម៣ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។ អ្នកម្តាយមានសុខភាពល្អជួយអោយបុត្រធីតាមានសុខភាពល្អនិងរឹងមាំដែរ។