ចាប់ផ្ដើមមានផ្ទៃពោះ ក្រៅពីក្អួតចង្អោរ មានអាការៈអ្វីទៀត?​

    ចាប់ផ្ដើមមានផ្ទៃពោះ ក្រៅពីក្អួតចង្អោរ មានអាការៈអ្វីទៀត?​

    ត្រី​មាស​​ទី​មួយ​នៃ​ការ​មាន​ផ្ទៃពោះ គឺ​ជា​រយៈពេល​បី​ខែ​ដំបូង​នៃ​ការ​ពពោះ ហើយ​ត្រូវ​គ្រូពេទ្យ​កំណត់​ពី​សប្ដាហ៍​ទី​១​ដល់​ទី​១២ ឬ​ខ្លះ​ថា​ដល់​ទី​១៤​។ គ្រូពេទ្យ​បាន​កំណត់​ថ្ងៃ​ទី​មួយ​នៃ​ដំណាក់​កាល​មាន​ផ្ទៃ​ពោះ​​​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​វដ្ដ​រដូវ ដែល​ស្រីៗ​ខ្លះ​ពេល​ដឹង​ថា​បាត់​រដូវ អាច​មាន​ផ្ទៃ​ពោះ​បួន​សប្ដាហ៍​ហើយ​ក៏​មាន។ បើ​អ៊ីចឹង​តើ​មាន​សញ្ញា​អ្វី​ខ្លះ​អាច​ថា​ស្រីៗ​យើង​មាន​ផ្ទៃពោះ?​​

    ខាង​ក្រោម​នេះ​ជា​សញ្ញា​មួយ​ចំនួន​សម្រាប់​ស្រីៗ​យើង​តាម​ដាន​ខ្លួន​ឯង​ ព្រោះថា​រាងកាយ​យើង​មិន​ដួចគ្នា អាការៈ​ពេល​ពពោះ​ក៏​អាច​ខុស​គ្នា​ដែរ​។​

    . អស់កម្លាំង

    ស្រីៗ​យើង​ខ្លះ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ដំបូង អាច​ថា​មាន​អាការៈ​ឆាប់​ហត់នឿយ អស់​កម្លាំង​ ជាង​ធម្មតា។ ចំណែក​អ្នក​ខ្លះ​ទៀត អស់​កម្លាំង​ល្ហិត​ល្ហៃ​តែ​ម្ដង ក៏​មាន​។​

    . ចង្អោរ

    អាការៈ​ចង្អោរ​ ជា​អាការៈ​ទូទៅ​មួយ​សម្រាប់​ស្រីៗ​ពេល​មាន​ផ្ទៃពោះ។ បើ​សិន​ជា​អាការៈ​ចង្អោរ​បង្ក​ឲ្យ​ក្អួត​ញឹកញាប់ មិន​អាច​ញ៉ាំ​អាហារ​បាន ស្រីៗ​យើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​។

    . ឈឺក្បាល ឬឈឺ​ខ្លួន

    ស្រីៗ​ខ្លះ​អាច​មាន​អាការៈ​ដូចជា​ឈឺ​ក្បាល​ នៅ​ពេល​ចាប់​ផ្ដើម​មាន​ផ្ទៃពោះ​ ហើយ​ខ្លះ​ទៀត​ក៏​អាច​មានការ​ឈឺ​ចាប់​នៅ​ត្រង់​សាច់​ដុំ ឬ​ខ្លួន​ក៏​មាន​។

    . សុដន់​ប្រែ​ប្រួល​

    ការ​ប្រែ​ប្រួល​សុដន់​ក៏​ជា​សញ្ញា​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ។ ស្រីៗ​យើង​សាក​សង្កេត​មើល​ថា​សុដន់​មាន​ឡើង​ធំជា​ង​មុន ឬ​ប្រែ​ប្រួល​សណ្ឋាន​ឬ​យ៉ាងណា។ សុដន់​អាច​ឡើង​តឹង និង​អ្នក​ខ្លះ​អាច​ជួប​បញ្ហា​ស្រៀវ​​ចុង​សុដន់​ផង​ដែរ​។

