ជាទូទៅ ការសម្រាលកូនដោយធម្មជាតិ ជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ម៉ាក់ៗ ព្រោះវាមានគុណសម្បត្តិច្រើនជាងមធ្យោបាយក្នុងការសម្រាលកូនដទៃទៀត។ យ៉ាងណាមិញ ទារកសម្រាលធម្មជាតិក៏អាចជួបផលពិបាក ឬគ្រោះថ្នាក់យថាហេតុមួយចំនួនដែរដូចជា បញ្ហាជាប់ស្មាលើទារកជាដើម។
ក្នុងពេលសម្រាលតាមធម្មជាតិ បញ្ហាជាប់ស្មាលើទារកកើតឡើងដោយសារស្មាទារកជាប់គាំងនៅក្នុងឆ្អឹងអាងត្រគាករបស់ម៉ាក់ៗ បើទោះបីជាក្បាលចេញមកហើយក៏ដោយ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
លោកថា បញ្ហាជាប់ស្មានេះ ជាករណីកម្រជួប ប៉ុន្តែវាមាផលពិបាកធ្ងន់ធ្ងរនៃការសម្រាលកូនរបៀបនេះ គឺចាំបាច់តម្រូវឲ្យមានការធ្វើអន្តរាគមផ្នែកសម្ភពជាក់លាក់ ដើម្បីកូនកើតមកគ្មានគ្រោះថ្នាក់។ បញ្ហាជាប់ស្មាលើទារកមាន ២ ប្រភេទដូចជា៖
១. ទារកជាប់ស្មាមិនជាក់លាក់ត្រូវបានគេហៅថា “ការលំបាកស្មា” មានអត្រា ៤-៥ នាក់ក្នុង ១ ០០០ ករណី។ ទីតាំងស្មាក្រោយរបស់ទារកអាចទើសនឹងឆ្អឹងថ្ងាសអាងត្រគាកម្ដាយ។
២. ជាប់ស្មាពិតប្រាកដ វាជាករណីធ្ងន់ធ្ងរជាងនេះទៅទៀត មាន ១ ក្នុង ៤ ០០០ ករណី និងការសម្រាលកូន ១ ដងក្នុង ៥ ០០០ ករណី ហើយត្រូវបានកំណត់ដោយអវត្ដមានទាំងស្រុងនៃការលូនចូលរបស់ស្មាទារកនៅក្នុងអាងត្រគាកម្ដាយ។
![](https://cdn.hellokrupet.com/wp-content/uploads/2021/12/ទារកទើបកើត៣.jpg)
ទន្ទឹមនឹងនេះ វេជ្ជបណ្ឌិតរូបនេះបានឲ្យដឹងទៀតថា មូលហេតុនាំឲ្យមានបញ្ហាជាប់ស្មាលើទារកមាន ២ ប្រភេទសំខាន់ៗគឺ កត្តាមកពីស្បូនម្តាយមានបញ្ហា (ការកន្ត្រាក់ស្បូនមិនធម្មតា បញ្ហាមាត់ស្បូនបើកមិនបានល្អ សុកពាំងមាត់ស្បូន ឆ្អឹងអាងត្រគាកខូចទ្រង់ទ្រាយ ឬតូចចង្អៀតពេក… )។ ចំណែកកត្តាមួយទៀតមកពីទារក (គភ៌ធំពេក ការបង្ហាញទម្រង់កូនមានភាពមិនប្រក្រតី ស្មាកូនធំពេក)។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា ប្រសិនបើកូនជាប់ស្មាពិតប្រាកដ គឺជារឿងដ៏លំបាកក្នុងពេលសម្រាលកូន ហើយគ្រូពេទ្យបានកំណត់យ៉ាងច្បាស់នូវកត្តាហានិភ័យមួយចំនួនដូចជា ទារកថ្លោសពេកធំជាង ៤ គីឡូ កូនចាស់ខែ ម្ដាយឡើងទម្ងន់ច្រើនពេលពពោះ។
អត្ថបទគួរអាន៖