គភ៌ស្ថិតនៅទីតាំងបញ្ច្រាស មិនព្រមបង្វិលក្បាលចុះក្រោម ជាកង្វល់របស់ម៉ាក់ៗដែលមានបំណងសម្រាលកូនតាមធម្មជាតិ។ ថ្ងៃនេះ Hello គ្រូពេទ្យ នឹងបកស្រាយលម្អិតពីពេលវេលា ដែលកូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីជួយបង្វិលពីខាងក្រៅរបស់គ្រូពេទ្យផ្នែកសម្ភព។
ទារកក្នុងផ្ទៃបង្វិលខ្លួនគ្រប់ពេលទាំងអស់ បង្វិលចុះបង្វិលឡើង ប៉ុន្តែទារកនឹងបង្វិលក្បាលចុះមកក្រោមរហូត ចាប់ពីសប្តាហ៍ទី ៣២-៣៣ ឡើងទៅ ដើម្បីត្រៀមលក្ខណៈក្នុងការសម្រាល។ នេះបើតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព រោគស្ត្រី នៃមន្ទីរសម្រាលព្យាបាល និងសម្ភព មាតា។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ប៉ុន្តែទោះបីជាកូនមិនបង្វិលនៅអំឡុងសប្តាហ៍ទី ៣២-៣៣ ក៏ដោយ ម៉ាក់ៗមិនបាច់បារម្ភពេកទេ យើងអាចបន្តតាមដាននៅសប្តាហ៍ ទី៣៧-៣៨ ឬដល់ពេលឈឺពោះ ដើម្បីដឹងថា កូនបង្វិល ឬអត់។
ទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិតដែលមានសញ្ញាបត្រពីប្រទេស បារាំង រូបនេះថា ចាប់ពី ៣៧ សប្តាហ៍ឡើងទៅ កូនក្នុងពោះកាន់តែធំ អ៊ីចឹងទម្រង់កូនបែបម៉េច គឺនៅបែបហ្នឹងដដែល ព្រោះទីតាំងតូចចង្អៀត ភាគច្រើនពិបាកនឹងបង្វិល។
អត្ថបទពាក់ព័ន្ធ៖
វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសសម្ភព និងរោគស្ត្រី បើសិនជាម៉ាក់ៗទៅមើលអូកេឃើញថា កូននៅទីតាំងបញ្ច្រាស មិនបង្វិលក្បាលចុះក្រោមទេ គ្រូពេទ្យមានវិធីបង្វិលពោះរបស់ស្ត្រី ទៅតាមទម្រង់របស់កូន ដើម្បីឲ្យក្បាលកូនចុះមកក្រោម អាចកើតតាមធម្មជាតិបាន។ វិធីនេះធ្វើនៅពេលគភ៌អាយុ ៣៦-៣៧ សប្តាហ៍ ហើយអាចមានកត្តាជោគជ័យ មិនជោគជ័យ ឬអាចគ្រោះថ្នាក់អំឡុងពេលជួយបង្វិល។
ក្នុងករណីគ្រោះថ្នាក់ គ្រូពេទ្យនឹងវះកាត់យកកូនចេញភ្លាមពេលកំពុងតែបង្វិល។ ម្យ៉ាងវិញទៀត បើម៉ាក់ៗមានសុកនៅពាំងមាត់ស្បូន ទងសុករុំកកូន គ្រូពេទ្យមិនអាចប្រើវិធីជួយបង្វិលបានទេ ម៉ាក់ៗចាំបាច់ត្រូវសម្រាលកូនដោយវះកាត់។