ក្រោយសម្រាលកូនហើយ ចាស់ៗតែងហៅថា ស្រីៗ «កូនខ្ចី» និងតម្រូវឲ្យអ្នកកូនខ្ចីនោះ នៅស្ងៀមមិនត្រូវធ្វើអ្វីទាំងអស់រាប់ខែ រហូតចូលដល់ឆ្នាំទៀតផង ព្រោះគិតថាការធ្វើការងារសម្រាប់អ្នកសម្រាលកូនរួច បណ្ដាលឲ្យទាស់។
ក្រោយសម្រាលកូនហើយ ចាស់ៗតែងហៅថា ស្រីៗ «កូនខ្ចី» និងតម្រូវឲ្យអ្នកកូនខ្ចីនោះ នៅស្ងៀមមិនត្រូវធ្វើអ្វីទាំងអស់រាប់ខែ រហូតចូលដល់ឆ្នាំទៀតផង ព្រោះគិតថាការធ្វើការងារសម្រាប់អ្នកសម្រាលកូនរួច បណ្ដាលឲ្យទាស់។
វេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងថា ពាក្យកូនខ្ចីរបស់ចាស់ៗពីមុន គឺក្រោយសម្រាលស្រីៗត្រូវស្លៀកពាក់ជិតៗ ពាក់មួក គ្របត្រចៀក ឬមានសម្លីញ៉ុកត្រចៀកកុំឲ្យចូលខ្យល់ ពាក់ស្រោមជើង និងសម្រាកនៅស្ងៀមរាប់ខែមិនធ្វើអ្វីសោះ។ លោកពន្យល់ថា ក្រោយសម្រាលកូនបាន ៤៥ ថ្ងៃ គេលែងហៅថាកូនខ្ចីទៀតហើយ ព្រោះជាពេលដែលអាចមករដូវ និងរួមភេទបានឡើងវិញ ដែលនេះជានិយមន័យនៃពាក្យកូនខ្ចីត្រឹមត្រូវតាមក្បួនពេទ្យ។ ជាធម្មតាស្ត្រីនឹងចាប់ផ្ដើមមករដូវវិញនៅចន្លោះ ៣ ទៅ ១០ សប្ដាហ៍ក្រោយសម្រាលកូន ឬជាមធ្យម ៤៥ ថ្ងៃ តែលក្ខខណ្ឌនេះក៏មានភាពខុសៗគ្នាទៅតាមស្ត្រីម្នាក់ៗ អាស្រ័យលើសុខភាពកាយ ចិត្ត និងរបៀបនៃការបំបៅកូន។
សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបន្ថែមទៀតថា មុនរយៈពេល ៤៥ ថ្ងៃនេះម៉ាក់ៗក៏អាចទៅផ្សារ ធ្វើម្ហូប បោសផ្ទះ បោកសម្លៀកបំពាក់ ធ្វើការងារគ្រប់យ៉ាងគ្រាន់តែកុំសូវធ្វើធ្ងន់ដែលហួសពីកម្លាំងយើង និងអាចដើរហើរលេងឆ្ងាយក៏បាន គ្រាន់តែត្រូវចេះការពារខ្លួនកុំឲ្យឈឺ ព្រោះបើឈឺដូចជាផ្ដាសាយ ក្អក អាចឆ្លងទៅទារកបាន ហើយកូននៅតូចឈឺមិនមែនស្រួលក្នុងការបញ្ចុកថ្នាំឡើយ។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែតបន្តថា ចាស់ៗច្រើនបង្គាប់ស្ត្រីសម្រាលកូនរួចមិនឲ្យញ៉ាំអាហារមានបន្លែ ព្រោះខ្លាចកូនហើមពោះ។ តែក្បួនវិជ្ជាសាស្ត្រគេហាមតែបន្លែឆៅ បន្លែលាងមិនស្អាត ប៉ុណ្ណោះក្រៅពីនោះញ៉ាំបានធម្មតា ដើម្បីសម្បូរទឹកដោះឲ្យកូនបៅ។ មួយវិញទៀតការមិនឲ្យត្រូវទឹកភ្លៀង ឬចេញក្រៅមានអាកាសធាតុត្រជាក់ ក៏ជួយការពារមិនឲ្យឈឺបានដែរ គ្មានទាក់ទងនឹងរឿងទាស់អ្វីទេ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