    . អារម្មណ៍​ប្រែ​ប្រួល​

    អារម្មណ៍​ក៏​ដូច​គ្នា បើ​ស្រីៗ​យើង​សង្កេត​ឃើញ​ថា​ខ្លួន​យើង​មាន​អារម្មណ៍​​មិន​សូវ​ល្អ ប្រែ​ប្រួល​មិន​ទៀត​នោះ​ក៏​ជា​សញ្ញា​មួយ​ដែរ​។ ការ​មាន​ផ្ទៃពោះ​គឺជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំមួយ​ក្នុង​ជីវិត​មនុស្ស​យើង ដែល​អាច ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍។ អ័រម៉ូន​មាន​ផ្ទៃ​ពោះ និង​ការ​ប្រែ​ប្រួល​ផ្នែក​រាង​កាយ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​យើង​​។​

    អាការចាញ់កូន

    . វិល​មុខ​

    អាមារៈ​វិល​មុខ ឬ​វិល​មុខ​ឆាប់​រហ័ស​ភ្លាម​ៗ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ។ ពេល​ខ្លះ​អាការៈ​វិល​មុខ​នេះ​កើត​ឡើង​នៅ​ពេល​យើង​ឃ្លាន ស្រេកទឹក ឬ​ក៏​ក្រោក​ឈរ​ភ្លាមៗ​។

    . តឹង​ច្រមុះ

    អាការៈ​តឹង​ច្រមុះ​អាច​កើត​មាន​នៅ​ពេល​លំហូរ​ឈាម​ក្នុង​រាង​កាយ​​យើង​ប្រែ​ប្រួល ដែល​នាំឲ្យកើត​មាន​សម្ពាធ ឬ​ស្ទះ​នៅ​ច្រមុះ រហូត​អ្នក​ខ្លះ​មាន​ឈាម​ច្រមុះ​ទៀត​ផង​។

    . ធ្លាក់​ស​ខុស​ធម្មតា

    ស្រីៗ​យើង​ខ្លះ​អាច​ជួប​ការ​ប្រែ​ប្រួល​សណ្ឋាន​នៃ​ការ​ធ្លាក់​ស។ ការ​ធ្លាក់​ស​អាច​ប្រែ​ទៅជា​ច្រើន​ជាង​ធម្មតា ឬ​ក៏​មាន​សភាព​ប្លែក​ពី​ធម្មតា។ ការ​មាន​អាការៈ​បែប​នេះ គឺ​ជា​រឿង​ខុស​ប្រក្រតី​ដែល​អាចធ្វើ​ឲ្យ​យើង​ឈឺ ឬ​រមាស់​ត្រង់​ទ្វារ​មាស។ ដូច​នេះ បើ​ស្រីៗ​យើង​ជួប​បញ្ហា​ទាំង​នេះ គូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

    . ធ្លាក់ឈាម​

    សម្រាប់​ស្រីៗ​យើង​ខ្លះ​ទៀត​អាច​ជួប​អាការៈ​ដូចជា​មាន​ធ្លាក់ឈាម​តិចៗ ពិសេស​នៅ​ដើម​ត្រី​មាស​ទី​មួយ​នៃ​ការ​មាន​ផ្ទៃ​ពោះ។ ប៉ុន្តែ​បើ​ស្រីៗ​យើង​ឃើញ​មាន​ធ្លាក់​ឈាម​ច្រើន ឬ​ក្រហម​ក្រម៉ៅគួរ​ប្រ​ញាប់​ទៅ​ជួប​គ្រូពេទ្យ​។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.medicalnewstoday.com/articles/first-trimester-of-pregnancy#symptoms

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 16/12/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត