ម៉ាក់ៗស្ទះទឹកដោះក្រោយសម្រាល គួរដោះស្រាយបែបណា?

    ម៉ាក់ៗស្ទះទឹកដោះក្រោយសម្រាល គួរដោះស្រាយបែបណា?

    ការស្ទះទឹកដោះក្រោយសម្រាលអាចកើតឡើងចំពោះម៉ាក់ៗមួយចំនួន ដែលបណ្តាលឱ្យតឹង និងឈឺសុដន់ ហើយអាចមិនមានទឹកដោះឱ្យអាអូនបៅ។ ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការៈអ្វីខ្លះ? ហើយគួរ​ធ្វើ​ម៉េច?

    ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការៈដូចជា៖

    • មានដុំរឹងនៅក្នុងសុដន់
    • តំបន់ជុំវិញដុំរឹងនៅក្នុងសុដន់អាចឡើងក្រហម ហើម និងក្តៅ
    • តឹង និងឈឺសុដន់
    • មិនចេញទឹកដោះ ឬចេញតិចៗ

    ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចសាកល្បងតាមវិធីដូចខាងក្រោម ព្រោះបើទុកយូរ​អាច​បណ្តាល​ឱ្យម៉ាក់ៗរលាកសុដន់៖

    ១. បំបៅដោះ ឬបូមទឹកដោះ

    ម៉ាក់ៗគួរបំបៅដោះ ឬបូមទឹកដោះខាងសុដន់ដែលស្ទះ (អាចម្ខាង ឬសងខាង) រៀងរាល់​មួយម៉ោង​កន្លះ​ទៅពីរម៉ោងម្តងដើម្បីជួយបង្ហូរទឹកដោះ និងបើកបំពង់ទឹកដោះដែលស្ទះ។

    ២. ច្រចាច់ទឹកដោះឱ្យចេញអស់ពីសុដន់

    ពេលម៉ាក់ៗបំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗត្រូវប្រាកដថាគ្មានទឹកដោះនៅសល់ក្នុងសុដន់។ បន្ទាប់​ពី​បំបៅដោះរួច ម៉ាក់ៗ​គួរច្រចាច់​សុដន់​មើល ថាតើនៅមានទឹកដោះចេញមកទៀតទេ? បើនៅមាន​ ម៉ាក់ៗគួរបន្តបំបៅ​អាអូន ឬបូមទឹកដោះបន្ត​រហូត​ដល់អស់ដើម្បីកុំឱ្យទឹកដោះស្ទះបំពង់ទឹកដោះ​ នៅពេលក្រពេញទឹកដោះ​ផលិត​ទឹកដោះ​ថ្មី។

    ៣. ស្អំទឹកក្តៅ

    មុនបំបៅ ឬបូមទឹកដោះ ម៉ាក់ៗអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ ពូតឱ្យស្ងួតបន្តិច ​រួច​ស្អំ​សុដន់កន្លែងដែលស្ទះ ១៥-២០ នាទីដើម្បីបើកបំពង់ទឹកដោះ។

    ម្យ៉ាងទៀត ការងូតទឹកក្តៅឧណ្ហៗ​ក៏​អាចជួយបានដែរ។ ពេលងូតទឹក ម៉ាក់ៗត្រូវបង្ហូរទឹកក្តៅឧណ្ហៗលើសុដន់ដែលស្ទះ​ ហើយម៉ាក់ៗ​ក៏​អាច​យក​ក្រាសដែលមានធ្មេញធំៗ​មកសិតថ្នមៗពីគល់សុដន់មកចង់សុដន់​ដើម្បី​ជួយបើកបំពង់​ទឹក​ដោះ​ដែលស្ទះដែរ។

    ៤. ប្តូរឥរិយាបថក្នុងការបំបៅ

    ម៉ាក់ៗអាចប្តូរឥរិយាបថក្នុងការបំបៅអាអូនដូចជា អង្គុយបំបៅ​​ដោយដាក់អាអូននៅក្រោម​ដោះ​ម៉ាក់ៗដើម្បីឱ្យទំនាញផែនដី​ជួយ​បង្ហូរទឹកដោះពីដោះម៉ាក់ៗ។

    លើសពីនេះទៅទៀត ពេល​បំបៅ ម៉ាក់ៗគួរដាក់ចង្កា និងច្រមុះ​អាអូន​ឱ្យចំកន្លែងដែលមានដុំរឹង ដូច្នេះពេលអាអូនបៅ អាអូន​នឹងបៅចំបំពង់​ទឹកដោះដែលស្ទះ ហើយចង្កាអាអូនអាចប៉ះកន្លែងដែលមានដុំរឹង ក៏ដូចជា​ជួយ​ម៉ាស្សា​ឱ្យម៉ាក់ៗដែរ។

    បំបៅដោះ

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ៥. ម៉ាស្សាសុដន់

    មុនពេល ឬពេលម៉ាក់បំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗគួរម៉ាស្សាសុដន់ដែលស្ទះដោយ​ចាប់ផ្តើម​ពី​តំបន់​ដែលមានដុំរឹង​រហូតដល់ចុងសុដន់ជាចលនា​រង្វង់ដើម្បីជួយបើកបំពង់ទឹកដោះ។

    ៦. ចៀសវាងពាក់អាវទ្រនាប់តឹងពេក

    ម៉ាក់ៗគួរបន្ធូរអាវទ្រនាប់បន្តិច កុំពាក់អាវទ្រនាប់តឹងពេក និង​ចៀសវាង​ពាក់អាវទ្រនាប់ដែលមានកង​ទ្រពីក្រោមដើម្បីកុំឱ្យទឹកដោះស្ទះកាន់តែខ្លាំង។

    ៧. ញុំាថ្នាំបំបាត់ការឈឺចាប់

    ម៉ាក់ៗអាចញុំាប៉ារ៉ាសេតាម៉ុលដើម្បីបំបាត់ការឈឺចាប់។ បើម៉ាក់ៗចង់​ញុំា​ថ្នាំផ្សេង ម៉ាក់ៗគួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជាមុនសិន។ ជាងនេះទៅ​ទៀត ម៉ាក់ៗបំបៅដោះមិនអាចញុំាថ្នាំអាស្ពីរីនបានទេ។

    ការស្ទះទឹកដោះក្រោយសម្រាលអាចបណ្តាលឱ្យម៉ាក់ៗរលាកសុដន់ ប្រសិន​បើទុកយូរ ដូច្នេះ​ប្រសិន​បើអាការៈម៉ាក់ៗមិនធូរស្រាលក្នុងរយៈពេលពីរបីថ្ងៃទេ ឬអាការៈម៉ាក់ៗកាន់តែធ្ងន់ទៅៗ ម៉ាក់ៗ​គួរ​ទៅ​ជួបគ្រូពេទ្យ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖
    • បំបៅដោះ ឬបូមទឹកដោះ
    • ច្រចាច់ទឹកដោះឱ្យចេញអស់ពីសុដន់
    • ស្អំទឹកក្តៅ
    • ម៉ាស្សាសុដន់
    • ចៀសវាងពាក់អាវទ្រនាប់តឹងពេក
    • ប្តូរឥរិយាបថក្នុងការបំបៅ
    • ញុំាថ្នាំបំបាត់ការឈឺចាប់

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ 23/03/2022

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម