ចាស់ៗពីដើមតឹងតែងខ្លាំងណាស់ចំពោះរបបអាហារស្ត្រីក្រោយសម្រាលកូនរួច បារម្ភខ្លាចញ៉ាំទៅជាទាស់ នាំទុក្ខដល់ខ្លួន និងកូនទើបកើត។ ក្នុងនោះចាស់ៗ ហាមមិនឲ្យម៉ាក់ៗញ៉ាំក្បាលជ្រូក និងផ្លែខ្នុរដាច់ខាត។
តើការញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យស្ត្រីក្រោយសម្រាលកូនរួច ទាស់មែនឬយ៉ាងណា? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ ថា មិនមែនជាពិតនោះទេ។
ការទាស់ចំណីអាហារក្រោយសម្រាលកូន ទៅជាធេងធោង ក្អួតចង្អោរ រាករូស លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អាចមកពីការញ៉ាំចំណីអាហារមិនមានអនាម័យ មិនឆ្អិនល្អ ឬមិនបានលាងសម្អាតត្រឹមត្រូវ គឺមិនមែនមកពីការញ៉ាំក្បាលជ្រូក ឬផ្នែកខ្នុរនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់
- បែបនេះសោះបានជាពេទ្យហាមស្រីៗសម្រាលកូនរួច មិនឲ្យផឹកថ្នាំខ្មែរ
បន្ថែមពីលើនោះ លោកវេជ្ជបណ្ឌិតថា ក្បួនពេទ្យក្រោយសម្រាលកូនរួច មិនតម្រូវឲ្យម៉ាក់ៗតមអាហារនោះទេ លើកលែងអាហារផ្អាប់ គឺឲ្យញ៉ាំគ្រប់មុខ ឲ្យតែចំណីអាហារនោះមានអនាម័យ ចម្អិនបានឆ្អិនល្អ ។ ក្នុងនោះស្ត្រីដែលបំបៅដោះកូន ចាំបាច់ត្រូវគិតពីចំណីអាហារបន្តិច បើញ៉ាំចំណីអាហារមិនល្អ មិនត្រឹមតែឈឺម្តាយទេ កូនក៏ឈឺដូចគ្នា ដោយសារកូនទទួលសារធាតុទាំងនោះពីទឹកដោះម្តាយ។