ការពពោះទទួលសមាជិកថ្មីគួរតែជាពេលវេលារីករាយបំផុតក្នុងជីវិតគ្រួសារ ប៉ុន្តែតាមពិតវាមិនផ្ដល់ភាពរីករាយសម្រាប់មនុស្សស្រីគ្រប់រូបទេ។ តាមពិតទៅ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ និងសម្រាលកូនដែលប្រែក្លាយពីភាពរីករាយទៅជាទុក្ខព្រួយ ភាពឯកា និងភាពសោកសៅ។
បញ្ហាសុខភាពផ្លូវចិត្តរបស់ស្ត្រីពពោះអាចកើតឡើងគ្រប់ពេលនៅអំឡុងពេលពពោះ ដូចជាបញ្ហាថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ឬជំងឺស្ត្រេសរ៉ាំរ៉ៃជាដើម។ កត្តាដែលបណ្ដាលឲ្យស្ត្រីពពោះកើតមានបញ្ហាផ្លូវចិត្តទាំងប៉ុន្មាននេះមានច្រើន ហើយភាគច្រើនបណ្ដាលមកពីបរិយាកាសជុំវិញខ្លួន ឬភាពភ័យខ្លាចនៃការសម្រាលកូន និងខ្លាចចិញ្ចឹមកូនមិនបានល្អជាដើម។
ជាទូទៅ រោគសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្តអំឡុងពេលពពោះមិនបង្ហាញសញ្ញាជាក់លាក់អ្វីមួយនោះទេ តែវាអាចចេញសញ្ញានៃជំងឺបាក់ទឹកចិត្ត មានអារម្មណ៍សោកសៅ អស់សង្ឃឹម ឯកោ ឬឆាប់ខឹង ឆេវឆាវ។ លើសពីនេះ ស្ត្រីដែលមានបញ្ហាសុខភាពផ្លូវចិត្ត ច្រើនតែនិយាយថា ពួកគេអស់កម្លាំងណាស់ ប៉ុន្តែគេងមិនលក់ គិតច្រើនពេលម៉ោងត្រូវសម្រាកទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ ម៉ាក់ៗពពោះត្រូវដឹងថា ការមានអារម្មណ៍សោកសៅ ឬពិបាកចិត្តមិនមែនជាកំហុសរបស់ខ្លួននោះទេ ហើយបញ្ហាសុខភាពផ្លូវចិត្តអំឡុងពេលពពោះអាចដោះស្រាយបាន ដើម្បីជួយឲ្យអារម្មណ៍សុខភាពខ្លួន និងកូនក្នុងផ្ទៃល្អដូចជា៖
– ស្រលាញ់ខ្លួនឯង (ញ៉ាំ គេង សម្រាក និងហាត់ប្រាណគ្រប់គ្រាន់)
– រកជំនួយពីដៃគូរ ឬមនុស្សជុំវិញខ្លួនពេលមិនសប្បាយចិត្ត
– ចៀសវាងនៅម្នាក់ឯង គួរចេញដើរលេងលំហែកាយខ្លះ
– រកជំនួយពីគ្រូពេទ្យជំនាញ ជាដើម។