អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

    អំឡុងពេលវះកាត់សម្រាលកូន ម៉ាក់ៗក៏អាចចងដៃស្បូនពន្យារកំណើតតែម្ដង!

    ទោះ​ជា​ការ​សម្រាល​ដោយ​វះកាត់​មិន​ល្អ​ដូច​សម្រាល​តាម​ធម្មជាតិ​ក៏​ដោយ តែ​ម៉ាក់​ៗ​មាន​បញ្ហា​មួយ​ចំនួន​ដូចជាមានបញ្ហា​សុក​ពាំង​មាត់​ស្បូន កូន​ទទឹង​ពោះ សុក​រុំ​ក​កូន​ច្រើន​ជុំ និង​បញ្ហា​សុខភាព​របស់​ស្ត្រី​ដទៃ​ទៀត ការ​សម្រាល​ដោយ​វះ​កាត់​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​បាន។

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា គ្រូពេទ្យ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​សម្រាលកូន​តាម​វិធី​វះកាត់​ទេ លើកលែង​បញ្ហា​មួយ​ចំនួន​ដូច​បាន​រៀបរាប់​នោះ។ លោក​បាន​បន្ថែម​ទៀត​ថា ក្រោយ​វះកាត់​សម្រាល​កូន​រួច ប្រសិនបើ​យើង​លែង​ចង់​បាន​កូន​ទៀត និង​ចង់​ពន្យារ​កំណើត​រហូត អាច​ចង​ដៃ​ស្បូន​នៅ​ពេល​នោះ​តែ​ម្ដង ដើម្បី​កុំឲ្យ​ត្រូវ​វះកាត់​ម្ដង​ទៀត។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ រូបនោះ បាន​បន្ត​ទៀត​ថា ការ​ចង​ដៃ​ស្បូន​អំឡុង​ពេល​វះកាត់​សម្រាល​កូន​នេះ គ្មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ស្ត្រី​នោះ​ទេ គ្រាន់តែ​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​មុន មិនមែន​វះកាត់​បណ្ដើរ​ស្នើ​សុំ​បណ្ដើរនោះ​ទេ ព្រោះ​តាំងពី​មុន​ពេល​វះ ឬ​អំឡុង​ពេល​វះកាត់​គ្រូពេទ្យ​ត្រូវ​ការ​រៀបចំ​សម្ភារៈ និង​ឧបករណ៍​ជាច្រើនមុខ ដើម្បីជួយសង្គ្រោះពេលមានបញ្ហាកើតឡើង។

    មួយ​វិញ​ទៀត​ការ​វះកាត់​ចង​ដៃស្បូន ត្រូវ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន មុនពេលយើងសម្រេចចិត្តធ្វើរឿងនេះ ហើយ​ក្នុង​ស្ថានភាព​ខ្លះ គ្រូពេទ្យ​ក៏​មិន​អនុញ្ញាត​ឲ្យ​ចង​ដែរ ព្រោះ​ថា​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ ឬមិនទាន់មានកូនទៅតាមចំនួនកំណត់ដែលចង់បាន។

    វិធី​វះកាត់​ចង​ដៃស្បូន គឺជា​ការ​ចង​ផ្ដាច់បំពង់​ដៃស្បូន​របស់​ស្ត្រី។ ដៃស្បូន​របស់​ស្ត្រី​ជា​ធម្មតា​ជា​អ្នក​នាំ​មេ​ជីវិត​ញី​​ចូល​ក្នុង​តួស្បូន។ ការ​ចង​ផ្ដាច់​ដៃស្បូន​ទប់ស្កាត់​មិន​ឲ្យ​មេ​ជីវិត​ញី និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា ដូច្នេះ​មិន​អាច​មាន​ផ្ទៃពោះ​បាន​ទៀត​ឡើយ។ ការ​វះកាត់​ចង​ដៃ​ស្បូន គឺជា​ការ​វះកាត់​ត្រង់​ពោះ​បន្តិច​​ឆាប់​រហ័ស និង​មាន​សុវត្ថិភាព។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 27/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត